រាជធានីភ្នំពេញ ៖សម័យកាលពិតជាបានផ្លាស់ប្ដូរទំនៀមទម្លាប់មួយចំនួនរបស់ស្ត្រីខ្មែរយើង ។ ពេលនេះកោះសន្តិភាពសូមលើកយកចំណុចមួយមកបង្ហាញ នោះគឺរបៀបរបបនៃការធ្វើដំណើររបស់ស្ត្រី ដោយការជិះកង់ ឬម៉ូតូ។ ត្រង់ចំណុចនេះប្រិយមិត្តអ្នកអានប្រាកដជាបានដឹង និងឃើញ គ្រប់ៗគ្នា គ្រាន់តែមិនបានចាប់អារម្មណ៍ប៉ុណ្ណោះ ។
បើតាមទំនៀមទម្លាប់តាំងពីសម័យ មុនៗមក ពេលធ្វើដំណើរទៅណាមកណាដោយការជិះទោចក្រយាន ឬទោចក្រយានយន្តមានអ្នកឌុបនោះ ស្ត្រីតែងតែអង្គុយចំហៀងសំយុងជើងបែរមុខទៅខាងឆ្វេង ឬខាងស្ដាំទៅតាមអ្វីដែលខ្លួនអង្គុយបាន ។ បើតាមការសង្កេតទម្លាប់នេះបានកើតមានឡើងរហូតមកដល់អំឡុងឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩០ ។
ប៉ុន្តែទំនៀមទម្លាប់មួយនេះបានប្រែប្រួលទៅតាមការវិវឌ្ឍនៃសម័យកាល នីមួយៗស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ ។ ការផ្លាស់ប្ដូរទំនៀមទម្លាប់មួយនេះស្ទើរតែទាំងស្រុងនៅអំឡុងពេលក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ហើយមកដល់បច្ចុប្បន្ននេះស្ទើរតែផ្លាស់ប្ដូរទាំងស្រុង ។ ការធ្វើដំណើរទៅណាមកណារបស់ស្ត្រីខ្មែរនាសម័យទំនើបនេះតាមរយៈការជិះកង់ ឬម៉ូតូលែងអង្គុយចំហៀងទៀតហើយ ដោយស្ត្រីនិយមអង្គុយពាក់កៀវ ។ ថ្វីដ្បិតតែបាត់បង់ទំនៀមទម្លាប់ពីបុរាណ ប៉ុន្តែវាមានសុវត្ថិភាព និងស្រួលអង្គុយក្នុងការធ្វើដំណើរ ។
បើតាមលោកតាភិន សុខ អាយុ៨២ឆ្នាំ ជាចាស់ព្រឹទ្ធាចារ្យមួយរូបមានស្រុកកំណើតនៅខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានប្រសាសន៍កាលពីពេល ថ្មីៗកន្លងមកថា លោកតាមិនមែនជាសាស្ត្រាចារ្យផ្នែកវប្បធម៌ទេ ប៉ុន្តែគ្រាន់តែបានដឹងពីទំនៀមទម្លាប់តពីដូនតាមកថា ការជិះចំហៀងគឺសម្តៅទៅលើស្ត្រីដែលជិះកង់ ឬម៉ូតូខាងក្រោយដោយមានអ្នកឌុប ។ ការប្រៀនប្រដៅឱ្យស្ត្រីជិះដោយអង្គុយចំហៀងបែបនេះក៏ព្រោះតែមានមូលហេតុមួយចំនួន៖
ទី១-ស្ត្រីខ្មែរមានលក្ខណៈសម្បត្តិរមទម សុភាពរាបសា ដូច្នេះការជិះពាក់កៀវបែបញែកកន្ធែកជើងត្រូវបានដូនតាចាត់ទុកថាជាការអាសអាភាសមិនសមជាស្ត្រីខ្មែរឡើយ។
ទី២-កាលណាស្ត្រីជិះពាក់កៀវធ្វើឱ្យសុដន់របស់ខ្លួនប៉ះខ្នងអ្នកឌុប ហើយបើអ្នកឌុបនោះទៀតសោតគឺជាបុរសផងបណ្ដាលឱ្យបាត់បង់តម្លៃ និងភាពថ្លៃថ្នូរ ព្រមទាំងប៉ះពាល់កិត្តិយសខ្លួនឯងផងនិងពូជពង្សវង្សត្រកូលគ្រួសារផងដែរ ។
ទី៣-ស្ត្រីដែលជិះដោយការអង្គុយចំហៀងមើលទៅពិតជាមានភាពថ្លៃថ្នូរជាស្ត្រីមានលក្ខណៈសម្បត្តិជាស្ត្រីខ្មែរ ពិតៗ សុភាពរាបសា ស្រគតស្រគំ ដែលរស់នៅក្នុងប្រទេសពោរពេញទៅដោយទំនៀមទម្លាប់ និងប្រពៃណីវប្បធម៌សម្បូរបែប និងចាកផុតពីការនិយាយនិន្ទាពីអ្នកផងទាំងពួង ។
ទី៤-ស្ត្រីជំនាន់មុនមិនសូវនិយមស្លៀកខោចូលចិត្តស្លៀកតែសំពត់ដែលនាំឱ្យលំបាកក្នុងការអង្គុយពាក់កៀវ ហើយបើស្លៀកសំពត់ទៅអង្គុយពាក់កៀវនោះមើលទៅដូចជាមិនសមខ្លាំងណាស់ ។
មិនតែប៉ុណ្ណោះមិនថាតែការធ្វើដំណើរដោយទោចក្រយាន ឬទោចក្រយានយន្តប៉ុណ្ណោះទេ សូម្បីតែការដើរដោយថ្មើរជើងក៏មានរបៀបដែរ គឺមិនឱ្យដើរបញ្ឆឹកដី ទន្ទ្រាំជើង ខ្លាំងៗ លាន់ឮដល់អ្នកដទៃទេ ត្រូវតែប្រើជើង ស្រាលៗក្នុងការដើរ ។
លោកតាភិន សុខ បានបន្តថា ដោយឡែក បច្ចុប្បន្នដែលជាសម័យកាលទំនើប និងស៊ីវិល័យនេះមិនអាចនិយាយដូចសម័យកាលបុរាណបានទៀតទេ ស្របតាមការវិវឌ្ឍរបស់ប្រទេសជាតិ និងសាកលលោក ។ គួបផ្សំទៅនឹងវប្បធម៌បរទេសហូរចូលខ្លះផងនោះ បានធ្វើឱ្យទំនៀមទម្លាប់មួយចំនួននៅក្នុងសង្គមខ្មែរយើងត្រូវផ្លាស់ប្ដូរ ។ សព្វថ្ងៃនេះមិនថាតែនៅរាជធានី ទីក្រុង ឬជនបទនោះទេ ទំនៀមទម្លាប់ជិះដោយអង្គុយចំហៀងរបស់ស្ត្រីបានផ្លាស់ប្ដូរស្ទើរតែទាំងស្រុងទៅហើយ ។
លោកតាភិន សុខ សង្កេតឃើញថា ស្ត្រីបានជិះកង់ ឬម៉ូតូពីក្រោយដោយមានអ្នកឌុបដោយការពាក់កៀវស្ទើរ គ្រប់ៗគ្នា ហើយការជិះបែបនេះថ្វីដ្បិតតែមើលទៅបែបកន្ធែកជើងធ្វើឱ្យបាត់បង់ទំនៀមទម្លាប់ពីបុរាណពិតមែន ប៉ុន្តែមានសុវត្ថិភាព និងស្រួលជិះក្នុងពេលធ្វើដំណើរ ព្រោះនៅតាមដងផ្លូវនាសម័យទំនើបនេះចរាចរណ៍មានភាពមមាញឹក។
នៅតាមដងផ្លូវក្រៅពីកង់ ឬម៉ូតូ គឺមានរថយន្តគ្រប់ម៉ាក គ្រប់ធុន និងគ្រប់ស៊េរីនោះ បើម៉ូតូវិញមានសុទ្ធតែស៊េរី ទំនើបៗថែមទៀតផង ដូច្នេះស្ត្រីមិនអាចជិះចំហៀងទៀតបានឡើយព្រោះវាអាចជាមូលហេតុនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរ ។ ដូច្នេះហើយទើបស្ត្រីទូទៅធ្វើដំណើតាមម៉ូតូគឺអង្គុយពាក់កៀវដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ មិនដូចសម័យបុរាណឡើយដែលគ្មានយានជំនេះសម្បូរបែប និងមិនទាន់មានភាពស៊ីវិល័យ ពិសេសស្ត្រីតែងអនុវត្តខ្ជាប់ខ្ជួនទំនៀមទម្លាប់ ។
ទាំងនេះបញ្ជាក់ឱ្យឃើញថាពីសម័យកាលមួយទៅសម័យកាលមួយមានការវិវឌ្ឍ ខុសៗគ្នា ហើយស្ត្រីខ្មែរបច្ចុប្បន្នភាគច្រើនចេះបើកបរម៉ូតូ និងមួយចំនួនទៀតចេះបើកបរទាំងរថយន្តដោយខ្លួនឯងថែមទៀតផង ៕
ចែករំលែកព័តមាននេះ