ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអីប៉េអឹម​ត្រូវ​ចាប់ម្ចាស់​គណនី​«​យមរាជ លោកីយ៍​»​ឈ្មោះសន សំនៀង នេះ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ប្រកាស​ថា ការ​បង្ហោះ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​ក​របស់​គណនី​ឈ្មោះ «​យមរាជ លោកីយ៍​» និង​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ព័ត៌មាន​មួយ​ចំនួន​ ដែល​ជា​ព័ត៌មាន​មិន​ពិត​ បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​កងរាជអាវុធហត្ថ​ ។…

រាជធានី​ភ្នំពេញ ៖ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ប្រកាស​ថា ការ​បង្ហោះ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​ក​របស់​គណនី​ឈ្មោះ «​យមរាជ លោកីយ៍​» និង​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ព័ត៌មាន​មួយ​ចំនួន​ ដែល​ជា​ព័ត៌មាន​មិន​ពិត​ បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​កងរាជអាវុធហត្ថ​ ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ។

ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កងរាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស​នេះ ដោយសារ​ប៉ុន្មាន​ថ្ងៃនេះ គណនី​
ហ្វេ​សបុ​៊​ក ​«​យមរាជ លោកីយ៍​» ដែល​មានឈ្មោះ សន សំនៀង អតីត​ជា​នាយកងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដែល​ត្រូវ​បាន​លុបឈ្មោះ​ចេញពី​ក្រប​ខណ្ឌ​កងរាជអាវុធហត្ថ ​ដោយ​ក្រុមប្រឹក្សាវិន័យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ តាំងពី​ឆ្នាំ​២០១៧ បាន​និយាយ​ព័ត៌មាន​មិន​ពិត ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​ថា ការ​លុបឈ្មោះ​នេះ ដោយសារ​​បុគ្គល​ឈ្មោះ សន សំនៀង ប្រព្រឹត្ត​ខុសឆ្គង​ជា​បន្តបន្ទាប់​ម្តង​ហើយ​ម្តងទៀត​ ដូច​ជា​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​នៅ​នឹង​កន្លែង បាញ់បោះ​សេរី និង​បាន​ប្រើ​ហិង្សា​លើ​បងថ្លៃ​ស្រី​ម្នាក់​ បណ្តាល​ឱ្យ​សន្លប់ ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទុក​ឱកាស​ឱ្យ​បុគ្គល​ឈ្មោះ សន សំនៀង ដើម្បី​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នេះ ហើយ​បើសិនបើ​បុគ្គល​នេះ ​នៅ​តែ​បន្ត​ផ្សាយ​ព័ត៌មាន​មិន​ពិត ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​កង​រាជអាវុធហត្ថ​ទៀត បុគ្គល​នេះ​នឹង​ត្រូវ​បាន​ចាត់ការតាម​ផ្លូវច្បាប់ ។

ឈ្មោះ សន សំនៀង គឺជា​អតីត​មេបញ្ជាការ​រង​កង​អាវុធហត្ថ​ស្រុក​បារាយណ៍ មាន​ឋានន្តរស័ក្តិ​ជា​អនុ​សេនីយ៍ឯក ។ ការ Live តាម​បណ្តាញ​សង្គម​នោះ ត្រូវ​បាន​លោក សន សំនៀង ដែល​មាន​គណនី​ឈ្មោះ​
«​យមរាជ លោកីយ៍​» លាតត្រដាង​រឿងរ៉ាវ​ជា​ច្រើន ​ដែល​លោក​ចាត់​ទុកថា​ ជា​រឿង​អយុត្តិធម៌ តែងតែ​កើតឡើង​ចំពោះមន្ត្រី​ស្លូតត្រង់ និង​ក៏​បាន​អំពាវនាវ​ដល់​ប្រមុខរាជរដ្ឋាភិបាល​ឲ្យ​ជួយ​ផង​ដែរ ។

ការ​ទម្លាយ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​បាន​ញ័រ​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ គឺ​ការ​និយាយ​ទាក់ទិន​ទៅ​នឹង​ការ​ចាប់​គ្រឿងញៀន​ទម្ងន់​១៧២​គីឡូក្រាម ដែល​ជា​ចំនួន​មួយ​ដ៏​ច្រើន​បំផុត​ដែល​ជា​ទូទៅ​គេ​មិន​បានដឹង​នោះ​ទេ ពី​ការ​ចាប់​គ្រឿងញៀន​នោះ​កាលពី​ឆ្នាំ​២០១៣ ។

តាម​ម្ចាស់​គណនី​ «​យមរាជ លោកីយ៍​»​ឈ្មោះ សន សំនៀង ថា ដោយសារ​តែ​ការ​ចាប់​គ្រឿងញៀន​នោះ​ហើយ ទើប​លោក​ត្រូវ​រលាយ​ទាំង​គ្រួសារ​រហូត​ក្លាយទៅជា​មនុស្ស​សំរាម ។ ពេល​នេះ​ការ​Share​ត​ៗ​គ្នា​ហាក់​កំពុង​កក្រើកញាប់ញ័រ ស្រប​ពេល​ដែល​ឈ្មោះ សន សំនៀង អង្គុយ​Live​ក្នុង​រថយន្ត​រហូត​កម្លាំង​កងរាជអាវុធហត្ថ​ព័ទ្ធ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ។

ជុំវិញ​ការ​ចាប់ខ្លួន​នេះ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​មិន​បាន​ផ្តល់​ព័ត៌មាន​ណាមួយ​ដល់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​នោះ​ឡើយ ។អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា បាន​បញ្ជាក់​ប្រាប់​អង្គភាព​ព័​ត៌មាន​ក្នុងស្រុក​មួយ​ថា ម្ចាស់​គណនី​ហ្វេ​សបុ​៊​កឈ្មោះ «​យមរាជ លោកីយ៍​» មានឈ្មោះ​ពិត សន សំនៀង ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ធំ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា អាវុធហត្ថ​នឹង​ធ្វើ​ស​ន្និសី​ទ​សារព័ត៌មាន​ជុំវិញ​ការ​ចាប់ខ្លួន និង​ការ​ប្រព្រឹត្ត​បទល្មើស​របស់​ជន​ខាងលើ​នេះ ។ ឯ​ចំពោះ​ពេលវេលា​និង​ទីកន្លែង ដែល​នឹង​ធ្វើ​រៀបចំ​សន្និសីទ​សារព័ត៌មាន​ត្រូវ​បាន​គ្រោង​ធ្វើ​នៅ​បញ្ជាការដ្ឋាន​លើ​ផ្ទៃ​ប្រទេស ។

ជា​ការ​កត់សម្គាល់ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ល្បីឈ្មោះ​ជា​ច្រើន​នាក់​ដែល​កំពុង​តាមដាន​ពី​បញ្ហា​នេះ​បាន​និយាយ​ថា តាម​រយៈ​ការ​Live​ដែល​ទទួល​បាន​នូវ​ការ​ចូល​មើល​ច្រើន​បំផុត​នោះ គឺ​ឈ្មោះ សន សំនៀង បាន​និយាយ​ពី​រឿងរ៉ាវ​ជា​ច្រើន​ដែល​បង្ហាញ​ថា ជា​ការ​ផ្តល់​ភាព​អយុត្តិធម៌​សម្រាប់​រូប​គាត់ ពិសេស​បង្ហាញ​ទាក់​ទិន​នឹង​ការ​ចាប់​បាន​គ្រឿងញៀន ដែល​បុគ្គល​រូប​នេះ​ថា មាន​ចំនួន​រហូត​ដល់​១៧២​គីឡូក្រាម និង​បាន​បង្ហាញ​ឯកសារ​ដែល​ខ្លួន​មាន​ជា​តឹកតាង​ផង ។

តាម​មើលទៅ បញ្ហា​កក្រើក​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ ប្រសិនបើ​គ្មាន​ការ​បកស្រាយ​ឱ្យ​មាន​តម្លាភាព​ទេ​នោះ ការ​មន្ទិល​សង្ស័យ​ប្រហែល​ជា​មិន​អាច​បញ្ចប់​បាន​នៅ​ក្រោយ​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​ថ្ងៃនេះ៕​

អត្ថបទសរសេរ ដោយ