ខេត្តបាត់ដំបង ៖ ដោយសារតែវ័ណ្ឌកនឹងប្រាក់បំណុលធនាគារចំនួន៦ម៉ឺនដុល្លារ លោកអនុប្រធានភូមិម្នាក់ បានសម្រេចចិត្តបញ្ចប់បំណុលនេះ តាមរយៈការធ្វើអត្តឃាតស្លាប់ចោលប្រពន្ធកូន ហើយសពត្រូវក្រុមគ្រួសារប្រទះឃើញនៅក្រោមដើមឈើមួយដើម កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១ កក្កដា ចំណុចដីចម្ការស្ថិតក្នុងភូមិព្រៃធំ ឃុំឃ្លាំងមាស ស្រុកបវេល ក្រោយពីបាត់ខ្លួនពីផ្ទះអស់រយៈពេល២យប់២ថ្ងៃ ។
លោកសុខ សារិន អធិការនគរបាលស្រុកបវេលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មាស អៀង អាយុ៥៨ឆ្នាំ មានតួនាទីជាអនុប្រធានភូមិព្រៃធំ ឃុំឃ្លាំងមាស ។ ជនរងគ្រោះបានបាត់ពីផ្ទះតាំងពីព្រឹកថ្ងៃទី២៩ខែមិថុនា បន្ទាប់ពីគាត់ចុះទៅចែកអំណោយជួនពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋាន ។ ក្រុមគ្រួសារបានស្វែងរកគាត់គ្រប់ទីកន្លែងក្រោយពីបាត់ដំណឹង ហើយរហូតដល់ព្រឹកថ្ងៃទី១ ខែកក្កដាទើបប្រទះឃើញ តែជនរងគ្រោះបានចងកស្លាប់បាត់ទៅហើយ ។
លោកអធិការបញ្ជាក់ថា លោកអនុប្រធានភូមិរូបនេះ បានចងកនៅនឹងចែងដីចម្ការ ដែលទំនងកើតឡើងតាំងពីថ្ងៃបាត់ដំណឹងដំបូងម្លេ៉ះ ព្រោះសពមានភាពហើមស្អុយទៅហើយ ។ បើតាមសាច់ញាតិប្រាប់ថា ជនរងគ្រោះទំនងពិបាកចិត្តរឿងជំពាក់បំណុលធនាគារច្រើន ទើបសម្រេចបញ្ចប់ជីវិតបែបនេះ ។
បើតាមការបំភ្លឺខ្លះៗពីក្រុមគ្រួសារបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះចេញពីផ្ទះទៅចូលរួមជាមួយសមាជិកមូលដ្ឋានចុះចែកអំណោយដល់ជនក្រីក្រនៅក្នុងភូមិ តែពេលចប់ការងារមិនឃើញគាត់ត្រឡប់មកវិញទេ។ សាច់ញាតិនិយាយថា ក្រោយពីបាត់គាត់ ក្រុមគ្រួសារបាននាំគ្នាជិះម៉ូតូទៅសាកសួរអ្នកភូមិ និងសមាជិកភូមិគ្រប់ទីកន្លែង ក៏គ្មានដំណឹងដែរ។
លុះនៅព្រឹកថ្ងៃទី១ ខែកក្កដា មានគេប្រាប់ថា ឃើញគាត់ដើរទៅចម្ការ ក៏នាំគ្នាទៅចម្ការនោះស្រាប់តែក្រឡេកឃើញម៉ូតូកញ្ចាស់ដែលគាត់ជិះនៅក្នុងព្រៃ រីឯជនរងគ្រោះចងកនៅនឹងចែងក្បែរនោះស្លាប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលនិងរាយការណ៍ប្រាប់សមត្ថកិច្ច ។
ជុំវិញការស្លាប់របស់លោកអនុប្រធានភូមិខាងលើនេះ បើតាមក្រុមគ្រួសារឲ្យដឹងថា មួយរយៈចុងក្រោយនេះ ជនរងគ្រោះបានបង្ហាញពីភាពក្រៀមក្រំយ៉ាងខ្លាំង ហើយគាត់តែងពោលជាញឹកញាប់ពីរឿងជំពាក់លុយធនាគារ ។ ប្រភពដដែលបញ្ជាក់ថា លោកមាស អៀង បានខ្ចីលុយធនាគារជាបន្តបន្ទាប់នាពេលកន្លងមក ដើម្បីឲ្យកូនៗធ្វើទុនរកស៊ី ហើយបំណុលនោះកាន់តែដុះកន្ទុយច្រើនឡើងៗ រហូតកើនឡើងប្រហែល៦ម៉ឺនដុល្លារ ធ្វើឲ្យគាត់ប្រឈមនឹងបំណុលនេះយ៉ាងខ្លាំង ។
សាច់ញាតិបានបញ្ជាក់ដែរថា កាលពីប៉ុន្មានថ្ងៃមុន ជនរងគ្រោះក៏បាននិយាយប្រាប់កូនចៅដែរថា គាត់សម្រេចចិត្តថានឹងឈប់គិតច្រើនទៀតហើយ ហើយគាត់នឹងលក់ដីធ្លីដែលមាន ដើម្បីយកលុយសងបំណុលធនាគារ ។ ប៉ុន្តែដីស្រែនិងដីចម្ការលក់មិនទាន់ដាច់ផង ស្រាប់តែគាត់សម្រេចចិត្តបញ្ចប់ជីវិតបែបនេះ ហើយទុកឲ្យប្រពន្ធនិងកូនជាអ្នកទទូលខុសត្រូវនឹងបំណុលរាប់ម៉ឺនដុល្លារនេះ ។
ទោះជាយ៉ាងណា លោកអធិការ សុខ សារិន បានឲ្យដឹងថា បើតាមការបំភ្លឺនានាពីក្រុមគ្រួសារនិងសាក្សីមួយចំនួនផង ជនរងគ្រោះអាចធ្វើអត្តឃាតដោយសារតែរឿងប្រាក់បំណុលធនាគារនេះមែន ។ លោកថា កម្លាំងជំនាញបានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗដែរដើម្បីពិនិត្យសព។ លោកបញ្ជាក់ថា ក្រោយពីពិនិត្យ មន្ត្រីជំនាញបានធ្វើកំណត់ហេតុប្រគល់សពជូនដល់ក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ