រាជធានីភ្នំពេញ ៖ នាពេលបច្ចុប្បន្ននេះស្នេហារវាងបុគ្គលប្រុសស្រី២នាក់ ឬហៅថាគូសង្សារ ឬដៃគូជីវិតនឹងគ្នា គឺហាក់មានភាពខុសគ្នាឆ្ងាយ បើធៀបទៅនឹងអំឡុងពេលប្រមាណ២០ឆ្នាំមុន ។ នាពេលបច្ចុប្បន្នមនុស្សភាគច្រើនបានបញ្ចេញរាល់សកម្មភាព ផ្សេងៗរបស់ខ្លួនជាមួយដៃគូស្នេហាតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។
ការទាក់ទងស្នេហាកាលពីអំឡុងពេលមុន គឺគេសាសងគ្នាតាមរយៈទូរស័ព្ទផ្ទាល់ខ្លួន ឬទូរស័ព្ទសាធារណៈ ឬតាមប្រព័ន្ធ SMS ដែលគ្រាន់តែសរសេរជាអក្សរខ្មែរ ឬអង់គ្លេសប៉ុណ្ណោះ ដោយមិនអាចមើលមុខគ្នាឃើញឡើយ តែនាពេលបច្ចុប្បន្ន ខណៈដែលបច្ចេកវិទ្យាកាន់តែរីកចម្រើន ពិសេសមានស្មាតហ្វូត ទំនើបៗនោះ ការទាក់ទងគ្នារវាងគូស្នេហា មិនថាជាសង្សារ ឬប្តីប្រពន្ធឡើយ គឺមានភាពងាយស្រួល និងឆាប់រហ័សបំផុត ពិសេសអាចដឹងពីសកម្មភាពរវាងគ្នានឹងគ្នាតាមរយៈវីដេអូខល ។
មនុស្ស ម្នាក់ៗស្ទើរគ្រប់ស្រទាប់វណ្ណៈ អាចមានស្មាតហ្វូត ទំនើបៗប្រើ ដោយមានភ្ជាប់កម្មវិធី ថ្មីៗជាច្រើន ដូចជា ប្រព័ន្ធ WhatsApp , Telegram , Line , Viber , Tango ពិសេស Facebook និង Messenger ជាដើម ដែលអាចខលទាក់ទងគ្នាទៅមកជា Video Call អាចមើលមុខគ្នាឃើញ ។ នៅពេលដៃគូស្នេហា២នាក់នឹករលឹកគ្នា ម្តងៗ ពិសេសការថតសែលហ្វ៊ីថតរូបភាពពីសកម្មភាពរបស់ខ្លួនដែលកំពុងធ្វើ ផ្ញើទៅកាន់មនុស្សជាទីស្រឡាញ់បានគ្រប់ពេល គ្រប់នាទី និងគ្រប់ទីកន្លែងបានជានិច្ច ។
ស្ត្រីឈ្មោះ សួន ស៊ីនួន វ័យ៤៩ឆ្នាំ រស់នៅផ្ទះជួលមួយក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កាលពីពេល ថ្មីៗកន្លងមកនិយាយ គាត់មានស្វាមីនៅឆ្នាំ១៩៩០ ។ មុនពេលនាង និងស្វាមី បានគ្នាជាប្តី ប្រពន្ធ គឺស្នេហាពួកគាត់ជួបការលំបាកណាស់ ចំពោះការជួបមុខគ្នា និងការប្រាស្រ័យទាក់ទងគ្នា ។ កាលនោះនាង និងស្វាមីពុំទាន់មានទូរស័ព្ទប្រើទេ ហើយរាល់ការចង់ជួបគ្នា ម្តងៗ គឺខលតាមទូរស័ព្ទសាធារណៈ ។ កាលនោះពួកគាត់បានផ្តាំផ្ញើម្ចាស់ទូរស័ព្ទសាធារណៈឱ្យជួយចាំលេខដែលខលមកផង ប្រសិនបើឃើញខលមកវិញពេលណាប្រាប់ផង នឹងឲ្យកម្រៃ ។
ពេលនឹករលឹកគ្នាខ្លាំង ម្តងៗ គាត់តែងនិយាយទូរស័ព្ទសាធារណៈជាមួយប្តីចាប់ពី២០នាទី ទៅកន្លះម៉ោង ដោយថ្លៃទូរស័ព្ទ១នាទី៣០០ទៅ៥០០រៀល តាមប្រភេទទូរស័ព្ទ ជាទូរស័ព្ទជាប់ទូ ឬទូរស័ព្ទដៃ ។
អ្នកស្រីសួន ស៊ីនួន និយាយថា «កាលនោះនាងខ្ញុំខ្លាចបាត់បង់ និងខ្លាចអនាគតប្តីមានអ្នកថ្មីណាស់ ព្រោះមិនសូវបានជួបមុខគ្នាញឹកញាប់ឡើយ បានត្រឹមតែនិយាយឆ្លងឆ្លើយ លឺសូរត្រឹមតែសំឡេងគ្នាទៅវិញទៅមកតាមទូរស័ព្ទសាធារណៈប៉ុណ្ណោះ មិនគិតថាអាចបានគ្នាពិតប្រាកដមកដល់បច្ចុប្បន្ន រហូតមានកូនប្រុសស្រី៣នាក់ បែបនេះទេ» ។
ក្តីស្រលាញ់បច្ចុប្បន្នកាលនេះវិញ យុវវ័យ ក៏ដូចជាមនុស្សទូទៅ ស្ទើរគ្រប់ស្រទាប់វណ្ណៈតែងបង្ហោះរូបភាពស្និទ្ធស្នាលរបស់ពួកគេចែកចាយតាមហ្វេសប៊ុក ឬបណ្តាញអ៊ីនធើរណេតផ្សេងទៀត ។ គេបង្ហោះរូបភាពឱបថើប កៀកកើយ និងរូបភាពរ៉ូមែនទិកតាមទីកន្លែងកម្សាន្ត ប្រណីតៗបញ្ចូលទៅលើ Profile ឬ Cover ក្នុងគណនេយ្យហ្វេសបុ៊កផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីជាសក្ខីភាពបញ្ជាក់ពីក្តីស្រលាញ់រវាងគ្នានឹងគ្នា និងជាការបង្ហាញ ក៏ដូចជាការចែកចាយឱ្យមហាជនបានដឹង ឬជួយធ្វើជាសាក្សី ។ មិនត្រឹមតែភាពផ្អែមល្ហែមទេ ការបែកបាក់ប្រេះឆា , ការឈឺចាប់ លើបញ្ហាស្នេហា ព្រមទាំងរឿង ផ្សេងៗទៀត ក៏ត្រូវគេបង្ហោះបង្ហាញជាសាធារណៈដែរ ៕
ចែករំលែកព័តមាននេះ