រាជធានីភ្នំពេញ ៖ ថ្មីៗនេះសែលកាតដែលជាបណ្តាញទូរស័ព្ទចល័តលំដាប់ថ្នាក់លេខ១បានចូលរួមឧបត្ថម្ភមួកសុវត្ថិភាពចំនួន១០០ដល់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដើម្បីជាការចូលរួមចំណែកក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍លើកទី៦ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ទី២០ វិច្ឆិកា ២០១១ខាងមុខនេះនៅក្រុងព្រះសីហនុ។
ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នេះ គឺជាទិវាជាតិមួយសម្រាប់ពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូប អ្នកប្រើប្រាស់ផ្លូវ ជាពិសេសអ្នកបើកបរយានយន្ត និងអ្នករួមដំណើរឱ្យមានការប្រុងប្រយ័ត្នក្នុងការធ្វើចរាចរណ៍នៅលើដងផ្លូវដូចជាពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវាត់សុវត្ថិភាព ប្រើប្រាស់ល្បឿនតាមកំណត់ កុំបើកបរពេលស្រវឹងជាដើម។
លោកកាយ ឡូត នាយកប្រតិបត្តិនៃក្រុមហ៊ុនទូរស័ព្ទចល័តសែលកាតបានមានប្រសាសន៍ថា យើងមានសេចក្តីរីករាយឥតឧបមាក្នុងការចូលរួមឧបត្ថម្ភនូវមួកសុវត្ថិភាពចំនួន១០០នេះដល់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដើម្បីចូលរួមចំណែកក្នុងសង្គមជាតិក្នុងការកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសជាតិយើង។
លោកបានបន្តទៀតថា ក្រុមហ៊ុនមានទស្សនវិស័យរួមជាមួយនឹងសង្គមជាតិ ហើយក៏តែងតែបន្តផ្តល់ជំនួយឧបត្ថម្ភដើម្បីចូលរួមការអភិវឌ្ឍន៍សង្គមជាតិផងដែរ។
សែលកាត គឺជាបណ្តាញទូរស័ព្ទចល័តធំផ្តាច់គេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមាន អតិថិជនច្រើនជាងគេដែលកំពុងប្រើប្រាស់សេវារបស់ខ្លួន ៕
ចែករំលែកព័តមាននេះ