រាជធានីភ្នំពេញ ៖ គិតមកត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នេះការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦ នៅសល់៣៥ថ្ងៃប៉ុណ្ណោះនឹងមកដល់ ប៉ុន្តែអ្វីដែលសំខាន់នោះប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវដល់គណបក្សនយោបាយដែលចូលរួមបោះឆ្នោតគោរពគ្នាទៅវិញទៅមកជៀសវាងការប្រើពាក្យអសុរោះដាក់គ្នា ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៤ មិថុនា បានសរសេរលើបណ្តាញសង្គមរបស់សម្តេចដោយបានអំពាវនាវឲ្យគ្រប់គណបក្សនយោបាយ និងបេក្ខជនទាំងអស់ត្រូវគោរពគ្នាទៅវិញទៅមកកុំប្រើពាក្យអសុរោះជេរបញ្ចោរ ដូច្នេះពេលឃោសនាបោះឆ្នោតអំពីគណបក្សរបស់ខ្លួន គឺមិនត្រូវបន្តុះបង្អាប់គណបក្ស ឬបេក្ខជននៃគណបក្សដទៃឡើយ ។ សម្តេចបញ្ជាក់យ៉ាងដូច្នេះថា«នៅសល់តែ៣៥ថ្ងៃទៀតប៉ុណ្ណោះថ្ងៃបោះឆ្នោតនឹងមកដល់។ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គឺជាថ្ងៃឃោសនាបោះឆ្នោតនឹងចាប់ដំណើរការជាផ្លូវការនៅទូទាំងប្រទេស(មានរយៈពេល២០ថ្ងៃគត់) » ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ «ខ្ញុំសូមអំពាវនាវឲ្យគ្រប់គណបក្សនយោបាយ និងបេក្ខជនទាំងអស់គោរពគ្នាទៅវិញទៅមកកុំប្រើពាក្យអសុរោះជេរបញ្ចោរ ហើយត្រូវគោរពសីលធម៌ និងសេចក្តីថ្លៃថ្នូរ ។ សូមឃោសនាតែអំពីគណបក្សរបស់ខ្លួន គឺមិនត្រូវបន្តុះបង្អាប់គណបក្ស ឬបេក្ខជននៃគណបក្សដទៃឡើយ ។ សូមជនរួមជាតិក្មួយៗយុវជនព្រមទាំងកូនក្មួយកម្មករ- កម្មការិនីត្រូវចូលរួមបោះឆ្នោតទាំងអស់គ្នា» ។
សម្ដេចបន្ដទៀតថា «ជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ជួបតែសេចក្តីសុខ និងបានសម្រាកសប្បាយរីករាយក្នុងថ្ងៃអាទិត្យនេះ សូមបើកបរជិតឆ្ងាយមានសុខសុវត្ថិភាពគ្រប់ៗគ្នាផងដែរ»។
សូមជម្រាបការលើកឡើងរបស់សម្តេចតេជោ ហ៊ុនសែន ធ្វើឡើងខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលបានគណបក្សនយោបាយចំនួន២០ ចុះបេក្ខជនសម្រាប់ឈរឈ្មោះបោះឆ្នោតអាណត្តិទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ៕
ចែករំលែកព័តមាននេះ