ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដាប់​រឿង​ចម្រូងចម្រាស​ក្រៅ​សង្វៀន​ ក្រោយ​ជើង​ខ្លាំង​ជប៉ុន​​ចាញ់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​រិះគន់​យ៉ាង​ពេញទំហឹង​ក្នុង​ពេល​កីឡាករ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​ជើង​ខ្លាំង​ម្នាក់​មក​ពី​ប្រទេស​ថៃ គឺ​កីឡាករ​ជប៉ុន Takaya ទទួល​ការ​បរាជ័យ​ក្នុង​ជំហាន​​ទី​១ ​មក​កាន់​សង្វៀន​កម្ពុជា ក្នុង​ពេល​គេ​ជា​ជើង​ខ្លាំង​ទទួល​ការ​បង្វឹក​នៅ​ក្នុង ប្រទេស​ថៃ…

រាជធានី​ភ្នំពេញ ៖ មានការ​រិះគន់​យ៉ាង​ពេញទំហឹង​ក្នុង​ពេល​កីឡាករ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​ជើង​ខ្លាំង​ម្នាក់​មក​ពី​ប្រទេស​ថៃ គឺ​កីឡាករ​ជប៉ុន Takaya ទទួល​ការ​បរាជ័យ​ក្នុង​ជំហាន​​ទី​១ ​មក​កាន់​សង្វៀន​កម្ពុជា ក្នុង​ពេល​គេ​ជា​ជើង​ខ្លាំង​ទទួល​ការ​បង្វឹក​នៅ​ក្នុង
ប្រទេស​ថៃ និង​ឡើង​ប្រកួត​ស្ទើរ​គ្រប់​សង្វៀនប្រទេស​នានា​នា​ពេល​កន្លង​មក ។ ផ្ទុយ​ពី​ការ​អះអាង​ដែល​ថា​ កីឡាករ​ជប៉ុន​រូប​នេះ​មាន​ថ្វីដៃ​ខ្លាំងក្លា បែរជា​ទៅ​អត់​រួច​ជាមួយ វ៉ែន សុវណ្ណ ដែលជា​កីឡាករ​ជើង​ចាស់ និង​ធា្ល​ក់ដៃ​រួច​ទៅ​ហើយ​។

គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា Takaya គឺជា​កីឡាករ​ជប៉ុន​ល្អ​ម្នាក់ ដែល​ពិបាក​នឹង​ដាក់​ដៃគូ​ឱ្យ​យកឈ្នះ​ដោយ​ស្រួល​នៅ​លើ​សង្វៀន ចាប់តាំងពី​កីឡាករ​រូប​នេះ​ត្រូវ​គេ​ដឹង​ថា​មាន​​ប្រវត្តិ​ឡើង​រេញ​រាប់​​មិន​អស់​នៅ​ក្នុង​ប្រទេស​ថៃ​មុន​មក​ដល់កម្ពុជា ។ ការ​ប្រកួត​កាល​ពី​ថ្ងៃអាទិត្យ​ទី​១០ មិថុនា នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​បង្ហាញ​លទ្ធផល​ធ្វើ​ឱ្យ​គេ​មើលឃើញ​ថា កីឡាករ​ជប៉ុនរូប​នេះ មិនមែន​ឡើង​មក​ប្រកួត​ចេះ​តែ​ឈ្នះ ដូច​មុន​នោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​កណ្ដាប់ដៃ និង​ការ​វាយបក​ពី​កីឡាករ​កម្ពុជា​ឡើង​ទក់​សាច់​ផង​ដែរ ។

កីឡាករ​ជប៉ុន​ដែល​គេ​រំពឹង​ស៊ី​កីឡាករ​កម្ពុជាផុយ​ៗ​បែរជា​ត្រូវ​វ៉ែន សុវណ្ណ វាយបក​វិញ​យ៉ាង​ចាស់ដៃ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ដែល​មុន​នេះ​បុក​ពោះ​ខ្លាច​វ៉ែន សុវណ្ណ បាក់មុខ​ក្នុង​នាម​ជា​កីឡាករ​កម្ពុជា​រីករាយ​ផ្ដល់​សំឡេង​អបអរ​យ៉ាង​កងរំពង ។​គណៈកម្មការ​ប្រកួត​ទើបតែ​ប្រកាស​ថា​Takaya គឺជា​កីឡាករ​ជើង​ខ្លាំង​ជប៉ុន​មិន​ទាន់​ផុត​ពី​មាត់​ផង គេ​ឃើញ​កីឡាករ​កម្ពុជា វ៉ែន សុវណ្ណ បើក​ការ​វាយលុក​ភ្លាម​ៗ​តែ​ម្ដង​ធ្វើ​ឱ្យ​គេ​មើលឃើញ​កីឡាករ​កម្ពុជា​មាន​​សន្ទុះ​ល្អ​ជាង ។ នៅ​ក្នុង​ទឹក​ទី​២​គ្រាន់​ឃើញ​កីឡាករ​ជប៉ុន​មានឱកាស​ទប់​ជាប់​កណ្ដាប់ដៃ​កីឡាករ​កម្ពុជា​ខ្លះ ប៉ុន្តែ​ឈានដល់​ទឹក​ទី​៣​កីឡាករ​កម្ពុជា​បាន​វាយលុក​ទល់
ច្រាំង​ដោយ​អន្លើ ។ មានការ​លើក​ឡើង​ថា​កីឡាករ Takaya មិនសូវ​រឹងប៉ឹង​ជំហរ​ដូច​មុន​នោះ​ទេ ទើប​ការ​ប៉ះ​គ្នា​ជាមួយ​កីឡាករ​កម្ពុជា ធ្វើ​មិនសូវ​បាន​ល្អ​ដែល​គេ​មើលឃើញ​ថា​ធ្លាក់ដៃ ។ ទោះជា​កីឡាករ​ជប៉ុន​ប្រឹង​ទាត់​ផង ម៉ាត់​ផង ប៉ុន្តែ​គេ​ឃើញ​កីឡាករ​កម្ពុជា នៅ​តែ​រក្សា​ក្រេ​ឌី​តបាន​ល្អ​ក្នុង​ការ​វាយ​ចូល​ដាច់​ឆ្ងាយ ក្នុង​ពេល​ជើងខ្លាំង​មក​ពី​ប្រទេស​ថៃ​រូប​នេះ ហាក់ដូចជា​រក​ចំណុចខ្សោយ​គូប្រកួត​មិន​បាន ហើយ​បែរជា​ត្រូវ​កីឡាក​កម្ពុជា​វាយ​ត្រូវ​ខ្ចប់​ៗ​។ តាំងពី​ចាប់ផ្ដើម​បើក​ឆាក កីឡាករ​កម្ពុជា​ស្ទុះ​ទាត់​ជើង​ក្រោម ធ្វើ​ឱ្យ​កីឡាករ​ជប៉ុន​រក​ស្នៀត​ទប់ទល់​មិន​ជាប់​នោះ​ទេ ដោយ​ការ​ប្រើ​ស្នៀត​វាយ​សម្រុក​ដោយ​ម៉ាត់ និង​កែង ក៏​ចូល​មិន​ចុះ​ជាមួយ វ៉ែន សុវណ្ណ ។

ក្នុង​ទឹក​ទី​៣ កាន់តែ​ធ្វើ​ឱ្យ​កីឡាករ​ជប៉ុន​ដែល​គេ​ស្គាល់​ល្អ​មិន​សល់​សូ​ម្បី​តែ​ថ្វីដៃ កែង និង​ជង្គង់ ទទួល​រង​ការ​ចាញ់​ប្រៀប​បន្ទាប់​ពី​ត្រូវ​វ៉ែន សុវណ្ណ វាយ​ចូល​ច្រើន​អន្លើ ។ ថ្វី​ដ្បិតតែ​ទឹក​ទី​៤ និង​ទី​៥​គេ​ប្រឹងប្រែង​វាយ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ពេញចិត្ត​បន្តិច​ក្ដី ក៏​លទ្ធផល​ដែល​បាន​ស្ដែង​ឡើង​បង្ហាញ​ថា កម្រិត​វាយលុក​របស់​គេ​នៅ​មិន​ទាន់​បាន​ល្អ សម្រាប់​ការ​ប្រកួត ។ ទោះបី​​យ៉ាងណា កីឡាករ​ជប៉ុន​រូប​នេះ​មិន​បាន​ទទួលស្គាល់​ថា​កម្រិត​វាយ​ចេញ​របស់​ខ្លួន​មិន​បាន​ល្អ​នោះ​ទេ តែ​បាន​បន្ទោស​ថា អាជ្ញាកណ្ដាល​ចាប់​ក្រៀក​មិន​ឱ្យ​គេ​មានឱកាស​វាយ​វិញ ទើប​ធ្វើ​ឱ្យ វ៉ែន សុវណ្ណ ក្ដាប់​ភាព​ជោគជ័យ​ច្រើន​ជាង​។

តំណាង​​កីឡាករ​ថៃ បាន​បញ្ជាក់​ជំនួស​កីឡាករ​ជប៉ុន Takayo ជា​ភាសា​ខ្មែរ​ថា តាំងពី​ទឹក​ទី​៣ រូបគេ​វាយ​មិន​ចូល​កីឡាករ​កម្ពុជា​តែ​ម្ដង ដោយសារ​តែ​ពេល​ចូល​កៀក ឬ​ស្ទុះ​ឱប​គ្រោង​​ឡើង​ជង្គង់​ក៏​ត្រូវ​អាជ្ញាកណ្ដាល​បំបែក ហើយ​ឱ្យ​ស្ទុះ​សម្រុក​អស់ពី​សមត្ថភាព​យ៉ាង​ម៉េច​ក៏​មិន​ស្រួល​ដូច​ការ​ចង់បាន ។ លោក​ថា បើ​កីឡាករ​កម្ពុជា​វាយ​សម្រុក​លើ​កីឡាករ​ជប៉ុន​មិនសូវ​មានការ​ឃាត់ឃាំង​នោះ​ទេ ប៉ុន្តែ​បើ​កីឡាករ​ជប៉ុនសម្រុក​វាយបក គឺ​មានការ​ខ្ទាស់​ដោយ​ស្នៀត​របស់លោក​អាជ្ញាកណ្ដាល​តែ​ម្ដង ទើប​ធ្វើ​ឱ្យ​លោក​មិន​ចង់​វាយ ។ ភាគី​ថៃ​ដែល​បាន​នាំ​កីឡាករ​ជប៉ុនមក​ប្រកួត​បាន​ចាត់​ទុក​ថា ការ​បរាជ័យ​ដែល​បាន​កើតឡើង គឺ​ដោយសារ​តែ​កីឡាករ​កម្ពុជា​មាន​ប្រៀប​ល្អ​ជាង និង​ដោយសារ​តែ​គេ​ជា​កីឡាករ​ដែល​ទទួល​បាន​ឱកាស​ជ្រោមជ្រែង​ពី​ក្រុម​អាជ្ញាកណ្ដាល ដោយ​លោក​និយាយ​យ៉ាង​ខ្លី​ថា បើ​ការ​ប្រកួត​នោះ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ គឺ​មិន​អាច​ទៅ​រួច​ជាមួយ​កីឡាករ​ជប៉ុន​នោះ​ទេ ។ តំណាង​កីឡាករ​ថៃ​នៅ​តែ​អះអាង​ថា Takayo អត់​មាន​ធ្លាក់ដៃ​ទេ ប៉ុន្តែ​អាច​​បណ្ដាល​មក​ពី​គេ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​មិនសូវ​ស្រួលខ្លួន​ក្នុង​ពេល​ឡើង​រេញ និង​បណ្ដាល​មក​ពី​គេ​អន់ចិត្ត​រឿង​ចូល​វ៉ៃ​លោក​អាជ្ញា​ខ្ទាស់​ៗ​ផង ទើប​លែង​ចង់វាយ​។ យ៉ាង​ណាមិញ លោក​ថា កីឡាករ វ៉ែន សុវណ្ណ ប្រឹងប្រែង​សម្បើម​ណាស់ គឺ​មិនមែន​ឈ្នះ​ពិន្ទុ​ដោយ​ស្រួល​ទេ ទើប​លោក​ថាបើ​ទោះជា​កីឡាករ​ជប៉ុន​បរាជ័យ​ប៉ុន្តែ​ក៏​ចាញ់​ដោយ​អស់​ចិត្ត មិនមែន​ចាញ់​ដោយ​ធ្លាក់ដៃ​ដូច​ការ​យល់​ឃើញ​ពី​មនុស្ស​មួយ​ចំនួន​ទេ​។

ពាក់​ព័ន្ធ​នឹង​ការ​ចោទប្រកាន់​នេះ លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា បើ​ទោះជា​ការ​ប្រកួត​មួយ​នេះ គឺជា​ការ​ប្រកួត​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា និង​បរទេស
ក៏​ដោយ ក៏​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ មិន​បាន​ប្រកាន់​ថា កីឡាករ​បរទេស​ត្រូវ​ប្រើ​បច្ចេកទេស​គាប​ដោយ​លោក​អាជ្ញាកណ្ដាល​នោះ​ដែរ ដោយ​បញ្ហា​នេះ​ប្រ​សិន​មាន​មែន គឺ​អ្នក​កាន់ជើង​កីឡាករ​ជប៉ុន​ពិតជា​សម្ដែង​ប្រតិកម្ម​។ លោក​ថា កីឡាករ​ជប៉ុន​ទទួល​បរា​ជ័យ​ដោយ​មិន​អស់ចិត្ត​របស់​ខ្លួន ឬ​មិន​ទទួលស្គាល់​ចំពោះ​ការ​ធ្លាក់ដៃ​របស់​ខ្លួន ទើប​ធ្វើ​ឱ្យ​មានការ​ចោទប្រកាន់​លើ​លោក​អាជ្ញាកណ្ដាល​នេះ​ឡើង ។ លោក​ថា កីឡាករ Takayo ធ្លាប់តែ​ប្រកួត​ស៊ី​ផុយ​លើ​កីឡាករ​កម្ពុជា ទើប​ចាញ់​លើក​នេះ គេ​មិន​ទទួលស្គាល់​ចំពោះ​ការ​បរាជ័យ​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ