ខេត្តកំពត ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង១២និង៥នាទីថ្ងៃត្រង់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ នៅផ្លូវបំបែកវាងក្រុងកំពត ស្ថិតលើកំណាត់ផ្លូវជាតិលេខ៣៣ចន្លោះគីឡូម៉ែត្រលេខ២-៣ ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។
ក្នុងហេតុការណ៍ខាងលើបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ ២ R-៣១៩១ បើកបរដោយឈ្មោះ ចឹម វាសនា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិពាក់បង្អោង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។
នគរបាលចរាចរខេត្តបានឲ្យដឹងថា បើតាមអ្នកបើកបរបាននិយាយថា ពេលបើកបរមកដល់ចំណុចកើតហេតុ មេឃកំពុងតែមានភ្លៀងធ្លាក់ខ្លាំង ចៃដន្យរថយន្តដាច់រ៉ូទីល ទើបរេចង្កូតឡើងលើបុកខឿនចែកទ្រូងផ្លូវបណ្តាលឲ្យបុកបង្គោលភ្លើងបំភ្លឺផ្លូវ និងបង្គោលស្លាកចរាចរណ៍លើទ្រូងផ្លូវ រួចក្រឡាប់ដោយខ្លួនឯងតែម្តង។
សមត្ថកិច្ចចរាចរឲ្យដឹងទៀតថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ គឺបណ្តាលឲ្យរងការខូចខាតបង្គោលភ្លើងមួយដើម និងបង្គោលស្លាកចរាចរណ៍មួយដើម រីឯរថយន្តរងការខូចខាត ចំណែកទាំងពីរនាក់ប្តីប្រពន្ធដែលជិះក្នុងរថយន្តខាងលើនេះបានរងរបួសស្រាល។
ក្រោយពីពិនិត្យហេតុការណ៍រួច សមត្ថកិច្ចបានជួយអន្តរាគមន៍ហៅរថយន្តស្ទូចមកស្ទូចរថយន្តដែលក្រឡាប់នាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត រង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ