រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់នៅលើសង្វៀនទូរទស្សន៍ប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី២០ ឧសភា មានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារកីឡាករជើងខ្លាំង៤រូបប្រកួតគ្នា ហើយកីឡាករដែលស្ថិតនៅបង្គោលខៀវបានទទួលជ័យជម្នះទាំងអស់ ប៉ុន្តែជ័យជម្នះរបស់ពួកគេទាំងពីរត្រូវគេមើលឃើញថា ជាជ័យជម្នះបានមកពីសំណាងច្រើនជាងបច្ចេកទេស ។ អ្នកទាំងពីរមិនត្រឹមតែធ្វើឱ្យកីឡាករជាគូប្រកួតខកចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ទាក់ទាញប្រជាប្រិយភាពពីអ្នកទស្សនាបានច្រើនមិនធម្មតាផងដែរ។
ធៀបនឹងការប្រកួតរបស់កីឡាករជើងខ្លាំងអន្តរជាតិនៅសង្វៀនប៉ុស្តិ៍លេខ៥ កាលពីថ្ងៃសៅរ៍នោះ គេកត់សម្គាល់ថា កីឡាករវ័យក្មេង២រូបដែលស្ថិតនៅបង្គោលខៀវគឺ កីឡាករ សយ សី មកពីក្លិបវិបុលដារិទ្ធិខណ្ឌពោធិសែនជ័យ និងកីឡាករ តាំង សីហា មកពីក្លិបទីបញ្ជាការកងពលតូចលេខ៧០ ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីពួកគេបានយកឈ្នះកីឡាករចាស់វស្សាជាជើងខ្លាំង ធា រិទ្ធី មកពីក្លិបអេភូថងកីឡា និងកីឡាករ សួង សុវណ្ណថា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិដោយពិន្ទុក្នុងទឹកទី៥ ដោយសារតែបានធ្វើសកម្មភាពខ្លាំងៗលើសង្វៀន ។ កីឡាករទាំង២កាន់តែបង្ហាញសមត្ថភាពល្អខ្លាំងធ្វើឱ្យអ្នកស្នេហាវិស័យកីឡាប្រដាល់ជក់ចិត្តចាប់អារម្មណ៍ខ្លាំងជាងគូ
ល្បីៗទៅទៀត ។ ដ្បិតថា ពួកគេឡើងប្រកួតគ្នាមិនមែនក្នុងនាមជាគូអន្តរជាតិ តែគេកត់
សម្គាល់ថា អ្នកទស្សនាមានការចាប់អារម្មណ៍ខ្លាំងជាងគូឯក ឬគូអន្តរជាតិ ជាក់ស្ដែងសម្រែកហ៊ោកញ្ជ្រៀវនិងការអបអរសាទរ គឺមានកម្រិតខ្លាំងមិនធម្មតាជាភស្តុតាងស្រាប់។
សំឡេងហ៊ោកញ្ជ្រៀវបានកើតមានឡើងខ្ទរពេញសង្វៀនប្រដាល់នាថ្ងៃនោះដែលអាចនិយាយបានថា កីឡាករមួយគូនេះក្លាយជាសមាសភាពដក់ជាប់ក្នុងអារម្មណ៍មហាជនតែម្ដង ក្នុងពេលដែលគូល្បីៗមួយចំនួនរងការរិះគន់រឿងប្រកួតលែងកើតទៅវិញ ។
អ៊ីចឹងហើយទើបអ្នកឈ្នះក្លាយជាអ្នកល្បីតែម្ដង ដោយសារមានអ្នកទស្សនានាថ្ងៃនោះដក់ជាប់ក្នុងអារម្មណ៍ ។ អ្នកអង្គុយទស្សនាដកកចំហមាត់មិនតិចទេ ក្នុងពេលសកម្មភាពប្រកួតរបស់អ្នកទាំងពីរមានភាពស្វិតស្វាញពេញរយៈពេល៥ទឹក ហើយក្នុងទឹកទី៥បានក្លាយជាទឹកកាត់ក្ដីធ្វើឱ្យភាគីអ្នកឈ្នះល្បីឈ្មោះតែម្ដង។
នេះជាគូប្រកួតដែលមានការចាប់អារម្មណ៍ក្នុងចំណោមកីឡាករជើងថ្មីនៅក្នុងពិភពប្រដាល់ ខណៈដែលអ្នកទស្សនាក៏បានចាត់ទុកថា កីឡាករទាំងពីរថ្វីបើមិនបានឡើងរេញច្រើនកន្លងមក តែវត្តមានឡើងរេញលើកនេះមានសន្ទុះគាំទ្រខ្លាំង ។ ម្នាក់ៗនិយាយថា អ្នកទាំងពីរមិនទាន់ប្រកួតបានច្រើនលើកផង តែទទួលបានការចាប់អារម្មណ៍បានច្រើនដល់ម្លឹងទៅហើយ ចុះទម្រាំមានឱកាសឡើងប្រកួតគ្នាបានច្រើនជាងនេះតើនឹងល្អយ៉ាងណា ។ អ្នកទាំងពីរក៏ស្ថិតក្នុងវ័យត្រូវតំណាងឱ្យកម្ពុជាក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣នាពេលខាងមុខផងដែរ។
លោក សេង កដិកា អ្នករៀបចំការប្រកួតបានអះអាងថា ការប្រដាល់នៅព្រឹកថ្ងៃសៅរ៍នោះ មានការប្រកួតជាលក្ខណៈអន្តរជាតិ ប៉ុន្តែលោកនៅចាត់ទុកថា ការប្រដាល់អន្តរជាតិក្នុងព្រឹត្តិការណ៍នោះទាក់ភ្នែកមហាជនចង់ចាញ់ការប្រកួតរបស់កីឡាករកម្ពុជាទាំង៤រូបផង។ លោកថា ការប្រកួតថ្ងៃនោះអាចចាត់ទុកថាជាការប្រកួតរំលេចជើងថ្មី បន្ទាប់ពីសង្វៀនរបស់លោកបានព្យាយាមដាក់បញ្ចូលកីឡាករល្អៗវ័យក្មេងច្រើនដើម្បីស្វែងរកជើងខ្លាំងជំនាន់ថ្មីឡើងប្រកួតជាលក្ខណៈអន្តរជាតិ និងប្រកួតជាលក្ខណៈគូល្អៗ ។
លោកថា នេះជាការលើកស្ទួយវិស័យកីឡាសម្រាប់កីឡាករក្មេងៗកាន់តែប្រសើរ ដោយសារតែកីឡាករថ្មីលោកតែងកត់សម្គាល់ថា ប្រឹងប្រកួតបានល្អ ។ លោកបានសរសើរចំពោះកីឡាករ សយ សី និងកីឡាករ តាំង សីហា ក្រោយទទួលបានជោគជ័យ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងស្រទាប់មហាជន ។ លោកថា ខ្លួនចង់ដាក់គូប្រកួតក្មេងៗឱ្យបានច្រើន ប៉ុន្តែពេលខ្លះកីឡាករទាំងនោះក៏មិនគ្រប់គ្រាន់សម្រាប់ឱ្យលោកផ្គូផ្គងផងដែរ ទើបក្នុងពេលខ្លះក៏បានដាក់កីឡាករល្អៗហើយមើលរំលងកីឡាករថ្មីៗ ។
លោកថា ឱ្យតែមានកីឡាករវ័យក្មេងណាដែលល្អ លោករៀបចំដាក់ភ្លាម ហើយលោកនឹងសម្រេចរៀបចំឱ្យប្រកួតជាលក្ខណៈគូអន្តរជាតិថែមទៀតផង ប្រសិនបើគេមានបទពិសោធន៍គ្រប់គ្រាន់ហើយហ៊ានឡើងប្រកួត ។ លោកថា មានអ្នកទស្សនានៅតាមគេហដ្ឋានច្រើនបានសរសើរពីសមត្ថភាពរបស់កីឡាករក្មេងៗដែលលោកបានជ្រើសរើស ហើយបើនិយាយពីមន្ត្រីសហព័ន្ធគឺតាមដានច្រើនជាងគេតាមក្លិបដែលមានសិស្សគុនល្អៗផងដែរទើបលោកអាចជម្រើសបានកីឡាករល្អៗឱ្យឡើងប្រកួតលើរេញ ។
លោកថា ការប្រដាល់នាពេលកន្លងមក ទូរទស្សន៍ប៉ុស្តិ៍លេខ៥មិនដែលភ្លេចពីការបញ្ចូលគ្នារវាងកីឡាករស្រករមុន និងកីឡាករស្រករក្រោយនោះទេ គឺរមែងដាក់មួយគូៗយ៉ាងតិចឱ្យមហាជនបានឃើញជានិច្ច ដោយគ្រាន់តែវត្តមានរបស់កីឡាករទាំងនោះហាក់មិនសូវទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្នេហាវិស័យប្រដាល់បានច្រើន ។
លោកបានកោតសរសើរចំពោះវត្តមានរបស់កីឡាករទាំង៤ដោយបានទាំងចាត់ទុកថា ពួកគេប្រើអស់សមត្ថភាពធ្វើឱ្យលោកដែលជាអ្នករៀបចំក៏មានកម្លាំងចិត្តក្នុងការផ្គូផ្គង ហើយកាន់តែសរសើរចំពោះអ្នកឈ្នះ បើទោះជាកីឡាករ សយ សី និងកីឡាករ តាំង សីហា ត្រូវលោកទទួលស្គាល់ថាបានឈ្នះដោយសារចៃដន្យ ព្រោះតែភាគីម្ខាងទៀតភ្លាត់ស្នៀត៕
ចែករំលែកព័តមាននេះ