រាជធានីភ្នំពេញ ៖ មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ផ្លូវរថភ្លើងពីក្រុងបាត់ដំបង មកក្រុងពោធិ៍សាត់ នឹងចាប់ផ្តើមបើកដំណើរការនៅថ្ងៃទី២៩ ឧសភា ខាងមុខនេះ ។
លោក វ៉ាស៊ីម សុរិយា មន្ត្រីអ្នកនាំពាក្យរូបនេះបានថ្លែងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ ឧសភា ថា ខ្សែរថភ្លើងតភ្ជាប់ពីខេត្តបាត់ដំបង មកកាន់ក្រុងពោធិ៍សាត់ នឹងរួចរាល់នៅចុងខែឧសភានេះ ដែលជាផ្នែកសំខាន់នៃការតភ្ជាប់បណ្តាញដឹកជញ្ជូនរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ទេសចរណ៍ និងកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន ។
លោកបន្តថា ជាមួយនឹងការតភ្ជាប់ពីក្រុងប៉ោយប៉ែត មកដល់ស្រុកមង្គលបុរី និងតភ្ជាប់មកកាន់ក្រុងបាត់ដំបង កាលពីពេលថ្មីៗនេះ បណ្តាញខ្សែរថភ្លើងនេះកំពុងជួសជុល ដើម្បីតភ្ជាប់មកដល់តំបន់បាត់ដឹង ក្នុងស្រុកឧដុង្គ នាខែកក្កដា ឬសីហា ឆ្នាំនេះ ។
លោកបន្តថា ៖« ការដឹកជញ្ជូនសំខាន់នាពេលនេះ គឺការដឹកមនុស្សនិងទំនិញ ដែលជាផ្នែកមួយជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយថ្លៃដឹកជញ្ជូន និងជួយសម្រួលដល់ភ្ញៀវទេសចរ » ។
ការស្តារឡើងវិញនូវផ្លូវដែក ដែលបានបោះបង់អស់រយៈពេលជាង៤០ឆ្នាំនេះ ត្រូវបានធ្វើឡើងដោយថវិកាជាតិ និងថវិកាជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងវិនិយោគទូរថភ្លើងដោយក្រុមហ៊ុន Royal Railway ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group ។
លោក វ៉ាស៊ីម សុរិយា បានបន្តថា ខ្សែរថភ្លើងនេះអាចរត់បានក្នុងល្បឿន៣០គីឡូម៉ែត្រប៉ុណ្ណោះក្នុង១ម៉ោង ប៉ុន្តែផ្លូវរបស់យើងអាចរត់បានក្នុងល្បឿន៥០ ទៅ៦០គីឡូម៉ែត្រក្នុង១ម៉ោង តែការរត់ល្បឿនយឺតៗនេះជាការកំណត់របស់ក្រុមហ៊ុន ។ លោកបន្តថា ការដែលរថភ្លើងមិនអាចរត់បានលឿននៅកម្ពុជា ដោយសារកត្តាមួយចំនួន ដូចជា ផ្លូវរថភ្លើងកម្ពុជាមានបណ្តាញផ្លូវតូចៗឆ្លងកាត់ច្រើនពេក ផ្លូវរថភ្លើងរបស់យើងមានចំនួនតូច និងហេតុផលមួយចំនួនទៀត ។
លោកបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិក្សាការអភិវឌ្ឍ បានថ្លែងថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជារឿងចាំបាច់មួយសម្រាប់កម្ពុជាក្នុងបរិការណ៍នេះ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទៅកាន់ដំណាក់កាលថ្មីមួយ ព្រោះបើចង់ឲ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនល្អប្រសើរថែមទៀត ទាមទារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពីរាជរដ្ឋាភិបាល និងការចូលរួមវិនិយោគពីវិស័យឯកជន ។
លោកបន្តថា ៖« ការតភ្ជាប់ផ្លូវដែកជារឿងល្អ ដែលគួរអបអរសាទរ ប៉ុន្តែថាតើប្រភពទំនិញសម្រាប់ដឹកជញ្ជូនតាមខ្សែរថភ្លើងនេះពីប្រទេសជិតខាងកម្រិតណា យើងមិនទាន់ដឹងនៅឡើយទេ » ។
លោកបន្តថា ៖« វាពិតជាសំខាន់ក្នុងការពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស កម្ពុជាជាមួយប្រទេសជិតខាង ដែលនឹងជួយកាត់បន្ថយតម្លៃនៃសេវាកម្មដឹកជញ្ជូន ដែលសេវាកម្មដឹកជញ្ជូននៅកម្ពុជាមានតម្លៃថ្លៃ ធៀបនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន » ៕
ចែករំលែកព័តមាននេះ