ខេត្តកំពង់ឆ្នាំង ៖ គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិចំនួន៨គ្រួសារ បានសម្តែងទឹកចិត្តរីករាយ ក្រោយពីបានទទួលអំណោយសង្គ្រោះពីលោកឧកញ៉ា កុយ សុវណ្ណ ប្រធានកិតិ្តយសសម្ព័ន្ឋយុវជន ស្រឡាញ់សន្តិភាពសាខាខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១០ ឧសភា ឆ្នាំ២០១៨ នៅ ភូមិអូររោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។
លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧកញ៉ា កុយ សុវណ្ណ និងក្រុមការងារសម្ពន្ធ័យុវជនស្រឡាញ់សន្តិភាពទាំងអស់ដែលបានចុះមកសួរសុខទុក្ខ និងចែកអំណោយ ដល់ប្រជាពលរដ្ឋទាំង៨គ្រួសារដែលរងគ្រោះខូចខាតផ្ទះសម្បែងដោយខ្យល់ព្យុះកាលពីថ្ងៃទី៦ ខែមិថុនា កន្លងទៅនេះ ។ ក្នុងនាមលោកជាមេឃុំតំណាងអោយប្រជាពលរដ្ឋសូមគាំទ្រគោលនយោបាយដឹកនាំរបស់ សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសូមប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជន អោយទទួលបានជោគជ័យក្នុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ខាងមុខនេះ។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយធម្មជាតិបានថ្លែងអំណរគុណដល់លោកឧកញ៉ា និងក្រុមការងារ និងសូមជូនពរដល់លោកឧកញ៉ា និងក្រុមការងារទាំងអស់ សូមជួបនូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងឱកាសនោះដែរ លោកឧកញ៉ា កុយ សុវណ្ណ ប្រធានកិតិ្តយស សម្ពន្ធ័យុវជនស្រឡាញ់សន្តិភាព ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ក្នុងនាមសម្ពន្ធ័យុវជនស្រឡាញ់សន្តិភាព របស់គណប្រជាជនកម្ពុជា សូមចូលរួមសោកស្តាយជាមួយប្រជាពលរដ្ឋទាំង៨គ្រួសារដែលបានរងគ្រោះខូចខាតផ្ទះដោយខ្យល់កន្ត្រាក់នាប៉ុន្មានថ្ងៃមុននេះ ហើយសម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើសួរសុខទុក្ខបងប្អូនរងគ្រោះទាំងអស់ផងដែរ គឺសម្តេចតែងគិតគូរ និងជួយដល់ជនរងគ្រោះគ្រប់ៗរូប ដោយមិនប្រកាន់និន្នាការអ្វីឡើយ ។ គណបក្សប្រជាជនមិនបានសន្យាខ្យល់ដូចគណបក្សមួយចំនួននោះទេ ពោលគឺពេលណាប្រជាពលរដ្ឋរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗ គឺមន្ត្រីគណបក្សប្រជាជន នឹងចុះមកដល់មូលដ្ឋានតែម្តង ។
ចំពោះអំណោយ ចែកជូនប្រជាពលរដ្ឋរងគ្រោះក្នុងពេលនោះរួមមានគ្រួសារដែលរងគ្រោះរំលំផ្ទះ២គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ១បាវទម្ងន់៥០គីឡូក្រាម ថវិកា៤០ម៉ឺនរៀល និង៦គ្រួសារទៀតដែលផ្ទះរងការខូចខាតស្រាល បានទទួលថវិកាក្នុង១គ្រួសារ ថវិកា១០ម៉ឺនរៀល ក្រៅពីនោះមានត្រីខ១យួរ ទឹកស៊ីអ៊ីវវ១យួរ ទឹកត្រី១យួរ ស្ករស១គីឡូ និង មី១កេស ដូចៗគ្នា ៕
ចែករំលែកព័តមាននេះ