ខេត្តបាត់ដំបង ៖ មន្ត្រីកងរាជអាវុធហត្ថបានឱ្យដឹងថា បុរសម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកមោង
ប្ញស្សីឃាត់ខ្លួន កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃ០៩ ឧសភា ក្រោមបទសង្ស័យធ្វើសកម្មភាពគាស់ទម្លុះទម្លាយលួចទ្រព្យសម្បត្តិអ្នកដទៃ ។
ប្រភពពីមន្ត្រីដដែលបានប្រាប់ថា ជនសង្ស័យឈ្មោះពៅ ផលគា អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាតុក១ ឃំុមោង ស្រុកមោងប្ញស្សី ។ បុរសនេះ ត្រូវបានកម្លាំងជំនាញធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនតាមបណ្តឹងរបស់ឈ្មោះដំុ យុត ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិពោធ៍១ ឃំុគារ ស្រុកមោងប្ញស្សី ។ ស្ត្រីរូបនេះបានប្ដឹងចោទប្រកាន់ជនសង្ស័យខាងលើនេះថា បានគាស់ទម្លុះទម្លាយផ្ទះរបស់គាត់ ហើយចូលលួចយកសម្ភារក្នុងផ្ទះបាយអស់គ្មានសល់ កាលពីរសៀលថ្ងៃទី៨ ឧសភា ដែលស្ថិតក្នុងភូមិតាតុក១ ឃំុមោងស្រុកមោងឫស្សី។
បើតាមសមត្ថកិច្ចបានឱ្យដឹងជាបឋមថា ក្រោយពីត្រូវឃាត់ខ្លួនយកមកសួរនាំ ជនសង្ស័យបានសារភាពអំពីកំហុសរបស់ខ្លួនហើយ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅមូលដ្ឋានអហស្រុកមោង ដេីម្បីសួរនាំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
ចែករំលែកព័តមាននេះ