រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីកីឡាករវ័យក្មេងកំពុងឡើងកូដ ឈុត សេរីវ៉ាន់ថង បានផ្ដល់មេរៀនជូរចត់ដល់ម្ចាស់ខ្សែក្រវាត់ថៃឈ្មោះOuy Sayam
ជាលើកទី២ក្នុងជំនួបសងសឹកនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីរសៀលថ្ងៃអាទិត្យទី៦ ឧសភា ដោយត្រូវកីឡាករកម្ពុជាវាយឱ្យសន្លប់ក្នុងទឹក៤។
ភាគីខាងកីឡាករថៃបានអះអាងថា លទ្ធផលបរាជ័យរបស់កីឡាករ Ouy Sayam កន្លង
មកគឺជារឿងចៃដន្យឬអាចនិយាយថាជាការភ្លាត់ស្នៀតមួយពេលប៉ុណ្ណោះ ទើបឈានដល់បណ្ដោយឱ្យកីឡាករកម្ពុជាវាយត្រូវចំណុចសំខាន់ហើយមិនអាចតតាំងបន្តទៀតបាន ។ អ៊ីចឹងហើយទើបកីឡាករថៃតែងតែចិញ្ចឹមចិត្តសុំប្រកួតសងសឹកភ្លាមៗដើម្បីជម្រះបញ្ជីកីឡាករកម្ពុជាឱ្យជ្រះស្រឡះ ។ ប៉ុន្តែការប្រកួតសងសឹកមិនអាចធ្វើឡើងភ្លាមៗទេ ដោយសារតែកីឡាករថៃរូបនេះ ជាប់ប្រកួតដណ្ដើមខ្សែក្រវាត់នៅក្នុងប្រទេសថៃ ហើយទីបំផុតគេក៏ទទួលជ័យជម្នះក្លាយជាម្ចាស់ខ្សែក្រវាត់ជើងឯកមែនកាលពីអំឡុងមួយខែមុនទើបជំនួបសងសឹកកីឡាករ ឈុត សេរីវ៉ាន់ថង កើតឡើងកាលពីល្ងាចថ្ងៃអាទិត្យ ។
ការប្រកួតនៅល្ងាចនោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ដោយសារតែកីឡាករទាំងពីរវាយគ្នាដោយមិនសំចៃកម្លាំងធ្វើឱ្យអាជ្ញាកណ្ដាលស្ទើរមិនមានពេលដកដង្ហើមរួចម្ដងៗ ។
ការប្រកួតទាំងមូលកីឡាករកម្ពុជា និងថៃសុទ្ធតែប្រឹងរៀងខ្លួន ដោយកីឡាករថៃក៏បើកការវាយលុកដោយប្រើកណ្ដាប់ដៃម៉ាត់ និងវាយកែងផ្ទួនៗ ឯកីឡាករកម្ពុជាប្រឹងទាត់បំបែកកង់ក្រោម ប៉ុន្តែលទ្ធផលចុងក្រោយ កីឡាករទាំងពីរនៅតែមិនអាចធ្វើអ្វីគ្នាបែក ក្រោយបញ្ចប់៣ទឹក ។ ការប្រកួតទាំងមូល កីឡាករថៃហាក់មានសន្ទុះច្រើនជាង សមនឹងតំណែងជាម្ចាស់ខ្សែក្រវាត់ដែលទើបទទួលបាននៅក្នុងប្រទេសថៃ ។ កីឡាករកម្ពុជាត្រូវអ្នកទស្សនាទះដៃហ៊ោអបអរចង់បែកសង្វៀននៅពេលវាយត្រូវកីឡាករថៃម្ដងៗ
ប៉ុន្តែមិនមានអ្នកចេញមុខជឿជាក់ច្រើនទេថាកីឡាកររូបនេះអាចផ្ដួលកីឡាករថៃជាថ្មីម្ដងទៀតបាន ដោយសារតែការប្រកួតមួយនេះ បើមិនមានភាគីណាមួយសន្លប់ក្នុងទឹកណាមួយ គឺកីឡាករថៃនឹងឈ្នះពិន្ទុក្នុងភាគរយច្រើនមិនខាន។
លោក ញាណ សុធី អ្នករៀបចំការប្រកួតបានអះអាងថា ដោយសារតែកីឡាករថៃជាប់ប្រកួតដណ្ដើមខ្សែក្រវាត់នៅក្នុងប្រទេសថៃទើបលោកមិនអាចផ្គូផ្គងឱ្យប្រកួតសងសឹកបានភ្លាមៗ ក្រោយពីការប្រកួតលើកទី១កីឡាករថៃរងការបរាជ័យក្នុងទឹកទី៤ ។ ការប្រកួតលើកនេះ កីឡាករថៃហាក់មានជំនឿចិត្តខ្លាំងណាស់ ដោយសារតែគេត្រៀមខ្លួនរួចរាល់ជាមុន ហើយម្យ៉ាងគេក៏ទើបតែបានប្រកួតនៅក្នុងប្រទេសថៃ ដណ្ដើមបានខ្សែក្រវាត់ជើងឯកក្ដៅៗទៀតផង ។
លោកមានការភ្ញាក់ផ្អើលនៅពេលការប្រកួតឈានដល់ទឹកទី៤ ស្រាប់តែកីឡាករថៃក្លាយជាអ្នកភ្លាត់ស្នៀតដដែល ដោយត្រូវកីឡាករឈុត សេរីវ៉ាន់ថង វាយឱ្យសន្លប់ក្នុងទឹកដដែលបើធៀបនឹងការប្រកួតកាលពីលើកទី១ ។ លោកថា ជារឿងមិនគួរជឿដែលកីឡាករកម្ពុជាអាចបំបាក់ជើងខ្លាំងថៃជាលើកទី២ ក្នុងពេលដែលការបំបាក់លើកនេះ ក៏ចំពេលកីឡាករថៃទើបទទួលបានខ្សែក្រវាត់ជើងឯកទៅទៀត ។
លោកមិនទាន់ដឹងថា កីឡាករថៃនឹងប្រកាសសុំជួបជាលើកទី៣ ឬយ៉ាងណានោះទេ ក្នុងពេលដែលការសុំជួបសងសឹកស្រាប់តែបរាជ័យក្នុងលទ្ធផលដដែលបែបនេះ។ ប៉ុន្តែលោកថា ក្រោយឈ្នះម្ដងនេះ កីឡាករ ឈុត សេរីវ៉ាន់ថង នឹងត្រូវបានគេលែងគិតថាឈ្នះដោយចៃដន្យដូចមុនទៀតហើយ ជាពិសេសក្នុងពេលដែលគេស្រាប់តែឈ្នះក្នុងលទ្ធផលវាយថៃជាម្ចាស់ខ្សែក្រវាត់ឱ្យសន្លប់ក្នុងទឹកទី៤ដូចមុនបែបនេះ៕
ចែករំលែកព័តមាននេះ