រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាសីដក់កម្ពុជា បានបើកកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃទី៣០ មេសា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីដាស់តឿនដល់អត្តពលិករបស់ខ្លួនឱ្យខិតខំហ្វឹកហាត់ខ្លាំងក្លា ធ្វើយ៉ាងណាឱ្យការចូលរួមប្រកួតកីឡាជាតិលើកទី២នៅថ្ងៃទី២៥ ឧសភា ខាងមុខនេះ ទទួលបានជោគជ័យនិងប្រកបទៅដោយគុណផលខ្ពស់។
កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់កម្ពុជា និងមានការចូលរួមពីអត្តពលិកជម្រើសជាតិមកពីតាមបណ្ដាក្លិបនានាជិត១០០នាក់។
លោក មាស សារិន បានលើកឡើងថា សីដក់ជាកីឡាមួយប្រភេទមានការពិបាកបំផុត ព្រោះត្រូវប្រើប្រាស់ទាំងដៃទាំងជើងនិងត្រូវមានភាពវាងវៃទៀតផងទើបអាចលេងបាន។ មេសហព័ន្ធកីឡាសីដក់កម្ពុជាដាស់តឿនអត្តពលិករបស់ខ្លួនការប្រើដៃ ជើង និងក្បាលត្រូវតែមានភាពស្ទាត់ជំនាញដូចគ្នាឯកម្រាលតាពីត្រូវតែមានលក្ខណៈស្តង់ដា ទើបការលេងកីឡាមួយនេះប្រព្រឹត្តទៅដោយរលូន ។ បច្ចុប្បន្នយើងនៅខ្វះខាតកម្រាលតាពី ប៉ុន្តែលោកសន្យាថានឹងស្វែងរកការជួយឧបត្ថម្ភពីខាងក្រៅឱ្យបានគ្រប់គ្រាន់ ។
ជាមួយគ្នានេះលោកបានជំរុញដល់កីឡាករ កីឡាការិនីទាំងអស់ ពេលប្រកួតកីឡាជាតិលើកទី២ត្រូវខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាពដើម្បីទាក់ទាញមហាជនឱ្យមានការចាប់អារម្មណ៍។ដូច្នេះ មុនពេលការប្រកួតកីឡាជាតិមកដល់ត្រូវតែមានកិច្ចប្រជុំជាមួយគណៈកម្មការបច្ចេកទេសច្បាស់លាស់ ធ្វើកំណត់ហេតុនិងកំណត់រូបមន្តប្រកួតចុងក្រោយឱ្យបានត្រឹមត្រូវ។
លោក ទុយ ប៊ុនហឿន អគ្គលេខាធិការរងសហព័ន្ធកីឡាសីដក់កម្ពុជា បានឱ្យដឹងថា ប្រភេទកីឡាសីដក់កម្ពុជាត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកំណត់ឱ្យចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២នេះដែរ។ ចំពោះវិញ្ញាសាដែលត្រូវដាក់ឱ្យប្រកួតមាន៥គឺវិញ្ញាសាបុរស២នាក់ទល់នឹង២នាក់ វិញ្ញាសានារី២នាក់ទល់នឹង២នាក់ វិញ្ញាសាបុរស៣នាក់ទល់នឹង៣នាក់ វិញ្ញាសានារី៣នាក់ទល់នឹង៣នាក់ និងវិញ្ញាសាក្រុមបុរស ។ ពេលនេះការចុះឈ្មោះចូលរួមប្រកួតបុរស២នាក់ទល់នឹង២នាក់មាន៩ក្រុម នារី២នាក់ទល់នឹង២នាក់មាន៧ក្រុម បុរស៣នាក់ទល់នឹង៣នាក់មាន១០ក្រុម នារី៣នាក់ទល់នឹង៣នាក់មាន៥ក្រុម។
ចំណែកវិញ្ញាសាក្រុមបុរសនៅមិនទាន់់ច្បាស់ទេ តែបើតាមច្បាប់ប្រកួតវិញ្ញាសានីមួយៗដែលអាចចូលរួមប្រកួតបានទាល់តែមានចាប់ពី៥ក្រុមឡើងទៅ ។ លោកបានលើកឡើងទៀតថាបញ្ហាចំពោះមុខត្រូវរៀបចំគណៈកម្មការប្រកួត និងទីលាន ប៉ុន្តែការប្រកួតកីឡាជាតិរបស់សហព័ន្ធកីឡាសីដក់ត្រូវធ្វើឡើងនៅលើទីលានសូហ្វតេន្នីស ក្នុងពហុកីឡដ្ឋានជាតិ៕
ចែករំលែកព័តមាននេះ