ខេត្តប៉ៃលិន ៖ គេសង្កេតឃើញថា កម្ពុជា គឺជាប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិ និងរមណីយដ្ឋានជាច្រើនកន្លែងរាប់មិនអស់ មានទាំងរមណីយដ្ឋានកែច្នៃ និងរមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្ត្រ ដែលជាប្រភពចំណូលមិនចេះរីងស្ងួត និងជាឧស្សាហកម្មគ្មានផ្សែង ។
ដោយឡែកនៅឯខេត្តប៉ៃលិនជាទឹកដីត្បូងពេជ្រ ដែលល្បីរន្ទឺទូទាំងសកលលោកថា មានរមណីយដ្ឋានថ្មីមួយទើបនឹងត្រូវបានរកឃើញក្នុងទឹកដីក្រុងប៉ៃលិន ខេត្តប៉ៃលិន មានឈ្មោះថា រមណីយដ្ឋានទឹកធ្លាក់៣២ជាន់ ដែលសម្បូរទៅដោយធម្មជាតិស្រស់បំព្រង រួមជាមួយទឹកធ្លាក់ដ៏ត្រជាក់ និងព្រៃភ្នំក្រំថ្ម គួរជាទីទាក់ទាញអារម្មណ៍អ្នកទេសចរ ។
រមណីយដ្ឋាននេះស្ថិតនៅមិនឆ្ងាយពីក្រុងប៉ុន្មានទេ ប្រមាណ៥ទៅ៦គីឡូម៉ែត្រ បើគេធ្វើដំណើរដោយបើកម៉ូតូចេញពីរង្វង់មូលទីរួមខេត្តឆ្ពោះទៅទិសខាងលិចឆៀងខាងត្បូងប្រហែល២០ទៅ២៥នាទី នឹងទៅដល់ទីនោះយ៉ាងរលូន ប៉ុន្តែមិនអាចបើកបររថយន្តចូលទៅកើតនោះទេ ព្រោះអាជ្ញាធរកំពុងរៀបចំសម្រួលផ្លូវ ។ រមណីយដ្ឋានទឹកធ្លាក់៣២ជាន់ មានទីតាំងនៅក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ជាកន្លែងដែលសម្បូរទៅដោយធនធានធម្មជាតិបញ្ចេញពណ៌បៃតងខ្ចី ហើយរមណីយដ្ឋាននេះជាកន្លែងថ្មីមួយដែលគេទើបតែនឹងរកឃើញកាលពីពេលថ្មីៗ បើសិនជាមានភ្ញៀវទេសចរណ៍ណាម្នាក់បានចូលទៅលេងកម្សាន្តហើយនឹងពោលសរសើរពេញចិត្តនឹងទិដ្ឋភាព ធម្មជាតិដ៏ល្អវិសេសមួយនេះជាក់ជាមិនខានឡើយ ។
បើតាមប្រភពព័ត៌មានពីលោក មួន យ៉ត អាយុ៤៨ឆ្នាំ និងលោកស្រី ទិត្យ ផល្លា អាយុ៤៧ឆ្នាំ ជាអ្នកស្រុកដែលរស់នៅតំបន់នោះបានប្រាប់ឱ្យដឹងថា រមណីយដ្ឋានទឹកធ្លាក់៣២ជាន់នេះ ស្ថិតនៅលើជួរភ្នំខៀវ ហើយបើគិតពីកំពូលភ្នំមកដល់ជើងភ្នំ ទឹកធ្លាក់៣២ជាន់នេះ មានប្រវែងប្រមាណជាង៤ទៅ៥គីឡូម៉ែត្រ ។ ប្រភពបន្តទៀតថា ទឹកធ្លាក់ដ៏ថ្មីសន្លាងមួយនេះត្រូវបានចែកចេញជាច្រើនដំណាក់កាលដូចជា ដំណាក់កាលស្ថិតនៅក្រោមគេបង្អស់ (ជើងភ្នំ) គឺប្រៀបដូចជាថ្លុក ឬស្រះត្រពាំងតូចមួយសម្រាប់ឱ្យអ្នកទេសចរណ៍ចុះទៅងូតទឹកលេងកម្សាន្តដ៏ត្រជាក់ចិត្ត ត្រជាក់បេះដូង ពេលងូតទឹកហើយហាក់ដូចជាស្រម៉ៃទៅដល់ឋានសួគ៌ ។
ដោយឡែកនៅជាន់លើប្រៀបដូចជា អាងស្តុកទឹកដ៏ធំមួយដែលស្តុកទឹករាប់ពាន់ម៉ែត្រគូប មិនចេះរីងស្ងួតសម្រាប់បង្ហូរចុះក្រោម ។ ប៉ុន្តែវា គឺជាជ្រលងថ្មដែលមានទឹកហូរធ្លាក់មកពីប្រទេសថៃក្នុងប្រវែងប្រមាណរាប់រយម៉ែត្រឯណោះ ដែលជាអំណោយផលពីធម្មជាតិ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ងាយស្រួលដើរកម្សាន្តតាមបណ្តោយជ្រលងភ្នំ ។
ចំណែកអ្នកខ្លះទៀត ដែលមានក្រុមគ្រួសារកូនចៅដើរ លេងទៅជាមួយ បានវេចបាយប្រអប់មានប្រហុកកប់ ហើយបេះស្លឹករាំងជ្រលក់ហូបជួបជុំគ្នា មានទាំងម្ហូប សម្ល ឆា ដែលខ្លួនបានចំអិតយកទៅពីផ្ទះនាំគ្នាទទួលទានយ៉ាងឆ្ងាញ់ពិសា នៅក្រោមដើម រាំងភ្នំក្បែរទឹកធ្លាក់នេះផងដែរ ។
បើតាមប្រភពពីលោកតា ឡាយ ឆេង អាយុ៦៧ឆ្នាំ និងលោកយាយ មិត្ត ផង់ អាយុ៦៦ឆ្នាំ រស់នៅតំបន់នេះដែរបានឱ្យដឹងថា មូលហេតុដែលគេដាក់ឈ្មោះរមណីយដ្ឋាននេះថា ទឹកធ្លាក់៣២ជាន់ ក៏ព្រោះតែ ខួបប្រាំងខួបវស្សារមណីយដ្ឋានមួយនេះមានទឹកធ្លាក់មកច្រើនជាន់ណាស់ មើលទៅឃើញបែកខ្ចាយសព្រាត ហើយនៅពេលដែលទឹកនេះហូរធ្លាក់មកប៉ះនឹងថ្ម ក៏លាន់ឮ សូរឥតដាច់ហាក់ដូចជា សូរសម្លេងអ្វីម្យ៉ាងអង្រួនបេះដូងអ្នកទេសចរណ៍ឱ្យចង់បន្តទៅលេងទីនោះជាញឹកញាប់តែម្តង ។
លោកតា និងលោកយាយបានបន្តទៀតថា ទឹកហូរធ្លាក់នេះបានហូរចុះពីរមណីយដ្ឋានមកក្រោម ប្រៀបដូចជា សំឡេងតន្ត្រីធម្មជាតិកំដរអារម្មណ៍ពួកគាត់ឱ្យចង់ស្តាប់ លាយឡំជាមួយសម្លេងសត្វព្រៃភ្នំនេះថែមទៀត ធ្វើឱ្យគាត់កាន់តែនឹកស្រឡាញ់ធម្មជាតិកាន់តែខ្លាំងឡើងៗ ជាពិសេសនឹកដល់អតីតកាលវ័យក្មេង មិនចង់ឱ្យពេលវេលាកន្លងទៅនោះទេ ។ ពួកគាត់បញ្ជាក់ថា ទោះបីជានៅរដូវប្រាំងក៏ដោយក៏មានទឹកថ្លាយង់ហូរធ្លាក់ពីលើភ្នំមកដែរ ធ្វើឱ្យតំបន់មួយនេះលាន់សូរទឹកហូរមិនបង្កឱ្យស្ងាត់ជ្រងំនោះបន្តិច ។ ឯយានជំនិះគ្រប់ប្រភេទមិនអាចចូលដល់រមណីយដ្ឋាននេះឡើយ ត្រូវផ្ញើទុកនៅតាមផ្ទះប្រជាពលរដ្ឋពីរទៅបីផ្ទះដែលសង់នៅជិតៗ នោះដែរ ។ កន្លងមកមិនធ្លាប់មានអ្នកទេសចរមកបោះតង់ដេកលេងកម្សាន្តនៅទីនេះឡើយ ព្រោះថា ជាតំបន់ព្រៃឈើធំៗ ស្ងាត់មានជ្រូកព្រៃ ខ្លា ដំរី សត្វស្វា ហើយព្រៃទាំងនោះមានផ្ទៃក្រឡារាប់រយម៉ែត្រក្រឡាឯណោះ ជាហេតុបង្កការងាយស្រួលដល់អ្នកទេសចរដើរលើថ្ម ដោយគ្មានការលំបាកអ្វីនោះទេ ។
បើតាមលោកស្រី ស្រ៊ី ឌី ប្រធានមន្ទីរទេសចរខេត្តប៉ៃលិន បានឱ្យដឹងថា ខាងមន្ទីរទេសចរមិនទាន់បានធ្វើការស្រាវជ្រាវរាប់ឱ្យដឹងពិតប្រាកដថា ទឹកធ្លាក់ខាងលើមាន៣២ជាន់មែន ឬអត់នោះទេ ដោយសារតែមានព្រៃស្តុកជ្រៅ ហើយសម្បូរទៅដោយគ្រាប់មីនដែលបង្កប់នៅលើភ្នំខៀវត្រង់ចំណុចធុរ៉េន២ដើម ។ លោកស្រីបន្តទៀតថា តែកាលពីមុនមានក្រុមហ៊ុនមួយចំនួន ចង់កែច្នៃតំបន់ខាងលើឱ្យទៅជាកន្លែងទេសចរដែរ លុះក្រោយមកហាក់ដូចជាស្ងាត់ទៅវិញ ។ ទោះបីជាយ៉ាងណាក៏ដោយនៅពេលក្រោយៗទៀត បន្ទាប់ពីអាជ្ញាធររៀបចំស្ថាបនារាប់ឃើញមានទឹកធ្លាក់ប៉ុន្មានជាន់ នោះនឹងកំណត់យកត្រឹមហ្នឹងឯង ព្រោះបច្ចុប្បន្ននេះអាជ្ញាធរបានកសាងផ្លូវក្រវ៉ាត់ព្រំដែនងាយស្រួល ក្នុងការធ្វើដំណើរទៅលេងនៅទីនោះ ៕
ចែករំលែកព័តមាននេះ