រាជធានីភ្នំពេញ ៖ ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យមុនចូលឆ្នាំខ្មែរខិតជិតមកដល់ នាពេលខាងមុខនេះ នៅទីតាំងវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំង និងជាទីតាំងត្បាញក្រមា ដើម្បីបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក គឺមានភាពអ៊ូអរ និងសប្បាយរីករាយយ៉ាងខ្លាំង តាមរយៈការលេងល្បែងប្រជាប្រិយខ្មែររបស់ក្រុមសិស្ស-និស្សិត និងអ្នកចូលរួមកម្សាន្ត ។
នេះបើតាមការឲ្យដឹងពីលោកប្រាក់ សោភ័ណ ប្រធានក្រុមល្បែងប្រជាប្រិយឲ្យដឹងថា ៖ ល្បែងប្រជាប្រិយចំនួន៦ប្រភេទ ដែលលោកយកហាត់សម នៅវាលព្រះមេរុនេះ រួមមានល្បែងស្ដេចចង់ ទំពាំងឫស្សី ទាញព្រ័ត្រ ស្បែកជើងរួមមិត្ត អ៊ូ និងល្បែងមួយកាំពីរកាំ ។
លោកបន្តថា ការហាត់សមនៅទីតាំងនេះ ជាទីតាំងទី២ បន្ទាប់ពីហាត់សមនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយអស់រយៈពេល៥សប្តាហ៍ ឬស្មើនិង១០ថ្ងៃមកហើយដែរ ។ ការយកល្បែងប្រជាប្រិយខ្មែរមកបង្ហាញ និងផ្ដល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរនេះ គឺដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ និងបង្កបរិយាកាសនៅទីតាំងនេះ ឲ្យមានភាពសប្បាយរីករាយផងដែរ ។
ល្បែងប្រជាប្រិយខ្មែរ៦ប្រភេទ ដែលក្រុមយុវជនជ្រើសរើស ដើម្បីហាត់សមនេះនឹងត្រូវទៅចូលរួមព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» នៅលើទឹកដីខេត្តសៀមរាប ។ ល្បែងប្រជាប្រិយសម្រាប់ការចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាបនាឆ្នាំនេះ មាន២៧ល្បែង ហើយសម្រាប់អ្នកភ្នំពេញហាត់សម៦ល្បែង មានអ្នកចូលរួម១៣៥នាក់ ហើយអ្នកសៀមរាបចូលរួម៣៦៥នាក់ ក្នុងនោះក៏មានយុវជនមកពីបណ្តាលខេត្តនានាមកហាត់សមល្បែងប្រជាប្រិយ២១ល្បែងនេះផងដែរ សរុប គឺមានយុវជនស្ម័គ្រចិត្តទាំងអស់៥០០នាក់ ដែលបានចូលរួមអង្គរសង្ក្រាន្ត ។
គួរបញ្ជាក់ផងដែរថា ទីតាំងវាលព្រះមេរុនេះ ជាទីតាំងមួយដែលក្រុមការងារ GoGoCambodia រៀបចំការត្បាញក្រមា ដើម្បីបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក ចាប់ផ្ដើមពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ មកម្លេះ ៕
ចែករំលែកព័តមាននេះ