រាជធានីភ្នំពេញ ៖ អំណោយជាអង្កររួមទាំងសម្ភារប្រើប្រាស់មួយចំនួនត្រូវបានព្រះគ្រូនាគមុនីសត្ថាសុខុមោ នីសុវណ្ណ មុនីរ៉េត ទីប្រឹក្សាសម្តេចសង្ឃនាយក និងព្រះសង្ឃគង់នៅក្នុងកុដិលេខ២៤ វត្តនាគវ័ន ធ្វើពិធីប្រគល់ដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក កាលពីរសៀលថ្ងៃទី១៨ តុលា ដើម្បីនាំយកទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចាស់ជរាគ្មានទីពឹងក្នុងមូលដ្ឋានខណ្ឌទួលគោកបន្តទៀត។ អំណោយដែលផ្តល់ក្នុងឱកាសនោះមានអង្ករចំនួន១.៨០០គីឡូក្រាម និងសម្ភារប្រើប្រាស់ចំនួន៦កញ្ចប់ ។
ព្រះគ្រូនាគមុនីសត្ថាសុខុមោ នី សុវណ្ណមុនីរ៉េត មានថេរដីកាថា អំណោយដែលបាននាំយកមកឧបត្ថម្ភនៅពេលនេះបានមកពីការចូលរួមជួយជ្រោមជ្រែងរបស់ញាតិញោមជាពុទ្ធបរិស័ទជិតឆ្ងាយដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ។ ព្រះតេជគុណនី សុវណ្ណមុនីរ៉េត ក៏បានកោតសរសើរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្រោមឱវាទសាលាខណ្ឌទួលគោកដែលតែងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋបានល្អប្រសើរដែលជាហេតុធ្វើឱ្យពុទ្ធបរិស័ទមានការសប្បាយរីករាយក្នុងការរកទទួលទាន និងធ្វើបុណ្យធ្វើទាន។
លោកសាំង សុភៈវិចិត្រ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក និងជាអភិបាលរងខណ្ឌក្នុងនាមលោកសេង រតនៈ អភិបាលខណ្ឌ និងមន្ត្រីរាជការក្នុងខណ្ឌទួលគោកបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះគ្រូនាគមុនីសត្ថាសុខុមោ នី សុវណ្ណមុនីរ៉េត ព្រះសង្ឃ និងសប្បុរសជនទាំងអស់ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានេះដល់សាលាខណ្ឌទួលគោកសម្រាប់យកទៅជួយឧបត្ថម្ភគ្រួសារក្រីក្រដែលជួបការលំបាក និងអ្នកជួបគ្រោះមហន្តរាយផ្សេងៗនៅក្នុងមូលដ្ឋានខណ្ឌទួលគោក។
ដោយឡែកនៅរសៀលថ្ងៃនោះដែរ ព្រះតេជគុណនី សុវណ្ណមុនីរ៉េត ក៏បានប្រគេនសីុម៉ង់ត៍ចំនួន៣តោនដល់ព្រះតេជគុណ ជិន សាវ៉ន មេកុដិលេខ៣២ វត្តនាគវ័ន សម្រាប់ជួយកសាងកុដិនេះឡើងវិញ បន្ទាប់ពីរងគ្រោះដោយអគ្គិសនីកន្លងមក៕
ចែករំលែកព័តមាននេះ