ខេត្តកំពង់ឆ្នាំង ៖ គេនៅចាំបានថា ផ្លូវមួយខ្សែមានប្រវែង ៤,៥០គីឡួម៉ែត្រ កាត់ចេញពីភូមិស្រងាំទេ ភូមិស្ដុកកប្បាស ឡើងទៅភូមិឈើនាគមានស្ពានទ្រុឌទ្រោម៦កន្លែង ប្រជាពលរដ្ឋលំបាកធ្វើដំណើរ យ៉ាងខ្លាំង ជាពិសេសសិស្សានុសិស្ស ដែលធ្វើដំណើរទៅសាលារៀន ក្នុងពេលខែវស្សា ត្រូវជួបការលំបាក ។ ក្នុងគ្រានោះប្រជាពលរដ្ឋបានអំពាវនាវដល់សប្បុរសជននានា និងប្រមុខរាជរដ្ឋាភិបាលផងដែរ។ ប៉ុន្តែដំណោះស្រាយ គឺពុំទាន់ពេលវេលាឡើយ។ កាលណោះ ប្រជាពលរដ្ឋបានសម្រេចចិត្តរៃប្រាក់ បដិភាគ ហើយបានកសាងស្ពានឈើ៣កន្លែង និងលុបស្ពាន៣កន្លែង លើកជាផ្លូវ ហើយក្រោយពីកសាងបានហើយ បានធ្វើពិធីបុណ្យឆ្លងផងដែរ។
កាលណោះទាំងការអំពាវនាវ រកសប្បុរសជន និងទាំងកោះសន្តិភាព ក៏បានផ្សាយជាបន្តបន្ទាប់។ ប៉ុន្តែពេលនេះក្តីរំពឹងប្រជាពលរដ្ឋ បានមកដល់ហើយ គឺប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានកសាងស្ពាន ទាំង៣កន្លែង ជាបេតុងរួមនៅការកសាងផ្លូវបន្ថែម ជូនប្រជាពលរដ្ឋបានធ្វើដំណើរ ធ្វើឲ្យពួកគាត់មានសេចក្តីរីករាយក្រៃលែង។ ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរលើផ្លូវលំខាងលើ មានសេចក្ដីរីករាយជាខ្លាំង ដោយម្នាក់ៗបានសម្ដែងទឹកចិត្តរីករាយ និងថ្លែងអំណរគុណដល់ ប្រមុខរាជរដ្ឋាភិបាល ដែលបានកសាងស្ពានសម្រាប់ធ្វើដំណើរដល់ពួកគាត់។ ពួកគាត់បានបញ្ជាក់ថា កាលមុនផ្លូវមួយខ្សែនេះជួបការលំបាកណាស់ មិនអាចដឹកទំនិញអ្វីបានទេ បានត្រឹមឆ្លងកង់ម៉ូតូប៉ុណ្ណោះ ចំណែកពេលខ្លះសិស្សត្រូវបង្ខំចិត្តហែលទឹកឆ្លងទៅរៀនក៏មានដែរ។ តែពេលនេះពួកសប្បាយចិត្តជាខ្លាំង រំពឹងថា បន្ទាប់ពីស្ពាននោះរួចរាល់ពួកមិនជួបការលំបាកដូចមុនទៀតទេ។
ជាមួយគ្នានេះដែរ លោក ស្រី សារុន មេភូមិភូមិស្តុកកាបាស់ ឃុំបន្ទាយព្រាល មានប្រសាសន៍ឱ្យដឹងថា ផ្លូវមួយខ្សែនេះមានប្រវែង៤ គីឡូម៉ែត្រកន្លះ បម្រើឲ្យប្រជាពលរដ្ឋច្រើនឃុំ មានឃុំពង្រ ឃុំប្រស្នឹប និងឃុំបន្ទាយព្រាលជាដើម។ ថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាល តាមរយៈឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្តើមកសាងស្ពានពីចុងផ្លូវផ្នែកខាងកើតមុនដែលមានប្រវែង៤៥ម៉ែត្រ ទទឹង៨ម៉ែត្រ និងកម្ពស់៣ ម៉ែត្រ។ នាមអាជ្ញាធរភូមិ តាំងនាមឲ្យប្រជាពលរដ្ឋទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គសេនាមហាបតីតេជោ ហ៊ុន សែន និងសូមអរគុណឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានចុះជួយកសាងផ្លូវ និងស្ពានមួយខ្សែនេះជាប្រយោជន៍ដល់ប្រជាពលរដ្ឋប្រើប្រាស់ជានិរន្តរ៍៕
ចែករំលែកព័តមាននេះ