រាជធានីភ្នំពេញ ៖ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ មានរៀបចំបង្ហាញគ្រូបង្រៀនការតុបតែងផ្កាតាមបែបប្រពៃណីដោយមានអ្នកគ្រូមកពីទីក្រុងតូក្យូចំនួន៤នាក់ និងមានការចូលរួមពីលោកជំទាវ លោកស្រីជាភរិយាថ្នាក់ដឹកនាំក្នុងព្រឹទ្ធសភានិងព្រះបរមរាជវាំង រួមទាំងបណ្តាស្ថាប័ននានាជាច្រើនរូបទៀត ។ លោក Masa Fumi Kuroki ឯកអគ្គរាជទូតជប៉ុនបានមានប្រសាសន៍ថា «អ៊ីកេបាណា» ជាផ្នែកមួយមិនអាចផ្តាច់ចេញពីវប្បធម៌របស់ជប៉ុនបានឡើយ ។ ក្នុងខណៈដែលប្រទេសជប៉ុនមានដំណើរការជឿនលឿនគ្រប់បច្ចេកវិជ្ជាឧស្សា ហកម្មផ្សេងៗដូចជា ក្រុមហ៊ុនផលិតរថយន្តតូយ៉ូតា ក្រុមហ៊ុនហុងដា ក្រុមហ៊ុនសូនី ដែលល្បីៗនៅប្រទេសជប៉ុននិងជុំវិញពិភពលោកនោះ ប្រទេសជប៉ុនក៏នៅតែអភិរក្សប្រពៃណីទំនៀមទំលាប់របស់ខ្លួនជានិច្ច។ អ៊ីកេបាណា គឺជាវប្បធម៌ប្រពៃណីមួយរបស់ជប៉ុនដែលមានកំណើតតាំងពីសតវត្សទី១៦ ជាសិល្បៈនៃការរៀបចំផ្កាដែលតំណាងឱ្យឋានសួគ៌ ផែនដី និងមនុស្សជាតិ ។ ការតុបតែងផ្កាត្រូវបានរៀបចំដោយចង្អុលទៅកាន់ឋានសួគ៌ដែលជាការបង្ហាញនូវជំនឿ ។
លោកឯកអគ្គរាជទូតបន្តថា អ៊ីកេបាណាគឺជាសិល្បៈមួយក្នុងចំណោមសិល្បៈជាច្រើនដែលស្ត្រីសិក្សានៅក្នុងសាលាជាលក្ខណៈប្រពៃណីមុននឹងរៀបអាពិពាហ៍ពិពាហ៍ ។ អ៊ីកេបាណេ បានដើរតួសំខាន់នៅក្នុងវប្បធម៌របស់ជប៉ុនដែលទាក់ទងនឹងធម្មជាតិ រុក្ខជាតិផ្សេងៗ រួមជាមួយនឹងការតុបតែងសួនច្បារទៅតាមការច្នៃប្រឌិតរៀបផ្កាឱ្យមានសោភ័ណភាពល្អស្អាត ។ ថ្ងៃនេះ ស្ថានទូតបានអញ្ជើញស្ត្រីដែលជាគ្រូរៀបចំតុបតែងផ្កាមកពីប្រទេសជបប៉ុនចំនួន៤រូបដែលធ្លាប់មានបទពិសោធន៍រៀបចំបង្ហាត់បង្រៀនប្រជាជនជប៉ុនជាច្រើន ហើយមានសញ្ញាបត្រមានកេរ្តិ៍ឈ្មោះល្បីចេញពីសាលា«សូកេតស៊ូ»ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុននោះគឺ១-លោកស្រី Seiyu Ito ជាសមាជិកាគណៈនាយកនៃសមាគមគ្រូបង្រៀនសូកេតស៊ូ ២-លោកស្រី Kosen Otsuka ៣-លោកស្រី Chisei Iwamoto និង៤- លោកស្រី Tanho Tagaya ។
លោកស្រី Seiyu Ito បានមានប្រសាសន៍ថា ការរៀបចំតុបតែងផ្កាមិនពិបាកទេ ហើយផ្កាក៏មិនពិបាករកដែរ គឺដើមរុក្ខជាតិផ្សេងៗនៅក្នុងសួនច្បារក្បែរលំនៅឋានរបស់យើងអាចបេះកាត់យកមករៀបចំតុបតែងធ្វើបាន។ ដូចជាពេលនេះ លោកស្រីបានយករុក្ខជាតិមួយចំនួននៅក្នុងសួនច្បារនៃស្ថានទូតមករៀបចំច្នៃប្រឌិតឱ្យបានស្អាត ប៉ុន្តែក៏មានផ្នែកខ្លះយកមកពីប្រទេសជប៉ុនដែរ ដូចជាដើមឫស្សីនេះជាដើម ។ ដូច្នេះហើយ ឫស្សីជប៉ុនផ្សំជាមួយផ្កាកម្ពុជាពិតជាស្រស់ស្អាត និងបង្កើតបាននូវភាពរឹតចំណងសាមគ្គីភាពថែមទៀត ។ ក្រៅពីបង្ហាញការតុបតែងរៀបចំផ្កាហើយ នៅរសៀលនោះក៏មានការបង្ហាញពីរបៀបឆុងតែផងដែរដែលជាប្រពៃណីជប៉ុន ។ ការរៀបចំតុបតែងផ្កានារសៀលនោះមានរុក្ខជាតិផ្សំជាច្រើនដូចជា ផ្កាក្រដាស មែកជ្រៃក្រឹម ផ្កាកុលាប ដើមពោល្យំ ស្លឹកចេក ចំរៀកឫស្សី ដើមឫស្សីជប៉ុន ដើមចេកមាស ដើមចំប៉ីជាដើម ៕
ចែករំលែកព័តមាននេះ