រាជធានីភ្នំពេញ ៖ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខុទ្ទកាល័យរាជធានីកាលពីព្រឹកថ្ងៃទី១៥ តុលា បាននាំអំណោយមួយចំនួនទៅចែកជូនប្រជាពលរដ្ឋរងគ្រោះរលំផ្ទះចំនួន៧គ្រួសារ រស់នៅសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ។ ពិធីនេះបានរៀបចំឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកលៀប ក្រោមអធិបតីភាពលោកស្រីទូច សារ៉ុម អភិបាលរង រាជធានី និងលោកស្រីគឹម សេដ្ឋានី ប្រធានសមាគមនារីខុទ្ទកាល័យសាលារាជធានីភ្នំពេញ។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីលោកនុត ពុធដារ៉ា អភិបាលរងខណ្ឌឫស្សីកែវ ព្រមទាំង មន្ត្រីរាជការ សមាជិក សមាជិកា សមាគមនារី សមាជិក សមាជិការបក្ស សង្កាត់យ៉ាងច្រើនកុះករ។ អំណោយដែលនាំទៅចែកជូនក្នុងឱកាសនេះ មួយគ្រួសារទទួលបានអង្ករ១ប៉ាវ (៥០គីឡូក្រាម) មីចំនួន២កេស ត្រីខពីរយួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ មុង១ និងថវិកាចំនួន២០ម៉ឺនរៀល។
លោកព្រាប មុនី ចៅសង្កាត់ព្រែកលៀប បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១១នេះ ចៅសង្កាត់ព្រែកលៀបមានភូមិចំនួន២ គឺភូមិព្រែកលៀប និងភូមិខ្ទរ បានរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ និងទន្លេសាបយ៉ាងធ្ងន់ធ្ងរក្នុងនោះមានលំនៅឋានប្រជាពលរដ្ឋ៧គ្រួសារ ស្ថិតនៅភូមិព្រែកលៀប បានដួលរលំ ដែលបានទទួលអំណោយពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខុទ្ទកាល័យសាលារាជធានីភ្នំពេញនៅពេលនេះ។
លោកស្រីទូច សារ៉ុម អភិបាលរង រាជធានីភ្នំេពញបានចូលរួមសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយបងប្អូនរងគ្រោះក៏ដូចជាប្រជាពលរដ្ឋរងគ្រោះដទៃទៀត រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយសាលារាជធានីភ្នំពេញ បានផ្តល់អំណោយជាបន្តបន្ទាប់ដើម្បីសង្គ្រោះបន្ទាន់។ ផ្តើមចេញពីឆន្ទៈអាណិត អាសូនេះសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខុទ្ទកាល័យសាលារាជធានីភ្នំពេញ បានចូលរួមបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួន រួមជាមួយអាជ្ញាធរ ខណ្ឌឫស្សីកែវ និងមន្ទីរមួយចំនួនទៀត នាំអំណោយមកចែកជូនដល់បងប្អូន។
លោកស្រីអភិបាលរង រាជធានីភ្នំពេញ បានបន្តទៀតថា អំណោយទាំងនេះវាតិចតួចមិនអាចតបតាមតម្រូវការគ្រប់យ៉ាងរបស់បងប្អូននោះទេ តែថាទឹកចិត្ត និងសន្តានចិត្តរបស់សមាគមនារី ដើម្បីជួយសម្រួលការលំបាករបស់បងប្អូនបានមួយគ្រា។
លោកស្រីអភិបាលរងក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋរងគ្រោះឱ្យមានការប្រុងប្រយ័ត្នចំពោះកូនចៅ និងមានអនាម័យ ហើយពេលទឹកស្រកត្រូវនាំគ្នាកសាងលំនៅឋានឡើងវិញ៕
ចែករំលែកព័តមាននេះ