ខេត្តកណ្ដាល ៖មន្ត្រីតុលាការថ្លែងថា រហូតមកទល់ពេលនេះ តុលាការខេត្តកណ្ដាល ដែលមានលោក សាយ សម្ផស្សសេរី ជាចៅក្រមជំនុំជម្រះ នៅពុំទាន់កំណត់ថ្ងៃសវនាការរឿងក្តីជនជាប់ចោទ ថៃ ផានី ហៅម៉ាប់អូស្ត្រាលី ម្ចាស់សង្វៀនជល់មាន់ដ៏ធំនៅឃុំអរិយក្សត្រនៅឡើយទេ។ សំណុំរឿងនេះ ត្រូវបានលោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល និងជាចៅក្រមស៊ើបសួរ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ កន្លងទៅសម្រេចបិទការស៊ើបសួរ។ មជ្ឈដ្ឋានមួយចំនួនកំពុងមានចម្ងល់ថា ហេតុអ្វីក៏លោកចៅក្រម សាយ សម្ផស្សសេរី យូរកំណត់សវនាការម្ល៉េះចំពោះរឿងក្តីដ៏ល្បីល្បាញមួយនេះ ឬក៏មានអាថ៌កំបាំងអ្វីនៅពីក្រោយខ្នង។
ជនជាប់ចោទ ថៃ ផានី ហៅម៉ាប់អូស្ត្រាលី ត្រូវបានលោក ហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរ និងជាប្រធានសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនក្នុងពន្ធនាគារ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីបទ”ភ្នាក់ងារ ល្បែងស៊ីសងខុសច្បាប់ “ តាមមាត្រា៥ ច្បាប់ស្តីពីការបង្ក្រាបល្បែង ស៊ីសង “។ បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិនិយជាប្រាក់ពី៥លានរៀលទៅ ២០លានរៀល។ សូមជម្រាបថា ម្ចាស់សង្វៀនជល់មាន់ដ៏ធំចំនួន២កន្លែង ត្រូវបានបញ្ជូនទៅសួរនាំបន្ត នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីរូបគេបានចូលខ្លួ នប្រគល់ឱ្យនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។
ប្រតិបត្តបង្ក្រាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលរបស់លោកប្រមាណ១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថ ជាង២០នាក់។ ប្រតិបត្តិការក្នុងរូបភាពដ៏ធំបែបនេះ ក៏បានកើតឡើងដូចទៅនឹងប្រតិបត្តិការ នៅក្នុងទឹកដី ស្រុកបាទី ខេត្តតាកែវ ដែលអភិបាលខេត្ត លោក ឡាយ វណ្ណ: ដែលដឹកនាំកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងទាហាន ចុះទៅបង្ក្រាបទីតាំងសង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំ និងដុះស្លែផងដែរ។ ក្រោយចុះបង្ក្រាបនេះ សមត្ថកិច្ចបានសម្រេចកម្ទេចទីតាំងសង្វៀនជល់មាន់ដ៏ធំនេះហើយ៕
ចែករំលែកព័តមាននេះ