ខេត្តកំពត ៖ ភ្នំសេដាឱន ឬភ្នំក្បាលរមាស ស្ថិតនៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ។ ភ្នំនេះបច្ចុប្បន្នកំពុងពេញនិយមពីអ្នកទេសចរបរទេសទាំងប្រុសទាំងស្រីនាំគ្នាតោងខ្សែ ដោយមានអ្នកចាំតោងឡើងទៅកំពូលភ្នំ និងចុះវិញចូលរូងភ្នំ ។
ការតោងខ្សែឡើងភ្នំនោះហាក់ប្រថុយនឹងគ្រោះថ្នាក់ ប៉ុន្តែជនបរទេសមិនញញើតទេ ។
យុវជនហ៊ូ សោភា អាយុ២១ឆ្នាំ ជាអ្នកនាំជនបរទេសឱ្យតោងខ្សែឡើងតាមរូងភ្នំទៅកំពូលភ្នំនិយាយកាលពីពេល ថ្មីៗកន្លងមកថាភ្នំសេដាឱន ឬភ្នំក្បាលរមាសកំពុងពេញនិយមពីជនបរទេសទៅកម្សាន្ត និងជិះខ្សែយោងតាមរូងភ្នំទៅកំពូលភ្នំមានកម្ពស់ជាង៥០ម៉ែត្រ ។ នៅក្នុងរូងភ្នំសំបូរដោយបំណែកប្រាសាទបាក់បែក និងមានរូងបត់បែនជាច្រើន ។
ចំណែកស្រី្តឈ្មោះតន គង់ អាយុ៥៩ឆ្នាំ រស់នៅជាប់ជើងភ្នំសេដាឱន ឬភ្នំក្បាលរមាសឱ្យដឹងថា ជារៀងរាល់ឆ្នាំឱ្យតែរដូវចូលឆ្នាំថ្មីប្រពៃណីជាតិ អ្នកស្រុកតែងតែនិមន្តព្រះសង្ឃចូលទៅស្រង់ព្រះក្នុងរូងភ្នំ ព្រោះអ្នកស្រុកមានជំនឿយ៉ាងខ្លាំងទៅលើបារមីថែរក្សាទឹកដីភ្នំក្បាលរមាស ។
លោកគង់ ផល្លា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពតថ្លែងថា ភ្នំសេដាឱន ឬភ្នំក្បាលរមាសបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ជាតិរួចហើយ ។ បើតាមការស្រាវជ្រាវនិងសិក្សាផ្ទាល់ ខាងជំនាញបានរកឃើងឆ្អឹងសត្វរមាសជាច្រើននៅក្នុងរូងភ្នំ ។ ចំពោះពាក្យថាភ្នំសេដាឱននោះវាគ្រាន់តែជារឿងព្រេងប៉ុណ្ណោះ ។
ភ្នំសេដាឱនជាភ្នំធម្មជាតិដែលក្រៅពីសម្រស់ខាងក្រៅគួរឲ្យចង់គយគន់ នៅផ្ណែកខាងក្នុងមានរូងបត់បែនគួរឲ្យចង់ចូលលេងកម្សាន្ត ។ ជាពិសេសជនបរទេសសប្បាយរីករាយនឹងការតោងតាមខ្សែឡើងទៅលើកំពូលភ្នំ ។
អ្នកនាំភ្ញៀវទេសចរទស្សនាកម្សាន្តនៅទីនោះឲ្យដឹងថាតែងតែមានអ្នកទេសចរទៅកម្សាន្តជាបន្តបន្ទាប់ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ ។ គេចង់ឲ្យអ្នកមិនទាន់បានទៅ គួរតែទៅទទួលរសជាតិនៃការកម្សាន្តថ្មីមួយទៀតនៅភ្នំសេដាឱន ៕
ចែករំលែកព័តមាននេះ