ខេត្តព្រៃវែង ៖ កាំភ្លើងវែងមួយដើមម៉ាកM16 (អឹមសី) និងគ្រាប់ចំនួន២៤គ្រាប់ ដែលរុំដោយថង់កៅស៊ូពណ៌ខ្មៅ ច្រកក្នុងការុងពណ៌ស ត្រូវបានអ្នកស្រុកប្រទះឃើញនៅក្នុងចេតិយ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៨ នៅក្នុងភូមិត្រពាំងស្គន់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។
បើតាមសម្ដីរបស់អ៊ុំស្រី ធឹង ហ៊ន់ អាយុ៦៣ឆ្នាំ ជាម្ចាស់ចេតិយខាងលើ បានរៀបរាប់ថា ចេតិយនេះស្ថិតនៅក្រោយផ្ទះគាត់ចំងាយ១២០ម៉ែត្រ ហើយរាល់ថ្ងៃគាត់មិនដែលចាក់សោរនោះទេ ហើយក៏មិនសូវបានទៅមើល និងបោសសម្អាតញឹកញាប់អីដែរ គឺ៤ទៅ៥ថ្ងៃ ឬមួយអាទិត្យទើបទៅបោសសម្អាតម្តង ។ អ៊ុំស្រីបានបន្តទៀតថា នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ ពេលដែលគាត់ទៅបោសសម្អាតជុំវិញចេតិយរួច គាត់ក៏បើកទ្វាចេតិយ បម្រុងចូលទៅសម្អាតក្នុងចេតិយទៀត ស្រាប់តែឃើញការុងពណ៌សមួយនៅក្នុងនោះ មិនដឹងអ្នកណាយកមកលាក់ទុកតាំងពីអង្កាល់ លុះពេលគាត់ទាញយកមកបើកមើល ស្រាប់តែឃើញកាំភ្លើងធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះទៅពិនិត្យមើលតែម្តង ។
ដោយឡែកខាងសមត្ថកិច្ចប៉ូស្តិ៍នគរបាលឃុំជីផុច ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក៏ចុះទៅពិនិត្យមើលភ្លាម ហើយបានបញ្ជាក់ថា កាំភ្លើងនេះម៉ាកM16 (អឹមសី) នៅមានគុណភាព៦០ភាគរយ រួមទាំងបង់១មានគ្រាប់២៤គ្រាប់ សុទ្ធតែនៅល្អអាចប្រើបាន ដែលគេសន្និដ្ឋានថា កាំភ្លើងនេះអាចជារបស់ជនទុច្ចរិតយកមកលាក់ទុក សម្រាប់ធ្វើសកម្មភាពអ្វីមួយ ហើយជនទុច្ចរិតនោះ អាចនៅក្នុងមូលដ្ឋាននោះតែម្តង ហើយពេលនេះសមត្ថកិច្ចកំពុងស៊ើបអង្កេតរកមុខសញ្ញាដើម្បីឃាត់ខ្លួន ចំណែកវត្ថុតាងកាំភ្លើង ត្រូវបានយកទៅរក្សាទុកនៅប៉ូស្តិ៍រដ្ឋបាលឃុំជីផុច ៕
ចែករំលែកព័តមាននេះ