រាជធានីភ្នំពេញ ៖ ប្រសិនជាអ្នកមិនដឹងពីវិធីសាស្ត្រទិញទេ ផ្ទះរបស់អ្នកអាចលក់មិនងាយចេញ និងមិនអាចរកប្រាក់ចំណេញបានទេ ក្នុងករណីអ្នកទិញផ្ទះសម្រាប់ទុកវិនិយោគ ។
ដើម្បីផ្ដល់ចំណេះដឹងជុំវិញបញ្ហានេះ អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីម បានផ្តល់ជាគន្លឹះថា ការទិញ-លក់លំនៅឋាន ឬទិញផ្ទះសម្រាប់វិនិយោគ អ្នកវិនិយោគគួរទិញផ្ទះនៅតំបន់មានសេដ្ឋកិច្ចរស់រវើក ព្រោះតំបន់បែបនេះមានមនុស្សរស់នៅច្រើន និងទាក់ទាញអ្នកចង់មករស់នៅថ្មីផងដែរ ។ គួរទិញផ្ទះស្ថិតនៅកាច់ជ្រុង ព្រោះផ្ទះនៅកាច់ជ្រុង ជាទីតាំងងាយស្រួលប្រើប្រាស់ ឡើងថ្លៃលឿន និងជាទីចាប់អារម្មណ៍របស់អតិថិជន ។
លោកបន្តថា ផ្ទះដែលអាចប្រកបអាជីវកម្មបាន (Shop House) ក៏ជាប្រភេទផ្ទះឡើងថ្លៃលឿន និងងាយស្រួលលក់ផងដែរ ។
លោក ច្រឹក សុខនីម បានបន្តថា ៖« ហេតុនេះ ការជ្រើសរើសលំនៅឋានក្នុងលក្ខខណ្ឌល្អប្រសើរ គួបផ្សំនឹងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ សុទ្ធសឹងតែជាកត្តាអំណោយផលដល់ការវិនិយោគលំនៅឋាន » ។ លោកបន្តថា ៖«ទោះជាយ៉ាងណា បច្ចុប្បន្ន អ្នកទិញលំនៅឋានទុកលក់យកចំណេញ ហាក់បានថយចុះច្រើន ដោយសារការផ្គត់ផ្គង់លំនៅឋានមានការកើនឡើងខ្ពស់ » ។
ទាក់ទងនឹងទីផ្សារលំនៅឋាននៅកម្ពុជា លោក ច្រឹក សុខនីម បានឲ្យដឹងថា ទីផ្សារទិញ-លក់នៅឆ្នាំនេះ នៅតែមានសញ្ញាល្អប្រសើរដោយសារតែលក្ខខណ្ឌមួយចំនួនដូចជា ៖
ទី១ កំណើនសេដ្ឋកិច្ច ដែលធ្វើឲ្យប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើង ។
ទី២ លក្ខខណ្ឌនៃការទទួលបានឥណទាន និងការផ្តល់លក្ខខណ្ឌបង់ប្រាក់កាន់តែប្រសើរ ។
ទី៣ កត្តាប្រជាសាស្ត្រ មានន័យថា ចំនួនប្រជាពលរដ្ឋចូលមករស់នៅក្នុងទីក្រុងកើនឡើងជារៀងរាល់ឆ្នាំ និងទី៤ កត្តាប្រជាពលរដ្ឋវ័យក្មេងច្រើននៅកម្ពុជា ដែលពួកគេបានរៀបការ និងបង្កើតគ្រួសារថ្មីៗច្រើន ធ្វើឲ្យតម្រូវការលំនៅឋានកើនឡើងជាស្វ័យប្រវត្តិ ។
យោងតាមលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងឲ្យដឹងនៅដើមសប្តាហ៍នេះថា ដោយសារការរីកចម្រើននៃសេដ្ឋកិច្ច កំណើនប្រាក់ចំណូលប្រជាពលរដ្ឋ និងការកើនឡើងនូវកត្តាប្រជាសាស្ត្របានធ្វើឲ្យកម្ពុជាត្រូវការលំនៅឋានប្រមាណ១ម៉ឺនខ្នងជារៀងរាល់ឆ្នាំ ប៉ុន្តែតម្រូវការភាគច្រើនសម្រាប់ប្រជាពលរដ្ឋមានជីវភាពមធ្យម និងក្រោមមធ្យម ។ ហេតុនេះ អ្នកអភិវឌ្ឍន៍ គួរផ្តោតលើការវិនិយោគសាងសង់លំនៅឋានមានតម្លៃទាបបន្ថែមទៀតនៅតំបន់ជាយក្រុង ៕
ចែករំលែកព័តមាននេះ