ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនៀម​លៀង​មេមត់​ជំនឿរបស់​ប្រជាជន​ក្នុង​តំបន់​អង្គរ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​អង្គរ បាន​រៀបចំ​យ៉ាង​គគ្រឹក គគ្រេង នា​ថ្ងៃ​៣​រោច ខែមាឃ ឆ្នាំរកា ត្រូវ​នឹង​ថ្ងៃ​ទី​៣ ខែកុម្ភៈ…

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​អង្គរ បាន​រៀបចំ​យ៉ាង​គគ្រឹក គគ្រេង នា​ថ្ងៃ​៣​រោច ខែមាឃ ឆ្នាំរកា ត្រូវ​នឹង​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅផ្ទះ​អ្នកស្រី​គង់ ជា គ្រូធំ​មួយ​មាន​គេ​គោរព​ច្រើន ស្ថិត​ក្នុងភូមិ​នគរ​ក្រៅ សង្កាត់​គោក​ចក ក្រុង​សៀមរាប ។
ជា​រៀង​រាល់​ឆ្នាំ តាំងពី​បុរាណ​មក ឱ្យ​តែ​ដល់​ខែមាឃ អ្នកស្រុក​អង្គរ​ដែល​មាន​ជំនឿ និង​រក្សា​បាន​ខ្ជាប់ខ្ជួន​នូវ​មរតក​ទាក់ទង​នឹង​ពិធី​លៀង​មេមត់ តែង​ប្រារព្ធ​ពិធី​នេះ​មិន​ដែល​ខកខាន​នៅ​តាម​ភូមិ​ស្រុក​របស់​ខ្លួន​យ៉ាង​អធិកអធម ។

អ្នកស្រី​គង់ ដែល​ជា​គ្រូធំ ក្នុងភូមិ​នគរ​ក្រៅ​ឱ្យ​ដឹង​ថា ឆ្នាំ​នេះ​មាន​មេមត់​ក្មេង​ចាស់ ប្រុស​ស្រី​ជាង​៣០​នាក់ ដែល​មក​លៀង មេមត់​នៅផ្ទះ​របស់​គាត់ ។ អ្នកខ្លះ​គេ​ខ្មាស​អៀន​ក្នុង​ការ​រាំរែក គេ​បាន​យក​គ្រឿងរ​ណា្ត​ប់​មក​ឱ្យ​គាត់ ចូល​ជំនួស ឬ​ក៏​បងប្អូន​គេ​ដែល​មាន​រូប​ស្នង​ត្រូវ​មក​លៀង​មេមត់​ដែរ​ក៏​មាន ។ ការ​រៀបចំ​លៀង​មេមត់ នេះ គឺ​ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន ឱ្យ​ព្រលឹង​ដូច​តា​ជា​គ្រូ​កំណើត ជា​ឈ្នួ​របា​ន​រាំរែក​ឱ្យ​សប្បាយ​មួយ​ឆ្នាំ​ម្តង និង​ឱ្យ​អ្នក​ស្នង​រូប ជា​រូប​ជា​អង្គ​ពី​ជំងឺ​ឈឺក្បាល​វិលមុខ ផ្សេង​ៗ​ផង​ដែរ ។

អ្នកស្រី​គង់ ដែល​មាន​គ្រូធំ​ជា​ស្តេច​ស្វា ហៅ​ថា «​ព្រះរាជ​គ្រូ​» ចូល​សណ្ឋិត​ជាង​១០​ឆ្នាំ​មក​ហើយ​នោះ ដំបូង​មិន​បាន​ជឿ​លើ​ជំនឿ​នេះ​ទេ រហូត​ឈឺ​ត្រដាបត្រដួស​ស្ទើរ​ស្លាប់​ស្ទើរ​រស់ រក​ពេទ្យ​បី​បួន​មើល​មិនជា ដាក់​ថ្នាំ​មិន​ត្រូវ ដល់​ថ្នាក់​ឈឺ​ទាំង​កូន ទាំង​ប្តី ទើប​ចាប់​ផ្តើម​រៀបចំ​អាសនៈ គ្រឿង​រណ្តាប់​សម្រាប់​គ្រូ​ដែល​ចង់​នៅ​ជាមួយ ហើយ​ប្រតិបត្តិ​តាម​ដោយ​កាន់សីល កាន់​ធម៌​សច្ចៈ ក៏​បានជា​សះស្បើយ គ្រួសារ​ក៏​សុខ​សប្បាយ ជីវភាព​ក៏​ធូរធារ​ជាង​មុន ។

អ្នកស្រី​គង់​ត្រូវ​អ្នក​ភូមិ​និង​ក្រៅ​ភូមិ​ស្រុក​ផង​ឱ្យ​ជួយ​ព្យាបាល​ជំងឺ ដោះ​អំពើ​ផ្លូវ​ងងឹត ទស្សន៍​ទាយ ស្រោច​ទឹក លើករាសី​ក្នុង​ការ​រកស៊ី កាត់​គ្រោះជា​ហូរហែ ។ លើស​ពី​នោះ​ទៀត គាត់​ក៏​ជា​អ្នក​ប្រោះព្រំ​បង្កក់​រាសី​ដល់​មេមត់ ផ្សេង​ៗ​ទៀត​នៅ​ក្នុងស្រុក ក្រៅ​ស្រុក តាម​ដែល​គេ​ជឿជាក់​និង​គោរព​រាប់អាន រហូត​ដល់​គេ​ហៅ​ថា ជា «​គ្រូធំ​» ។ ដូច្នេះ​ហើយ​រៀង​រាល់​ឆ្នាំ គេ​តែង​រៀបចំ​លៀង​មេមត់​នៅផ្ទះ​របស់​គាត់ ព្រោះ​គេ​ជឿ​ថា​មាន​តែ​គ្រូធំ​ទេ ដែល​អាច​ការពារ​យឹតយោង​មេមត់ ផ្សេង​ៗ និង​ការ​ផ្ចាញ់ផ្ចាល់​ពី​សភាវៈ​អាក្រក់​មក​យាយី​បៀតបៀន​បាន ។

ក្នុង​នាម​ជា​គ្រូធំ​ម្នាក់ អ្នកស្រី​គង់ មាន​តួនាទី​មើលថែ ការពារ និង​យឹតយោង​មេមត់​ផ្សេង​ៗ​ដែល​មក​លៀង​ពី​ពួក​សភាវៈ​អាក្រក់​កុំឱ្យ​បៀតបៀន​តាម​ផ្លូវ​ងងឹត រួម​ទាំង​សម្រប​សម្រួល​​ដល់​មេមត់​ខ្លះ​ទៀត​ដែល​ទើប​មក​ថ្មី ហើយ​ក៏​ជា​អ្នក​សួរនាំ​ពី​បំណង ឬ​តម្រូវការ​របស់​ព្រលឹង​នៃ​រូប​នោះ​ផង​ដែរ​ពេល​រូប​នោះ​និយាយ​អ្វី​ប្រាប់​។ ចំពោះ​អ្នកស្រី «​មេមត់​» គ្រាន់តែ​ជា​ព្រលឹង​ដូនតា​ដែល​បាន​ស្លាប់​ទៅ​ក្លាយជា​ខ្មោច​ដែល​មាន​ឫទ្ធិ​អំណាច​ព្រោះ​ធ្លាប់​ជា​អ្នករៀន​មន្ត​វិជ្ជាការ ផ្សេង​ៗ​កាល​នៅ​រស់​ដែល​ខ្លះ​កាច ខ្លះ​ស្លូត ក្រមិចក្រមើម រប៉ិលរប៉ូច​តាម​និស្ស័យ​ជា​មនុស្ស​កាល​នៅ​រស់ តែ​មិនមែន​វិញ្ញាណ​អាក្រក់ ស្មោកគ្រោក ដើរ​ធ្វើបាប​កូនចៅ ឬ​អ្នក​ណា​ផ្សេង​នោះ​ទេ ។

ព្រលឹង​ទាំងនេះ​តែងតែ​នៅ​ជាមួយ​កូនចៅ​ណា​ម្នាក់​ក្នុង​គ្រួសារ​ដែល​មាន​និស្ស័យ​ជាមួយ ហើយ​ទាមទារ​ឱ្យ​យើង​ជា​អ្នក​កាន់ អ្នក​ស្នង​រូប​គោរព រំឭក​នឹក​គុណ មិន​ឱ្យធ្វើ​អ្វី​ដែល​អាក្រក់ និង​រៀប​គ្រឿង​រណ្តាប់​តាម​អ្វី​ដែល​ត្រូវការ ហើយ​ចង់​រាំរែក​ឱ្យ​សប្បាយ​រីករាយ​តែ​ប៉ុណ្ណោះ ។ បើ​យើង​ធ្វើ​តាម​បាន យើង​ក៏​សុខ​សប្បាយ តែបើ​យើង​ល្មើស ធ្វើ​អាក្រក់ ខុស​ប្រពៃណី មិន​អើពើ​នឹង​ធ្វើ​ឱ្យ​អ្នក​នោះ ឬ​កូនចៅ​មាន​ជំងឺ​តម្កាត់ ឬ​រកស៊ី​មិនសូវ​ធូរធារ តែបើ​យើង​ដឹង ហើយ​កែខៃ​វិញ នោះ​នឹង​បាន​ល្អ​ប្រសើរ ។

អ្នកស្រី​គង់ រៀបរាប់​ដោយ​អឹមអៀន​និង​អស់សំណើច​ថា ពេល​ចូល​រូប​អត់​ខ្មាស​ទេ ឮ​តែ​ភ្លេងពិណពាទ្យ គឺ​ចង់​តែ​រាំ​ទ្រាំ​មិន​បាន ទាំង​តាម​ធម្មតា​អ្នកស្រី​ជា​មនុស្ស​អៀន​ច្រើន សុភាព មិន​ចេះ​រាំរែក​សូ​ម្បី​បន្តិច ។ អ្នកស្រី​នឹង​បន្ត​ជំនឿ​នេះ​រហូត ព្រោះ​ជំនឿ​នេះ​ធ្វើ​ឱ្យ​អ្នកស្រី គ្រួសារ និង​ស្រុកភូមិ​មាន​ក្ដី​សុខ ហើយ​ក៏​មិន​ជឿ​ដែរ​ថា ជំនឿ​នេះ​នឹង​បាត់បង់​ពី​ទឹកដី​អង្គរ ព្រោះ​មាន​កូនចៅ​ច្រើន​ណាស់​ចាំ​គោរព​ប្រតិបត្តិ និង​ជឿជាក់ ហើយ​វា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​មិន​អាច​បោះបង់​ចោល​បាន​ក្នុង​ការ​រស់នៅ ។

ចំណែក​អ្នកស្រី​ប្រាក់ ដែល​មាន​ឈ្នួ​រ​កាន់​យូរ​ឆ្នាំ​ហើយ​ដែរ​នោះ ក៏​មក​លៀង​រាល់​ឆ្នាំ​ដែរ​បាន​ប្រាប់​ថា យើង​មាន​ឈ្នួ​រ ឬ​គ្រូ​កំណើត​កាន់ គឺ​យើង​ចេះ​តែ​ឈឺ​នេះ ឈឺ​នោះ ទៅ​ពេទ្យ​ក៏​មិនជា លេបថ្នាំ​ក៏​មិន​ត្រូវ ក៏​ទៅ​ឱ្យ​គ្រូ​ដែល​ចេះ​ទស្សន៍​ទាយ​មើល ទើប​ដឹង​ថា យើង​ទាស់​អី ខ្វះ​អី​លុះ​ពេល​ដឹង​ថា ជា​គ្រូ​កំណើត​ឬ​ឈ្នួ​រហើយ គេ​ត្រូវការ​បែប​ម៉េច ត្រូវការ​អ្វីខ្លះ ក៏​រៀប​ទៅ​តាម​គេ​តម្រូវ មិន​ចេះ​តែ​ធ្វើ​តាម​ចិត្ត​នោះ​ទេ ។ ការ​រៀប​ជម និង​គ្រឿង​រណ្តាប់​សម្រាប់​គ្រូ​កំណើត​និង​ឈ្នួ​រ គឺ​ខុស​គ្នា ។ បើ​យើង​រៀប​ត្រូវ ពេល​រូប​ចូល​មក​ក៏​រាំរែក​សប្បាយ​រីករាយ បង្អួត​បង្ហាញ​គេ ហើយ​លើក​មក​ថើប​ដោយ​ក្តី​ស្រឡាញ់ ហើយ​រូប​កាយ​អ្នក​ស្នង​ក៏​ស្រឡះ​ខ្លួន ជា​សះស្បើយ​ពី​ជំងឺ​។

ផ្ទុយ​ទៅ​វិញ បើ​រៀបចំ​គ្រឿង​រណ្តាប់​មិន​ត្រូវ ពិសេស​ជម​គឺ​មេមត់​មិន​ចូល​រូប​ឡើយ ឬ​ចូល​តែ​យំ មិន​រាំ​លេង បោកប្រាស់ ក្រ​ញេ​ក្រញូវ ដែល​គេ​ថា «​មេមត់​ង៉ក់​» ហើយ​ធ្វើ​ឱ្យ​រូប​កាយ​អ្នក​ស្នង​មិនជា​ស្រួលខ្លួន​ដែរ ។

អ្នកស្រី​ទិ​ត្យ ហៀ​ម មាន​ទាំង​ឈ្នួ​រយាយ​តា​កាន់​ផង គ្រូ​កំណើត​កាន់​ផង​ជាង​២០​ឆ្នាំ​មក​ហើយ ។ គាត់​មិន​ដែល​ខកខាន​ទេ​ក្នុង​ការ​មក​លៀង​មេមត់ ដើម្បី​ឱ្យ​គ្រូ​កំណើត និង​ឈ្នួ​របា​ន​រាំរែក​សប្បាយ​ពេល​ដល់​ខែ​ដល់​រដូវ ។ អ្នកស្រី បញ្ជាក់​ថា ឈ្នួ​រ គឺ​តម​ក​ពី​ម៉ែ​ពី​ឪ យាយ​តា ហើយ​ត្រូវ​រាំរែក​ជាប់​រាល់​ឆ្នាំ ឯ​គ្រូ​កំណើត គឺជា​គ្រូ​ដែល​យើង​បាន​ទៅ​រៀនសូត្រ​ធម៌​មន្ត​វិជ្ជាការ​ជាមួយ ឬ​ទៅ​ឱ្យ​កាត់​មើលជំងឺ​ឱ្យ លុះ​ពេល​គាត់​ស្លាប់​ទៅ គ្រូ​គាត់​ក៏​នឹង​មក​ទុំ​(​នៅ​ជាមួយ​) យើង តែ​វា​មិន​ទាំងអស់​ទេ អាស្រ័យ​លើ​និស្ស័យ ហើយ​គ្រូ​កំណើត គឺ​រាំ​៣​ឆ្នាំ​ម្តង ។

បើ​ទោះបី​មាន​វ័យ​ជាង​៥០​ឆ្នាំទៅ​ហើយ​ក៏​ដោយ ក៏​អ្នកស្រី​ប្រកាន់​ជំហរ​យ៉ាង​មុតមាំ​មិន​បោះបង់​ចោលការ​ចូល​រូប មិន​បោះបង់​ចោល​ព្រលឹង​ដូនតា ឬ​ចង​ឈ្នួ​រ​ចោល​ដែរ ព្រោះ​វា​បាប វា​ធ្វើ​ឱ្យ​យើង​ឈឺ វា​ដូច​ជា​យើង​បង្អត់បាយ​បង្អត់ទឹក​ដូនតា ម៉ែឪ​យើង​ឱ្យ​ក្តៅ​ក្រហាយ ណាមួយ​វា​ក៏​មិន​លំបាក​អី​ផង មួយ​ឆ្នាំ​រៀបចំ​ពិធី​តែ​ម្តង ហើយ​កូនចៅ​ក៏​គាំទ្រ​និង​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​មក​រៀបចំ​ពិធី​លៀង​មេមត់​នេះ​ទៀត ! បើ​យើង​គោរព​តាម យើង​ក៏​ស្រឡះ​រូប​ស្រឡះ​អង្គ កូនចៅ​សុខ​សប្បាយ និង​ជា​ទំនៀមទម្លាប់​ពី​បុរាណ​ផង​» ។

ពិធី​លៀង​មេមត់​គឺ​ពិតជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រជាជន​ក្នុង​តំបន់​អង្គរ ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ការ​រស់នៅ​របស់​ពួក​គាត់​ទាក់ទង​នឹង​ជំនឿ​ដែល​ផ្តាច់​មិន​បាន បើ​ទោះបី​វិទ្យា​សាស្ត្រ​និង​ផ្នែក​សុខាភិបាល​មានការ​រីក​ចម្រើន​ខ្លាំង​ក្តី ។ លើស​ពី​នោះ​ទៀត ក៏​បង្ហាញ​ពី​ការ​ដឹងគុណ​ចំពោះ​បុព្វបុរស​ជា​គ្រូបាចារ្យ ជា​ឪពុក​ម្តាយ​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​ផង​ដែរ មិន​ថា​គាត់​ទៅ​ជា​អ្វី ក៏​នៅ​តែ​កូនចៅ​រាប់រក​ជា​និច្ច ។

ការ​ចូលរួម ភាព​ជឿជាក់ និង​ការ​ឃើញ​រឿងហេតុ​អស្ចារ្យ​នៅ​ក្នុង​ពិធី ជា​អ្វី​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​យល់​ថា វត្ថុ​ស័ក្ដិសិទ្ធិ និង​បារមី​នៅ​តែ​មានជីវិត​រស់នៅ​លើ​ដែនដី​អង្គរ មិន​សាបសូន្យ​ទៅ​ណា ។ ការ​ប្រតិបត្តិ​ទាំង​នេះ​ជា​ការ​រួមចំណែក​មួយ​ក្នុង​ការ​ថែរក្សា​មរតក​ជំនឿ​ឱ្យ​នៅ​តែ​មានជីវិត​គ្រប់​ជំនាន់ និង​បញ្ជាក់​ពី​កំណើត អត្តសញ្ញាណ​របស់​ជាតិខ្មែរ ដែល​មិន​គួរ​ឱ្យ​បាត់បង់​តាម​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ