រាជធានីភ្នំពេញ ៖ ហ៊ឹម សេរី មកពីក្លិបតាព្រហ្មមានជ័យ និងរឿង សារ័ត្ន មកពីក្លិបកងទ័ពពិសេសឆត្រយោង៩១១ ត្រូវបានគេរៀបចំឱ្យជួបប្រកួតជាមួយកីឡាករថៃនៅលើសង្វៀនទូរទស្សន៍MyTVនាថ្ងៃសុក្រ ទី២៦ មករា ។ អ្នកនិយមទស្សនាកីឡាប្រដាល់ភាគច្រើនកំពុងតែទន្ទឹងរង់ចាំមើលថាតើកីឡាករកម្ពុជាទាំងពីររូបនេះអាចសម្រេចគោលដៅរបស់ខ្លួនឬយ៉ាងណាខណៈកីឡាករថៃដែលពួកគេត្រូវជួបនាពេលនេះសុទ្ធតែជាជើងខ្លាំងក្នុងពិភពប្រដាល់បែបនេះ។
ហ៊ឹម សេរី ត្រូវបានគណៈកម្មការរៀបចំផ្គូផ្គងឱ្យជួបប្រកួតជាមួយកីឡាករថៃឈ្មោះប៉ា
សក្ដិឡេក ផ.ភិតសាយឈុន ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។ កីឡាករថៃរូបនេះមិនធ្លាប់មកប្រកួតនៅស្រុកខ្មែរទេប៉ុន្តែបើមើលលើប្រវត្តិប្រកួតរបស់គេវិញពិតជាមិនជាធម្មតា ។ មន្ត្រីគណៈកម្មការរៀបចំការប្រកួតលោក មាស សុខគ្រី បានឱ្យដឹងថា កីឡាករថៃម្នាក់នេះធ្លាប់ប្រកួតរហូតដល់ទៅ៧០ដង ឈ្នះ៥០ដង ស្មើ៣ដង ចាញ់១៧ដង និងធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់១២ដង ក្នុងពេលកីឡាករកម្ពុជាហ៊ឹមសេរី ធ្លាប់ប្រកួតបានត្រឹមតែ៦២ដង ឈ្នះ៥៦ដង ស្មើ១ដង ចាញ់៥ដង និងធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់១៦ដង ។ ទោះបីយ៉ាងណា លោកមាស សុខគ្រី ប្រាប់ថា ដោយសារតែមួយរយៈនេះ ហ៊ឹម សេរី ព្យាយាមហ្វឹកហាត់មិនដែលខាននោះ ប្រហែលជាអាចស៊ីសងគ្នាបាន ។
ចំណែក រឿង សារ័ត្ន វិញត្រូវជួបប្រកួតជាមួយកីឡាករថៃឈ្មោះឆាណាក់សឹកឡេក តូងប្រាសាទហ៊ីន ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។កីឡាករថៃរូបនេះធ្លាប់ប្រកួតបានរហូតដល់ទៅ៧២ដង ឈ្នះ៥២ដង ស្មើ២ដង ចាញ់១៨ដង និងធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់១៨ដង។ ចំណែករឿង សារ័ត្នវិញ ធ្លាប់ប្រកួតបានរហូតដល់ទៅ៨៩ដង ឈ្នះ៦៣ដង ស្មើ៥ដង ចាញ់២១ដង និងធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់បាន១១ដង ។ កីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែរប៉ុន្មានលើកដែរ តែមិនធ្លាប់ជួបប្រកួតជាមួយរឿង សារ័ត្ន ពីមុនមកទេ ដូច្នេះចាំមើលគូនេះអ្នកណាខ្លាំងជាង។
រីឯគូប្រកួតមិត្តភាពធម្មតាវិញនោះមានកីឡាករ សុខ វាសនា មកពីក្លិបឃ្លាំងមឿងកីឡា ប្រកួតជាមួយកីឡាករ យ៉ុន ដារ័ត្នមកពីក្លិបតាឡីដំរីមានរិទ្ធ និងកីឡាករចៅ ចេក មកពីក្លិបយុវវាលស្បូវ ខណ្ឌច្បារអំពៅប្រកួតជាមួយកីឡាករ សូរ ចាន់រាជ មកពីក្លិបតាព្រហ្មមានជ័យ៕
ចែករំលែកព័តមាននេះ