ខេត្តស្វាយរៀង ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តធ្វើសន្និសីទកាសែតបង្ហាញមុខក្រុមឧក្រិដ្ឋជនជួញដូរចែកចាយគ្រឿងញៀនខុសច្បាប់បែកធ្លាយមេខ្លោងជួញដូរគ្រឿងញៀននៅក្នុងគុកព្រៃសជាអ្នកបញ្ជាក្នុងការជួញដូរ និងចែកចាយគ្រឿងញៀននៅរាជធានីភ្នំពេញ និងបន្តចែកចាយមកតាមបណ្តាខេត្តរហូតដល់ខេត្តស្វាយរៀងតែត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថចុះប្រតិបត្តិការបង្ក្រាបរយៈពេល៣ថ្ងៃចាប់ជនសង្ស័យចំនួន១០នាក់ស្រី៤នាក់ជាបន្តបន្ទាប់ក្នុងនោះជនជាតិវៀតណាម៤នាក់ ។
ដកហូតថ្នាំញៀនសរុបបានចំនួន៧គីឡូ៣៥៦ក្រាមចុច៥៤, រថយន្តម៉ាក TOYOTA ប្រ៊ូស១គ្រឿង, ម៉ូតូចំនួន២គ្រឿង, អាវុធខ្លីចំនួន២ដើម, គ្រាប់២បង់, ជញ្ជីងថ្លឹងគ្រឿងញៀន២, សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ ប្រាក់ដុល្លារចំនួន៥០០ដុល្លារ, ប្រាក់វៀតណាម២.៥០០.០០០ដុង, ប្រាក់រៀល៤៥០០០០រៀល ។
បើតាមលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឱ្យដឹងថា នេះជាលើកទី១ហើយដែលកងរាជអាវុធហត្ថខេត្តចុះធ្វើប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនរក្សាទុកឬជួញដូរចែកចាយគ្រឿងញៀនដោយខុសច្បាប់ជាទ្រង់ទ្រាយធំក្នុងដើមឆ្នាំ២០១៨ នេះរយៈពេល៣ថ្ងៃបង្ក្រាប និងចាប់ខ្លួនជនសង្ស័យបាន៥នាក់ស្រីម្នាក់រឹបអូសថ្នាំញៀនបានរហូតជាង៧គីឡូក្រាម ។
លោកឧត្តមសេនីយ៍បន្តទៀតថា ដោយមានចម្លើយសារភាពថា មានមេខ្លោងនៅរាជធានីភ្នំពេញលោកក៏បានរាយការណ៍ជូនលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកអភិបាលនៃគណអភិបាលខេត្តស្វាយរៀងបានបញ្ជាផ្ទាល់សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំដោយលោកឧត្តមសេណីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងទទួលផែននគបាលយុត្តធម៌ និងមានការសម្របសម្រួលពីលោក គង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងរាជធានីភ្នំពេញចុះបង្ក្រាប៣ករណីជាបន្តបន្ទាប់ ។
បន្ទាប់មកសមត្ថកិច្ចក៏បានឲ្យជនសង្ស័យឈ្មោះ ពៅ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនកម្មង់ទិញថ្នាំពីអ្នកនៅក្នុងគុកព្រៃសរហូតដល់វេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ មេខ្លោងជួញដូរគ្រឿងញៀនបានណាត់ជួបចំណុចហាងសាច់អាំងព្រហ្មបាយ័នខាងក្រោយរោងកុនលុច ស្ថិតនៅចំណុចសង្កាត់ផ្សារកណ្តាល ផ្លូវលេខ១៥៤កែងផ្លូវលេខ១៩ ខណ្ឌដូនពេញ ដោយមេខ្លោងដែលនៅក្នុងគុកព្រៃសបានបញ្ជាឲ្យឈ្មោះ ង៉ូវ សុភារម្យ ភេទប្រុស អាយុ៣០ឆ្នាំ យកថ្នាំមកជំនួស ក៏ត្រូវបានសមត្ថកិច្ចក្របួចជាប់ ។ ហើយជនសង្ស័យឈ្មោះ ង៉ូវ សុភារម្យ សារភាពថា ខ្លួនជាកូនចៅមេខ្លោងគ្រឿងញៀននៅគុកព្រៃស ៕
ចែករំលែកព័តមាននេះ