រាជធានីភ្នំពេញ ៖ ក្រុមជើងឯកឆ្នាំចាស់Never Careបានត្រឡប់មកដល់មាតុប្រទេសវិញហើយកាលពីរសៀលថ្ងៃទី១៦ មករា បន្ទាប់ពីទទួលបានត្រឹមចំណាត់លេខ២ប៉ុណ្ណោះពីព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិក(Mission Against Terro International Championship 2018)នៅប្រទេសថៃ ដោយចាញ់ក្រុមម៉ាឡេស៊ីនៅវគ្គផ្ដាច់ព្រ័ត្រ។
លោក សេន តូ ប្រធានក្រុមNever Careបានឱ្យដឹងថា សម្រាប់ការប្រកួតលើកនេះ ពិតជាមានការតឹងតែងយ៉ាងខ្លាំង ព្រោះក្នុងចំណោម៤ប្រទេសដែលស្ថិតនៅក្នុងពូលBពួកគេសុទ្ធតែខ្លាំងហួសពីការរំពឹងទុកទៅទៀត ។
ជាក់ស្ដែងនៅវគ្គសន្សំពិន្ទុគឺក្រុមរបស់លោកជួបការលំបាកយ៉ាងខ្លាំងទម្រាំឆ្លងផុតបានឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប៉ះជាមួយក្រុមសិង្ហបុរី ។ ក្រុមរបស់លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាពលេងរបស់ក្រុមសិង្ហបុរីដែលខ្លាំងជាងមុនហួសពីការស្មាន ធ្វើឱ្យក្រុមលោកជួបការលំបាកយ៉ាងខ្លាំងនិងត្រូវប្រឹងប្រែងអស់ពីសមត្ថភាពហើយទើបអាចយកឈ្នះបានឡើងមកជួបក្រុមម៉ាឡេស៊ីនៅវគ្គផ្ដាច់ព្រ័ត្រ ។
លោកថា ទោះបីជាខំប្រឹងប្រែងយ៉ាងណាក៏ក្រុមNever Careបានត្រឹមចំណាត់ថ្នាក់លេខ២ប៉ុណ្ណោះដោយសារចាញ់ក្រុមខ្លាំងម៉ាឡេស៊ីនៅវគ្គផ្ដាច់ព្រ័ត្រ។
លោក សេន តូ បញ្ជាក់ថា សម្រាប់ក្រុមកម្ពុជាយើងនៅតែមានមោទភាពដដែលទោះបីចាញ់ក្រុមម៉ាឡេស៊ីនាពេលនេះវាគ្មានអ្វីត្រូវភ្ញាក់ផ្អើលនោះទេ ដោយសារក្រុមមួយនេះធ្លាប់ខ្លាំងតាំងតែពីដើមរៀងមក។
តាមការឱ្យដឹង កម្ពុជានឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៩ (Mission Against International Championship2019) ដែលនេះគឺជាលើកទី២ហើយបន្ទាប់ពីលើកទី១ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៤៕
ចែករំលែកព័តមាននេះ