ខេត្តក្រចេះ ៖ ដោយសារតែស្ថានភាពអាកាសធាតុបានអំណោយផលល្អពោលគឺទឹកទន្លេ មេគង្គបានស្រកចុះតាំងពីរដូវដើមឆ្នាំ។ អាកាសធាតុបែបបានធ្វើឲ្យពលរដ្ឋជាច្រើនរយគ្រួសារ ក្នុងសហគមន៍រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី បានសម្តែងនូវការសប្បាយចិត្តយ៉ាងពន់ពេក និងបាននាំគ្នារុះរាន់ សម្រុកសាងសង់រោងខ្យូសផ្ទះទឹកដូចតាមទម្លាប់រាល់ឆ្នាំសម្រាប់ទទួល ភ្ញៀវមកលេងកម្សាន្តក្នុងរមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី។ ប្រជាសហគម៍ បានលើកឡើងថា ស្ថានភាពទឹកទន្លេបានស្រកនារដូវដើមឆ្នាំនេះជាអំណោយផលល្អដល់ពួកគាត់ ជាប្រជាសហ គមន៍ដែលរកប្រាក់ចំណូលពីទេសចរណ៍ គឺបានពន្យាការលក់ដូរក្នុងសហគមន៍ទេសចរណ៍ មួយនេះបាន រយៈពេលយូរជាងរៀងរាល់ឆ្នាំទម្រាំដល់រដូវទឹកដំឡើងងលិចលង់មកវិញនោះ។ តំបន់អេកូទេសចរណ៍ធម្មជាតិរមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី។ រមណីយដ្ឋាននេះជាតំបន់អេកូទេសចរណ៍ធម្មជាតិពិតៗ ដែលបង្កើត ភាពទាក់ទាញជាមួយភាពស្រស់ត្រកាលបែបធម្មជាតិ និងខ្យល់អាកាសបរិសុទ្ធពី ទិដ្ឋភាពខ្សែទឹកហូរខ្មួលខ្មាញ់នៅលើផ្ទៃថ្មជាមួយនឹងគុម្ពជ្រៃដុះអមសងខាងនៅកណ្តាលដងទន្លមេគង្គ។
ក្នុងរដូវប្រាំងជារដូវទឹកសម្រកទឹកទន្លេថ្លាឆ្វង់បានហូរជាចន្លោះពុះជាជួរៗតាមជួរជ្រៃដែលដុះនៅប្រ៉បអមសងខាងខ្សែទឹក ស្ថិតនៅកណ្តាលដងទន្លេមេគង្គរំលេចខ្សាច់កោះតូចធំ បានធ្វើឲ្យតំបន់ទឹកជួរទន្លេមេគង្គកាំពីមួយនេះ បង្កើតភាពទាក់ទាញជាខ្លាំង ជាងបណ្តារមណីយ ដ្ឋាននានាជាច្រើនកន្លែងទៀតក្នុងខេត្តពីភ្ញៀវជាតិ និងអន្តរជាតិក្នុងដំណើរទៅងូតទឹកលេង និង ទទួលទានម្ហូបអាហារត្រីសាច់ដ៏សម្បូរបែប ដែលរៀបចំពីប្រជាសហគមន៍នៅតំបន់នោះតាំង ពីរដូវទឹកសម្រករហូតដល់រដូវទឹកដំឡើង។ បើទោះជាត្រូវធ្វើដំណើរតាមផ្លូវក្រាលកៅស៊ូដ៏តូចចង្អៀត ជាផ្លូវសល់ពីសម័យសង្គមរាស្ត្រនិយមមានទីតាំងនៅស្របនឹងដងទម្លេមេគង្គមានចម្ងាយផ្លូវជាង១៥គីឡូម៉ែត្រ ពីទីរួមខេត្ត ដោយការធ្វើដំណើគឺត្រូវចំណាយពេលរហូតដល់ជាង២០នាទីយ៉ាងណាក្តី។ ក៏ជារៀងរាល់ឆ្នាំនៅរដូវប្រាំង នាថ្ងៃឈប់សម្រាក់ចុងសប្តាហ៍ពិសេសក្នុងរដូវបុណ្យទាន គឺភ្ញៀវទេចរណ៍មិនថា អ្នករស់នៅក្នុងស្រុកក៏ដូចជាអ្នកក្រៅស្រុកនោះទេ បានសម្រុកនាំគ្នាទៅងូតទឹកលេងកម្សាន្ត នៅក្នុងរមណីយដ្ឋាននេះមិនលស់ថ្ងៃនោះទេ។
ស្របទៅនឹងស្ថានភាពទឹកទន្លេបានស្រកនារដូវប្រាំងដើមឆ្នាំ បានធ្វើឲ្យពលរដ្ឋសហគមន៍ សម្តែងការសប្បាយចិត្ត និងការរកចំណូលពីទេសចរណ៍សហគមន៍ថាមានរយៈពេលយូរផងដែរនោះ។ ជារៀងរាល់ថ្ងៃគឺមានខ្យូសផ្ទះទឹក ប្រក់ស្បូវក្រាលរនាឫស្សីមានចំនួនជាច្រើនរយ រោងខ្យូស គឺត្រូវបានសាងសង់រួចជាបណ្ដើៗទុកសម្រាប់ទទួលភ្ញៀវនៅជាជួរៗពីលើខ្សែទឹកហូរ។ បុរសវ័យចំណាស់ជាប្រជាសហគមន៍ម្នាក់ ដែលកំពុងតែកាត់អារដើមឫស្សីខ្លីដើម្បីសង់ រោងខ្យូសនៅក្នុងរមណីយដ្ឋានបានរៀបរាប់ថា ពលរដ្ឋនៅក្នុងសហគមន៍កាំពីមានចំនួនជាង៣០០ គ្រួសារទទួលបានប្រយោជន៍ផ្ទាល់ពីតំបន់ទេសចរណ៍នេះបន្ទាប់ពីរបរកិសកម្ម។ ហើយប្រាក់ ចំណូលដែលបានមកពីទេសចរណ៍មានដូចជា ការធ្វើរោងខ្យូសម្រាប់ជួលឲ្យភ្ញៀវ និងការធ្វើម្ហូប អារហារសម្រាប់លក់ និងការច្នៃប្រឌិតផ្សេងទៀត។
បុរសវ័យចំណាស់រូបនេះ បានលើកឡើងទៀតថា ឆ្នាំនេះការសាងសាង់រោងខ្យូសរបស់ប្រជាសហគមន៍ គឺសាងសង់បានចំនួនច្រើនជាងឆ្នាំមុន ហើយការសង់សង់លើសចំនួននេះ គឺ ដើម្បីបំពេញតម្រូវការលើចំនួនភ្ញៀវដែលមកលេងកម្សាន្តនារដូវបុណ្យទាន ពិសសេពេលថ្ងៃ ចូលឆ្នាំខ្មែ។ ព្រោះជារៀងរាល់ឆ្នាំចំនួនខ្យូសមិនបានបំពេញតាមចំនួនភ្ញៀវនោះទេ។ ទន្ទឹមនឹងការសម្រុកធ្វើរោងខ្យូសផ្ទះទឹកដើម្បីទទួលភ្ញៀវរបស់ប្រជាសហគមន៍ទាំងនេះ ក៏ ត្រូវបានក្រុមមន្ត្រីមន្ទីរជំនាញ បានវាយតម្លៃងថាការសាសង់របស់ពួកគាត់សម្រេចបានជាង ៤០%នៃផែនការហើយ។ ក្រុមមន្ត្រីនៃមន្ទីរទេសចរណ៍បានបញ្ជាក់ថា កន្លងមកមុនរដូវ ទឹកសម្រកមន្ត្រីនៃមន្ទីរ បានចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ពួកគាត់ក្នុងការលក់ដូរម្ហូប អាហារឲ្យបានសមរម្យដល់ភ្ញៀវ និងជួយការពារថែទាំបរិស្ថាន អនាម័យដើម្បីបម្រើសេវាកម្មដល់ វិស័យទេសចរណ៍នៅក្នុងតំបន់រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី ដែលរមណីយដ្ឋានធម្មជាតិទី១ ក្នុងចំណោមរមណីយដ្ឋានទាំង១៧កន្លែងផ្សេងៗទៀតរបស់ខេត្តក្រចេះ៕
ចែករំលែកព័តមាននេះ