ប្រជាជនកម្ពុជាជាច្រើនក្នុងចំណោម១៧លាននាក់បានធ្វើដំណើរទៅកាន់ខេត្តទាំង២៤របស់កម្ពុជា ។ របាយការណ៍ពីខេត្តនានាបង្ហាញពីភាពអ៊ូអរ និងសប្បាយរីករាយរបស់ប្រជាជនក្នុងដំណើរកម្សាន្តតាមបណ្តាខេត្ត ។

លំហូរមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ទៅកាន់ខេត្តនានាវាមិនត្រឹមតែធ្វើអោយប្រជាជនមានការសប្បាយរីករាយនោះទេ ប៉ុន្តែវាក៏នាំអោយមានសកម្មភាពសេដ្ឋកិច្ចរស់រវើកនៅតាមបណ្តាខេត្តទាំងនោះដោយធ្វើអោយប្រជាជនរកស៊ីនៅតាមខេត្តនានាទទួលបានចំណូលផងដែរ ។
ចេញពីជ្រុងសេដ្ឋកិច្ចនេះ កម្ពុជាអាចគិតអោយស៊ីជម្រៅជាងនេះ ដល់ផែនការជំរុញទេសចរណ៍ក្នុងស្រុក ដើម្បីអោយក្លាយជាកម្លាំងចលករមួយនៃការធ្វើអោយសេដ្ឋកិច្ចក្នុងស្រុកមានភាពរស់រវើក និងមានល្បាយកំណើនសេដ្ឋកិច្ចទៅកាន់ខេត្តនានា ។ និយាយអោយចំជាងនេះកាលណាប្រជាជនកម្ពុជាធ្វើដំណើរកាន់តែច្រើននៅក្នុងប្រទេសទៅកាន់ខេត្តនានា វានឹងធ្វើអោយការរកស៊ីរបស់ប្រជាជននៅតាមខេត្ត ទាំងនោះកាន់តែមានលទ្ធភាពរកលុយនៅក្នុងការផ្គត់ផ្គង់ជីវភាព ។
ដូច្នេះ អភិបាល និងមន្ត្រីខេត្តទាំងអស់នៅក្នុងប្រទេសកម្ពុជាគួរគិតអោយបានដិតដល់ និងស៊ីជម្រៅថា តើខ្លួនគួរធ្វើដូចម្តេចដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាមកពីកន្លែងផ្សេងៗធ្វើដំណើរមកលេងខេត្តរបស់ខ្លួនដោយនាំយកលុយមកអោយប្រជាជននៅក្នុងខេត្តសាម៉ីនោះ ។

ពិធីបុណ្យចូលឆ្នាំខ្មែរនេះ ជាឧទាហរណ៍ដ៏ល្អមួយដែលបង្ហាញថា បើខេត្តនីមួយៗអាចចេះរៀបចំគម្រោងច្បាស់លាស់នៅក្នុងការឃោសនាវិស័យទេសចរណ៍នៅក្នុងខេត្តរបស់ខ្លួន ពេលនោះវានឹងមានមនុស្សជាច្រើនទៅលេងហើយ ធ្វើអោយសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តមានមានរស់រវើក ហើយប្រជាជនក្នុងខេត្តអាចរកលុយបានពីវិស័យទេសចរណ៍ក្នុងស្រុក ។
ខេត្តនីមួយៗត្រូវតែរំលេចពីភាពទាក់ទាញនៃតំបន់ទេសចរណ៍នៅក្នុងខេត្តគួបផ្សំនឹងការរៀបចំព្រឹត្តិការណ៍សប្បាយនានាដូចជា ការរត់មារ៉ាតុន ឬការប្រណាំងជាដើមដើម្បីអោយអ្នកភ្នំពេញ និងអ្នកខេត្តផ្សេងទៀតទៅលេង និងសប្បាយ ។

ស្ថានភាពសេដ្ឋកិច្ចពិភពលោកបានធ្វើអោយប៉ះពាល់ដល់វិស័យទេសចរណ៍ពិភពលោក ហើយមនុស្សក្នុងពិភពលោកបានកាត់បន្ថយការធ្វើដំណើរទៅក្រៅប្រទេស ឬក៏បន្ថយចំណាយក្នុងការដើរលេងកម្សាន្ត ។ កត្តានេះបានធ្វើអោយវិស័យទេសចរណ៍កម្ពុជាដែលពឹងផ្អែកខ្លាំងពីទេសចរបរទេសមានការប៉ះពាល់ខ្លាំង ហើយ វាក៏ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូល ។
ការលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុកនឹងជួយមួយផ្នែកដល់ជីវភាពប្រជាជនកម្ពុជាតាមបណ្តាខេត្ត និងរួមចំណែកសំខាន់ផងដែរ ដល់សេដ្ឋកិច្ចជាតិទាំងមូល ។
នៅក្នុងបរិបទពិភពលោកដ៏ផុយស្រួយនេះសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើកម្លាំងខាងក្រៅប្រទេសដូចជា វិនិយោគបរទេស និងអ្នកទេសចរណ៍បរទេសងាយនឹងរងផលប៉ះពាល់ណាស់ ។ ដូច្នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបង្កើនកម្លាំងចលករខាងក្នុងប្រទេសសម្រាប់ការរីកចម្រើនសេដ្ឋកិច្ច ។ បើសិនជាសកម្មភាពសេដ្ឋកិច្ចកម្ពុជានៅក្នុងប្រទេសមានភាពរឹងមាំនោះ វានឹងមិនងាយរង្គោះរង្គើដោយ សារភាពវឹកវរពិភពលោក និងកត្តាខាងក្រៅប្រទេសឡើយ ។
នេះជាពេលវាលាដែលត្រូវគិតអោយខ្លាំងដល់ការពង្រឹងកត្តាខាងក្នុងសម្រាប់សេដ្ឋកិច្ចនិងទេសចរណ៍កម្ពុជា ហើយកាត់បន្ថយការពឹងផ្អែកខ្លាំងដល់កត្តាខាងក្រៅដើម្បីកំណើនសេដ្ឋកិច្ច ៕

ចែករំលែកព័តមាននេះ