រាជធានីភ្នំពេញ៖ OCIC គឺជាសម្ព័ន្ធសហគ្រាស និងជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ឈានមុខនៅប្រទេសកម្ពុជា និង ezesoft ផ្គត់ផ្គង់ និងដោះស្រាយសេវាឌីជីថលនៅកម្ពុជា ដែលជាផ្នែកមួយនៃរចនាសម្ព័ន្ធ ឌីជីថល ទំនាក់ទំនង និងបច្ចេកវិទ្យា (DCT) របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានប្រកាសពីដៃគូយុទ្ធសាស្ត្រ ដើម្បីដាក់ឱ្យប្រើប្រាស់ WiFiX ដែលជាសេវា WiFi សាធារណៈនៅទីក្រុងនរា ដោយផ្ដល់ជូនការប្រើប្រាស់អ៊ីនធឺណិត ដោយឥតគិតថ្លៃ មានសុវត្ថិភាព និងដំណើរការពេញ 24 ម៉ោង ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា ដោយលោក Luis Chen អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន OCIC និងលោក Yap Kok Leong អគ្គនាយកប្រតិបត្តិរចនាសម្ព័ន្ធ DCT របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន ezesoft ។

WiFiX គឺជាសេវាកម្មឌីជីថលថ្មីមួយ សម្រាប់ប្រើប្រាស់អ៊ីនធឺណិត ក្នុងការទំនាក់ទំនងគ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយជាជំនួយដល់ការសិក្សា គំនិតច្នៃប្រឌិតថ្មី អាជីវកម្មប្រចាំថ្ងៃ ។ សេវាកម្មថ្មីនេះនឹងពង្រីកការភ្ជាប់ទំនាក់ទំនង នៅទីសាធារណៈឱ្យកាន់តែប្រសើរ និងងាយស្រួលជាងមុនដោយមិនចាំបាច់បង់ប្រាក់ ។
ទីក្រុងនរាគឺជាទីក្រុង ដែលមានការអភិវឌ្ឍចម្រុះ រួមមានលំនៅឋាន តំបន់ពាណិជ្ជកម្ម កន្លែងកម្សាន្ត និងទីធ្លាសាធារណៈ ។ ក្នុងនោះផងដែរ គោលដៅសំខាន់ៗដែលភ្ញៀវតែងតែអញ្ជើញមកលេងកម្សាន្ត នៅទីក្រុងនរារួមមាន Norea Parkway, Riverlight និង សួន Coconut Park កោះនរា ជាដើម ដោយស្វាគមន៍ភ្ញៀវចន្លោះពី 4,000 ទៅ 7,000 នាក់នៅថ្ងៃធម្មតា និងកើនដល់ចន្លោះ 8,000 ទៅ 15,000 នាក់នៅចុងសប្ដាហ៍ ។ ចំពោះថ្ងៃឈប់សម្រាក និងពិធីបុណ្យធំៗវិញ គោលដៅសំខាន់ទាំងនេះអាចនឹងទទួលបានភ្ញៀវចាប់ពី 10,000 ទៅ 30,000 នាក់ ដោយ WiFiX នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជូន ការភ្ជាប់ទំនាក់ទំនង ប្រកបដោយទំនុកចិត្ត និងកាន់តែទូលំទូលាយ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ នៅទីតាំងទីក្រុងនរាផងដែរ ។
លោក Luis Chen អនុប្រធានប្រតិបត្តិក្រុមហ៊ុន OCIC មានប្រសាសន៍ថា៖ «ការចាប់ដៃគូសហការរវាងក្រុមហ៊ុន OCIC និងក្រុមហ៊ុន ezesoft គឺជាជំហានដ៏សំខាន់មួយ ក្នុងការកែប្រែទីក្រុងនរាទៅជាទីក្រុងឌីជីថលថ្មីមួយ ។ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងផែនការសម្រាប់ការអភិវឌ្ឍប្រព័ន្ធ 5G នាពេលអនាគតនេះ ពួកយើងកំពុងកសាងមូលដ្ឋានគ្រឹះ ប្រកបដោយចីរភាព ពង្រឹងទំនុកចិត្តវិនិយោគិន និងពង្រីកសក្ដានុពលនៃឯករាជ្យ ឌីជីថលដ៏ពិតប្រាកដ» ។
ភាពជាដៃគូក្រោមប្រធានបទ «កាន់តែប្រសើរជាមួយគ្នា (Better Together)» នេះ បានធ្វើឱ្យក្រុមហ៊ុនកូនខ្មែរចំនួនពីរ សហការគ្នាលើគំនិតផ្ដួចផ្ដើមឌីជីថលជាក់លាក់មួយ សម្រាប់បម្រើជាប្រយោជន៍សាធារណៈទាំងមូល ។ WiFiX បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរួមគ្នា ដើម្បីកែលម្អលើការតភ្ជាប់ និងទំនាក់ទំនងប្រចាំថ្ងៃ ឱ្យកាន់តែប្រសើរ ស្របពេលដែលប្រទេសកម្ពុជា កំពុងផ្លាស់ប្ដូរមុខមាត់ថ្មីតាមរយៈប្រព័ន្ធឌីជីថល ។

លោក Yap Kok Leong អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ezesoft ក៏មានប្រសាសន៍ដែរថា៖ «ឯករាជ្យឌីជីថលដ៏ពិតប្រាកដមួយត្រូវបានបង្កើតឡើងដោយហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំមួយដូចគ្នា។ ការដាក់ឱ្យដំណើរការ WiFiX ក្នុងស្ថានភាពដ៏លំបាកមួយនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា ដំណើរឌីជីថលរបស់កម្ពុជាគឺមិនអាចបញ្ឈប់បានឡើយ ។ ពួកយើងមកទីនេះរួមគ្នា ជាមួយក្រុមហ៊ុន OCIC ដើម្បីផ្ដល់ជូនការតភ្ជាប់ទំនាក់ទំនង ដែលមានល្បឿនលឿនរវាងគ្នានឹងគ្នា សម្រាប់ប្រជាជនកម្ពុជា» ។
ការដាក់ឱ្យប្រើប្រាស់ WiFiX នឹងពង្រឹងសុវត្ថិភាព និងផ្ដល់ភាពងាយស្រួលនៅទីធ្លាសាធារណៈ ព្រមទាំងពង្រីកសក្ដានុពលបន្ថែមទៀត នៅទីក្រុងនរាក្លាយជាទីក្រុងដ៏សកម្ម សម្រាប់ពាណិជ្ជកម្ម ការរស់នៅ និងការប្រើប្រាស់របស់សហគមន៍ទាំងមូល ជារៀងរាល់ថ្ងៃ ។
អំពីក្រុមហ៊ុន ezesoft
ezesoft គឺជាក្រុមហ៊ុន ដែលផ្ដល់ដំណោះស្រាយប្រព័ន្ធឌីជីថល ដល់សហគ្រាស និងស្ថាប័នរដ្ឋ ដើម្បីជំរុញការផ្លាស់ប្ដូរឌីជីថល ប្រកបដោយចីរភាព ។ ezesoft ផ្ដល់សេវាកម្មដែលផ្ដល់ដំណោះស្រាយ ទៅលើសុវត្ថិភាពផ្នែកបច្ចេកវិទ្យា ការរួមបញ្ចូលប្រព័ន្ធ និងការគ្រប់គ្រងលើសេវាផ្សេងៗប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ