ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ​ជាង ៣០០​នាក់ បន្ត​ប្រមូលផ្តុំ​គ្នា ​សម្តែង​មតិ​ថ្កោលទោស​ថៃ ដែល​​បា.ញ់ប្រហារ​រើស​គោលដៅ ​មក​លើ​ដែនអធិបតេយ្យភាព​កម្ពុជា

5 ម៉ោង មុន

ប្រទេសកូរ៉េ​ខាងត្បូង​ ៖ សហគមន៍​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ទីក្រុង​ឆាំង​វ៉ុ​ន សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង​ប្រមាណ​ជាង ៣០០​នាក់ នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥ ​នេះ…

ប្រទេសកូរ៉េ​ខាងត្បូង​ ៖ សហគមន៍​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ទីក្រុង​ឆាំង​វ៉ុ​ន សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង​ប្រមាណ​ជាង ៣០០​នាក់ នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥ ​នេះ បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​សម្តែង​មតិ ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ទ​ង្វើ​អមនុស្សធម៌ ​ដ៏​សាហាវយង់ឃ្នង​របស់​រដ្ឋាភិបាល​ក្រុង​បាងកក និង​យោធា​ថៃ ដែល​បាន​បើក​ការ​បាញ់ប្រហារ​ទាំង​កំរោល​មិន​រើស​គោលដៅ ក្នុង​បំណង​ឈ្លានពាន​ យក​ដែន​អធិបតេយ្យភាព​កម្ពុជា ​។

ការ​ប្រមូលផ្តុំ​របស់​សហគមន៍​ខ្មែរ​ នៅ​សាធារណរដ្ឋ​កូរ៉េ លើក​នេះ អ្នកចូលរួម​ទាំងអស់​បាន​ស្រែក និង​កាន់​បដា​បង្ហាញ​ ពី​ការ​រង​ទុក្ខ​របស់​ជនភៀសសឹក ​ដែល​ចាក​ចេញពីផ្ទះ​សម្បែង និង​បង្ហាញ​ពី​ការ​គោរព​ដឹងគុណ​ដល់​វីរ​កងទ័ព​កម្ពុជា ដែល​បានការ​ពារ​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​ខ្មាំង និង​គាំទ្រ​ពេញទំហឹង​លើ​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ថ្កោលទោស ចំពោះ​អំពើ​រំលោភ​បំពាន​យ៉ាង​សាហាវព្រៃផ្សៃ​បំផុត​របស់​យោធា​ថៃ ​មក​លើ​ដែន​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ដោយ​បានការ​បំផ្លាញ​សាលារៀន វត្ត​អារាម ផ្ទះសម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ ព្រមទាំង​ធ្វើ​ឱ្យ​បាត់បង់​អាយុជីវិត​ប្រជាជន​ស៊ី​វិល និង​ធ្វើ​ឱ្យ​ប្រជាជន​ជាង ៥០​ម៉ឺន​នាក់ ​ចាក​ចេញពីផ្ទះ​សម្បែង​ធ្លាប់​រស់នៅ​ក្លាយជា​ជនភៀសសឹក​យ៉ាង​លំបាក ​។

សហគមន៍​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង បាន​អំពាវនាវ​ឱ្យ​ប្រទេស​មហាអំណាច​មាន​សហរដ្ឋ​អាម៉េរិក ចិន ជប៉ុន​ជាដើម ក៏​ដូច​ជា ប្រទេស​ម៉ា​ឡេ​ស៊ី និង​សហគមន៍​អន្តរជាតិ ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ខ្លួន ពិនិត្យ​ឱ្យ​បាន​ច្បាស់​ថា អ្នក​ណា​ជា​អ្នក​បើក​ការ​បាញ់ប្រហារ​មុន និង​ចូលរួម​តាមដាន​ស្ថានការណ៍​នេះ​ប្រកបដោយ​ភាព​យកចិត្តទុកដាក់​បំផុត ស្រប​ទៅ​នឹង​ការ​គាំទ្រ និង​ស្វាគមន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ។

ជាមួយ​គ្នា​នោះ សហគមន៍​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​បាន​អំពាវនាវ​ ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​មានការ​ថ្កោលទោស ចំពោះ​អំពើ​រំលោភ​បំពាន​របស់​ថៃ និង​ចាត់វិធានការ​ជា​បន្ទាន់ និង​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​នេះ​ឱ្យ​បញ្ឈប់​រាល់​សកម្មភាព ​យ៉ាង​គឃ្លើន​របស់​ខ្លួន និង​ងាក​មក​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ។

សូម​បញ្ជាក់​ថា បងប្អូន​ខ្មែរ​សាធារណរដ្ឋ​កូរ៉េ បាន​ប្រមូលផ្តុំ​គ្នា​សម្តែង​មតិ​ថ្កោលទោស​ថៃ នៅ​ទីតាំង​ជា​ច្រើន ជា​បន្តបន្ទាប់ ចាប់តាំងពី​យោធា​ថៃ​បាន​បើក​ការ​វាយប្រហារ​ដ៏​កំរោល​សារ​ជា​ថ្មី មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា​នៅ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៥ ៕ អត្ថបទសហការ