ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសចរ​ណ៍បរទេស​កើនឡើង​ល្អ​នៅ​ដើមឆ្នាំ

1 ខែ មុន

រយៈពេល​ជិត​៣​ខែ​ដើមឆ្នាំ​២០២៤​នេះ កំណើន​ទេសចរណ៍​ចូល​មក​កម្ពុជា និង​ទេសចរណ៍​ផ្ទៃក្នុង​កើនឡើង​គួរ​អោយ​កត់សម្គាល់ ខណៈ​អ្នកជំនាញ​ក្នុង​វិស័យ​មួយ​នេះ​មាន​សុទិដ្ឋិនិយម​ថា ដំណើរការ​ល្អ​បែប​នេះ​នឹង​អាច​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ខ្លួន​ជា​គោលដៅ​ទេសចរណ៍ និង​វិនិយោគ​ផង​ដែរ ។ លោក ហូ វ​ណ្ឌី…

រយៈពេល​ជិត​៣​ខែ​ដើមឆ្នាំ​២០២៤​នេះ កំណើន​ទេសចរណ៍​ចូល​មក​កម្ពុជា និង​ទេសចរណ៍​ផ្ទៃក្នុង​កើនឡើង​គួរ​អោយ​កត់សម្គាល់ ខណៈ​អ្នកជំនាញ​ក្នុង​វិស័យ​មួយ​នេះ​មាន​សុទិដ្ឋិនិយម​ថា ដំណើរការ​ល្អ​បែប​នេះ​នឹង​អាច​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ខ្លួន​ជា​គោលដៅ​ទេសចរណ៍ និង​វិនិយោគ​ផង​ដែរ ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា​ថ្លែង​ថា ការ​កើនឡើង​នៃ​ភ្ញៀវ​ទេសចរ​បរទេស និង​ទេសចរ​ផ្ទៃក្នុង​កម្ពុជា​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​នៃ​វិស័យ ទេសចរណ៍​នៅ​ក្នុង​ប្រទេស​បាន​ដំណើរការ​ឡើង​វិញ​ស្ទើរតែ​ទាំងស្រុង ។ ទាំងនេះ​ជា​ភាព​ប្រសើរ​ឡើង​នូវ​សង្វា​ក់​សេវាកម្ម​ផង​ក៏​ដូច​ជា​វិស័យ​ទេសចរណ៍​ទាំងមូល ។ លោក ហូ វ​ណ្ឌី បានអោយ​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​ថា « យើង​ឃើញ អោយ​តែ​យើង​រៀបចំ​ព្រឹត្តិការណ៍​ផ្សេង​ៗ​តួយ៉ាង​ដូច​ជា បុណ្យ​ទន្លេ​នៅ​សៀមរាប ទោះបីជា​សៀមរាប​មិន​មាន​ទន្លេ​ពោល គឺ​មាន​តែ​ស្ទឹង តែ​ពេល​យើង​បាន​យក​ពិធីបុណ្យ​នោះ ជា​បុណ្យ​ទន្លេ នៅ​តែ​មាន​អ្នក​ទេសចរណ៍​ជា​ច្រើន​មក​លេង »​។

ទីប្រឹក្សា​សមាគម​ទេសចរណ៍​ដដែល​បាន​បន្ត​ថា ការ​បន្ត​និរន្ត​ភាព​អោយ​បាន​ជោគជ័យ​លើ​ការ​ជំរុញ​ទេសចរណ៍​ក្នុង​ប្រទេស គឺ​បន្ត​តាំងពី​អណ​ត្តិ​ចាស់​រហូត​ដល់​អាណត្តិ​ថ្មី ។ យើង​ឃើញ​មាន​៥០​ទៅ​៦០​ភាគរយ​នៃ​ភ្ញៀវ​ទេសចរ​បរទេស ដែល​ចូល​មក​កម្ពុជា​មាននៅ​តំបន់​ប្រាសាទ និង​ជុំវិញ​ប្រាសាទ​ជា​តំបន់​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ ។

លោក ហូ វ​ណ្ឌី បន្ថែម​ថា «​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ជា​រឿង​ត្រឹមត្រូវ ដោយសារ​ទី​១ ជា​គោលដៅ​ទេសចរណ៍វប្បធម៌ ទី​២ ទេសចរណ៍ធម្មជាតិ ហើយ​ប្រសិនបើ​ក្នុង​ករណី​យើង​ឈាន​ទៅ​ដល់​ការ​វិនិយោគ​មួយទៀត ការ​កែ​ច្នៃ​តំបន់​មួយ​ចំនួន​ក្លាយទៅជា​តំបន់​មួយ​មិន​ទាន់​មាន​ភាព​ទាក់ទាញ​ទេ ។ ប្រសិនបើ​មានការ​វិនិយោគ​តំបន់​កែ​ច្នៃ​នោះ​អោយ​ក្លាយទៅជា​តំបន់​ទេសចរណ៍​កែ​ច្នៃ​នោះ គឺជា​តំបន់​ទាក់ទាញ​ខ្លាំង​មែនទែន​» ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច នៃ​រាជ្យ​បណ្ឌិតសភា​កម្ពុជា បានអោយ​ដឹង​ថា ភ្ញៀវ​ទេសចរ​ភាគច្រើន​ចូល​មក​កម្ពុជា​តាម​ព្រំដែន ជា​ពិសេស​បា​វិត និង​ប៉ោយ​ប៉ែ​ត ដែល​ចំណូល​នៃ​ការ​ចូល​មកនេះ​របស់​ភ្ញៀវ​ទេសចរ​បាន​បង្កើត​ការងារ​មួយ​ចំនួន​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ។

អ្នកជំនាញ​សេដ្ឋកិច្ច​រូប​នេះ​បន្ថែម​ថា វិស័យ​ទេសចរណ៍​បច្ចុប្បន្ន​បាន​ប្តូរ​ទម្រង់ ដែល​ចេញពី​ទេសចរណ៍​កម្សាន្ត​តាម​ប្រាសាទ​ទៅ​ជា​ទេសចរណ៍​កាស៊ីណូ​វិញ ។ កាស៊ីណូ​ទាំងនោះ​ជា​ប្រភេទ​ទេសចរណ៍​មិន​ថមថយ​ឥទ្ធិពល ។ បើ​ទោះបីជា​មាន​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងណា​ក៏​ដោយ​ក៏​មនុស្ស​នៅ​តែ​ចូល​ចិត្តការ​កម្សាន្ត​បែប​ផ្សងសំណាង​នេះ ។

ក្នុង​រយៈពេល​២​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៤​នេះ ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ចូល​មក​កម្ពុជា​មាន​ចំនួន​៤៦៧០០​រយ​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០២៣ កន្លង​ទៅ​ឃើញ​ថា​មាន​កំណើន​រហូត​ដល់​៨៧,៣​ភាគរយ និង​រក្សា​បាន​លំដាប់​លេខ​រៀង​ទី​៣ នៃ​ភ្ញៀវ​បរទេស​ចូល​មក​កម្ពុជា​ច្រើន​ជាងគេ ។

របាយការណ៍​ដដែល​បាន​បង្ហាញ​ផង​ដែរ​ថា ក្នុង​រយៈពេល​២​ខែ​ដំបូង​នៃ​ឆ្នាំ ២០២៤​នេះ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ចំនួន​ជាង​៥៤​ម៉ឺន​នាក់ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០២៣ កន្លង​ទៅ​មានការ​កើនឡើង​ប្រមាណ​៣៤​ភាគរយ​ក្នុង​នោះ​ភ្ញៀវ​ទេសចរ​បរទេស​ជនជាតិ​ថៃ មាន​ចំនួន​ច្រើន​ជាង​រហូត​ដល់​១៦​ម៉ឺន​៣​ពាន់​នាក់ បន្ទាប់​មក គឺ​ជនជាតិ​វៀតណាម​ដែល​មាន​ចំនួន​ជាង​៨​ម៉ឺន​៥​ពាន់​នាក់ ។

ការ​កើនឡើង​នៃ​ភ្ញៀវ​ទេសចរ​បរទេស​នៅ​កម្ពុជា បាន​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ក៏​ដូច​ជា ពិភពលោក​ទាំងមូល​ផង​ដែរ ដោយ​យើង​បានឃើញ​ថា អាជីវកម្ម​ទេសចរណ៍​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​បាន​ដំណើរការ​ឡើង​វិញ​ស្ទើរតែ​អស់ហើយ ខណៈ​អាជីវកម្ម​ទាំងនេះ​បាន​ផ្អាក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ចាប់តាំងពី​កើត​មាន​វិបត្តិ​កូ​វី​ដ​១៩ ៕ ដោយៈ ស នី​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ