ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង UNDP សហការ​ក្នុង​ការពង្រឹង​ការ​គ្រប់គ្រង ​មូលនិធិ​សោធន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​តម្លាភាព

1 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក អេ​ន​រី​កូ…

រាជធានីភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក អេ​ន​រី​កូ ហ្គា​វេ​លី​យ៉ា (Enrico Gaveglia) តំណាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃ​អង្គារ ទី​៣ ខែមីនា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ដើម្បី​ពិនិត្យ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​គោលបំណង​ជំរុញ និង​ផ្ដួចផ្ដើម​ការងារ​យុទ្ធសាស្ត្រ​ ចំនួន​ពីរ ទី (១) ការ​ធ្វើ​ពិពិធ​កម្ម​ការ​វិនិយោគ​នៃ​មូលនិធិ​សោធន ដើម្បី​ធានា​នូវ​និរន្តរភាព និង​ការ​រីក​លូតលាស់​នៃ​កញ្ចប់​ថវិកា​សោធន​សម្រាប់​បងប្អូន​កម្មករនិយោជិត និង​ទី (២) ការ​វិនិយោគ​ដែល​ស្រប​តាម​គោលការណ៍​បរិស្ថាន សង្គម និង​អភិបាលកិច្ច (ESG) នៅ​ក្នុង​ប្រទេស​កម្ពុជា ស្រប​តាម​ស្មារតី​នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ដែល​ស្ថាប័ន​ទាំង​ពីរ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៥ ​។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ និង​វាយតម្លៃ​ខ្ពស់ ​ចំពោះ UNDP ដែល​ផ្តល់​នូវ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​ជា​ច្រើន ដែល​ក្នុង​នោះ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: ក៏​ជា​អាទិភាព​មួយ​ដែល​ត្រូវ​បាន​យកចិត្តទុកដាក់​និង​ផ្តល់​ការ​គាំទ្រ​ផង​ដែរ ​។ ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​នៅ​កម្ពុជា ដែល​កំពុង​ពង្រីក​វិសាលភាព​គ្របដណ្ដប់​ កាន់តែ​ទូលំទូលាយ​ ។ ឯកឧត្តម​បាន​សង្កត់ធ្ងន់​ពី​ភាព​ចាំបាច់ និង​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ក្នុង​ការ​គ្រប់គ្រង​មូលនិធិ​សន្តិសុខ​សង្គម ដោយ​បាន​គូសបញ្ជាក់​ថា​៖ «​ថវិកា​ទាំងនេះ​មិនមែន​ត្រឹមតែ​ជា​ភាគទាន​នោះ​ទេ តែ​វា​ជា​ប្រាក់​សន្សំ​ដ៏​មាន​តម្លៃ​របស់​កម្មករនិយោជិត ដែល​ទាមទារ​ឱ្យ​មានការ​គ្រប់គ្រង​ប្រកបដោយ​តម្លាភាព និង​ហ្មត់ចត់​បំផុត ដើម្បី​ធានា​ថា​ប្រាក់​សន្សំ​ទាំងនេះ​នឹង​កើន​ឡើងជា​ផ្លែផ្កា សម្រាប់​ទ្រទ្រង់​ជីវភាព​របស់​ពួក​គាត់​ នៅ​ពេល​ឈាន​ដល់​វ័យ​ចូល​និវត្តន៍​» ​។

ជា​ការ​ឆ្លើយ​តប លោក អេ​ន​រី​កូ បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ចក្ខុវិស័យ​ដ៏​ច្បាស់លាស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​លោក​បាន​អះអាង​ថា តាម​រយៈ​បណ្តាញ​អ្នកជំនាញ​គោលនយោបាយ​សកល​របស់​ខ្លួន​, UNDP ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ការ​រចនា​ឧបករណ៍​ហិរញ្ញវត្ថុ​ទំនើប​ៗ ដែល​អា​ចត​ភ្ជាប់​ធនធាន​ជាតិ​ទៅ​នឹង​ជម្រើស​វិនិយោគ​ប្រកបដោយ​សុវត្ថិភាព និង​មាន​ទំនុកចិត្ត​ ។

ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ឆន្ទៈ​ ក្នុង​ការ​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ ដើម្បី​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ​ទាំងនេះ ឱ្យទៅ​ជា​សកម្មភាព​ជាក់ស្តែង សំដៅ​លើកកម្ពស់​សុខុមាលភាព​របស់​ពលរដ្ឋ និង​ស្ថិរភាព​សេដ្ឋកិច្ចជាតិ​ទាំងមូល ដោយ​ផ្តោត​លើ​ការងារ​ស្នូល​ ចំនួន​ពីរ រួម​មាន​៖ ទី (១) ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដើម្បី​តាមដាន និង​គ្រប់គ្រង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​មូលនិធិ​ឱ្យ​កាន់តែ​មាន​តម្លាភាព និង (២) ការ​សិក្សា​យ៉ាង​ល្អិតល្អន់​ពី​ជម្រើស​នៃ​ការ​វិនិយោគ​ប្រកបដោយ​សុវត្ថិភាព តាម​រយៈ​ការ​រៀនសូត្រ​ពី​បទ​ពិសោធ​ជោគជ័យ ​របស់​បណ្តា​ប្រទេស​នានា ​។ លើស​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ផ្តល់​ទស្សនទាន​យ៉ាង​ច្បាស់​ថា នៅ​ក្នុង​ការ​វិនិយោគ​តាម​គោលការណ៍ ESG និង សុវត្ថិភាព និង​សុខភាព​ការងារ (OSH) របស់​កម្មករនិយោជិត ត្រូវ​តែ​ចាត់ទុកជា​ស្នូល​កណ្តាល ព្រោះ​ការ​ការពារ​សុខុមាលភាព​មនុស្ស​នៅ​កន្លែងធ្វើការ គឺជា​មូលដ្ឋាន​គ្រឹះ​ពិតប្រាកដ​ដែល​នាំ​ទៅ​រក​ការ​អភិវឌ្ឍ​សង្គម និង​បរិស្ថាន​ប្រកបដោយ​ចីរភាព ​៕ អត្ថបទសហការ