ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ទេសចរណ៍​ ៖ គេ​គួរ​ច្នៃ​ផលិតផល​ខ្មែរ​ឲ្យបាន​ច្រើន​ដើម្បី​ទាក់ទាញ​បរទេស

7 ខែ មុន

ទេសចរណ៍​ជាស​រសរ​ស្តម្ភ​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា​ដ៏​សំខាន់​មួយ ។ កម្ពុជា​មាន​ប្រាសាទ វប្បធម៌ និង​ធនធានធម្មជាតិ សម្បូរ​បែប ដើម្បី​ទាក់ទាញ​អ្នកទេសចរ ។ ក្រៅពី​អ្វី​ដែល​ជា​សក្តានុពល​វប្បធម៌ ដែល​ជា​កេរដំណែល​ដូនតា​ខ្លួន…

ទេសចរណ៍​ជាស​រសរ​ស្តម្ភ​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា​ដ៏​សំខាន់​មួយ ។ កម្ពុជា​មាន​ប្រាសាទ វប្បធម៌ និង​ធនធានធម្មជាតិ សម្បូរ​បែប ដើម្បី​ទាក់ទាញ​អ្នកទេសចរ ។ ក្រៅពី​អ្វី​ដែល​ជា​សក្តានុពល​វប្បធម៌ ដែល​ជា​កេរដំណែល​ដូនតា​ខ្លួន ខ្មែរ​គួរ​ច្នៃ​ធនធានធម្មជាតិ និង​ដំណាំ​ដែល​ខ្លួន​អាច​ដាំ​ដុះ​បានជា​គ្រឿងផ្សំ និង​ជា​សេវាកម្ម​នៅ​ក្នុង​ការ​ទាក់ទាញ​អ្នកទេសចរ ។

អ្នកទេសចរ​ដែល​បាន​មក​ដល់​កម្ពុជា ទំនង​គេ​ចង់​ទទួល​បាន​រសជាតិ បទ​ពិសោធ ជាមួយ​អ្វី​ដែល​ជា​របស់​ខ្មែរ​រាប់​ទាំង​ពី​អាហារ វត្ថុ​អនុស្សាវរីយ៍ និង​សេវាកម្ម​នានា​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ។ អ្វី​ដែល​ជា​របស់​បរទេស និង​ជា​របស់​ប្រទេស​ផ្សេង​មាន ទំនង​អ្នកទេសចរ​មិន​ចង់បាន និង​មិន​ចង់​ឃើញ​ទៀត​នោះ​ទេ នៅ​ពេល​ខ្លួន​បាន​មក​ដល់​កម្ពុជា ដែល​ជា​ប្រទេស​ចំណាស់ និង​មាន​អរិយធម៌ រុងរឿង​នៅ​ក្នុង​ពិភពលោក​ហើយ​នោះ ។

កម្ពុជា​គួរ​កែ​ច្នៃ និង​ជំរុញ​ផលិតផល​ទេសចរណ៍​ដែល​ភ្ជាប់​ជា​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន​ឱ្យ​បាន​ច្រើន​បំផុត ដើម្បី​ទាក់ទាញ​អ្នកទេសចរ ។ ការ​ចងចិត្ត​អ្នកទេសចរ​មាន​ច្រើន​យ៉ាង ដែល​គេ​គួរ​ធ្វើ​រួម​គ្នា​ជាមួយ​សក្តានុពល​ធំ​ៗ​ដែល​កម្ពុជា​មាន ។ កម្ពុជា​មាន​ប្រាសាទអង្គរវត្ត​ដែល​ប្រទេស​នានា​គ្មាន​នោះ​ឡើយ ។ ដូច្នេះ​ដើម្បី​ចងចិត្ត​អ្នកទេសចរ​ឱ្យ​បាន​មក​កម្ពុជា​ហើយ​មក​ម្ដងទៀត គេ​គួរ​មាន​របស់​ផ្សេង​ក្រៅពី​អង្គរវត្ត ។

នៅ​សៀមរាប គួរ​ជាទី​ដែល​មាន​លក់​មុខម្ហូប​ខ្មែរ​ដែល​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​លក្ខណៈ​ពិសេស ជា​អត្តសញ្ញាណ​ខ្មែរ​ផ្តាច់មុខ ដែល​ប្រទេស​ផ្សេង​គ្មាន​ឡើយ ។ ម្ហូប​ដែល​ជា​របស់​ខ្មែរ​នោះ គួរតែ​ឆ្ងាញ់​មាន​អនាម័យ សុវត្ថិភាព និង​មាន​តម្លៃ​ថោក ។ ម្ហូប​ខ្មែរ​គួរតែ​ពិសេស​ដែល​គេ​មក​ខ្មែរ​មិន​អាច​រំលង​បាន ។ អ្នកទេសចរ​ត្រូវការ​អ្វី​ដែល​ប្លែក ។ នៅ​ប្រទេស​ជិតខាង​កម្ពុជា គេ​មាន​អាហារ​ថោក​សម្បូរ​បែប ។ ដូច្នេះ​នៅ​ពេល​ទេសចរ​ទៅ​ដល់​ប្រទេស​នោះ គេ​សប្បាយចិត្ត និង​ដើរ​ទទួលទាន​អាហារ​តាម​ចិញ្ចើម​ផ្លូវ​ដែល​ឆ្ងាញ់ និង​មាន​តម្លៃ​ថោក ហើយ​មាន អនាម័យ​អាច​ទទួលយក​បាន ។

នៅ​កម្ពុជា​គួរ​មាន​លក់​វត្ថុ​អនុស្សាវរីយ៍​ដែល​បង្ហាញ​អត្តសញ្ញាណ​ខ្មែរ​អាច​ជា​របស់​សិប្បកម្ម​ចម្លាក់ ឬ​របស់​របស់​ធ្វើ​ពី​រុក្ខជាតិ មាន​ធ្វើ​ពី​ឫស្សី វ​ល្លិ៍ ផ្តៅ ដែល​សុទ្ធ​សឹង​ខ្មែរ​មាន​ជំនាញ​ក្នុង​ការ​កែ​ច្នៃ និង​បាន​ផលិត​រួច​មក​ហើយ ។ គេ​គ្រាន់​ច្នៃ​ធ្វើ​យ៉ាងណា​ផលិត​របស់​ទាំងនោះ​ឱ្យ​បាន​ច្រើន មានគុណ​ភាព​មាន​សោភណភាព និង​មាន​តម្លៃ​សមរម្យ ។ លក់​ឱ្យ​បាន​ច្រើន ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ​ទើប​ជា​ការ​ទាក់ទាញ ។ របស់របរ​ដែល​ជា​ស្នាដៃ​ខ្មែរ បច្ចុប្បន្ន​មាន​តម្លៃ​ខ្ពស់ ។ ដូច្នេះ​អ្នកទេសចរ​កម​កម្ពុជា​ទិញ​វត្ថុ​អនុស្សាវរីយ៍ ដែល​ខ្មែរ​នាំ​ចូល​ពី​បរទេស​មក​លក់​តែ​ប៉ុណ្ណោះ ។

កម្ពុជា​គួរ​កែ​ច្នៃ​គ្រឿង​ហូប​ចុក​ពី​កសិផល​ដែល​កសិករ​ខ្លួន​បាន​ដាំ​ដុះ​ទៅ​តាម​រដូវ​កាល ។ គេ​បានដឹង​ថា នៅ​រដូវ​ស្វាយ​ទុំ ស្វាយ​នៅ​កម្ពុជា​ទុំ​ជ្រុះ​ចោល គ្មាន​តម្លៃ​ប៉ុន្តែ​គេ​ពុំ​ទាន់​ឃើញ​មានការ​កែ​ច្នៃ​ស្វាយ​ទុំ​ទៅ​ជា​បង្អែម និង​ភេសជ្ជៈ ដើម្បី​លក់​ជូន​អ្នកទេសចរ​ទទួលទាន​ក្នុង​តម្លៃ​ថោក និង​ឆ្ងាញ់​នៅ​ក្នុង​រដូវ​ស្វាយ​សម្បូរ​ណាស់ ។ បើសិនជា​លក់ស្វា​យ​ទុំ ដែល​គ្មាន​ការ​កែ​ច្នៃ​អ្វី​ទាំង​អស់នោះ​ក៏​មិន​ថោក​ប៉ុន្មាន​ដែរ ខណៈ​ស្វាយ​នៅ​តាម​ចម្ការ​ទុំ​គ្មាន អ្នក​រើស​ផង​នោះ ។ ក្រៅពី​ស្វាយ​ខ្មែរ​នៅ​មាន​ល្ពៅ ដូង អំពៅ ក្រូច ទុរេន និង​កសិផល​ជា​ច្រើន​ទៀត​មាន​ទាំង​ផ្លែ​ឈើ និង​បន្លែ ដែល​គេ​អាច​ច្នៃ​ជាមួយ​ការ​បង្កប់​នូវ​អត្ត​សញ្ញា​ខ្មែរ ដូច​ជា ការ​វេច​ខ្ចប់​ជាដើម​ដើម្បី​ទាក់ទាញ​អ្នកទេសចរ ។

ដូច​បាន​លើក​ឡើង​ពី​ខាងលើ​អ៊ីចឹង អ្នកទេសចរ​មក​កម្ពុជា ចង់​ស្គាល់​ខ្មែរ ចង់​ស្គាល់​ម្ហូប​ខ្មែរ ចង់​ដឹង ពី​ការ​រស់នៅ​របស់​ខ្មែរ ចង់​ដឹង​ពី​ផលិតផល​ដែល​ខ្មែរ​ធ្វើ​បាន ។ ចូរ​បង្ហាញ​ផលិតផល​ខ្មែរ​ដែល​មានគុណ​ភាព​ខ្ពស់ និង​ស្នាមញញឹម​គ្រប់​ទីកន្លែង ដើម្បី​ទាក់ទាញ​អ្នកទេសចរ ។ កុំ​យក​របស់​បរទេស​លក់​ឱ្យ​អ្នកទេសចរ​ពីព្រោះ​របស់​ទាំង​អស់នោះ​អ្នកទេសចរ​បាន​ស្គាល់ និង​បាន​ទិញ​នៅ​ប្រទេស​គេ​អស់ ហើយ​មុនគេ​បាន​មក​ដល់​កម្ពុជា​នោះ ៕ ដោយសា រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ