តារាសម្តែង និងជាពិធីការិនីនាង ណា សាឌី បានចេញមុខអះអាងថា នាងនឹងមិនខ្លាចចេញមុខនិយាយពីការឈ្លានពានពីសំណាក់យោធាថៃមកលើប្រទេសកម្ពុជានោះឡើយ ទោះបីជានាងមានឈាមជ័រពាក់កណ្តាលជាខ្មែរ និងពាក់កណ្តាលជាថៃក៏ដោយ ។

ការអះអាងរបស់តារាស្រីរូបនេះបានកើតឡើង ក្រោយពីមួយរយៈចុងក្រោយនេះ គេឃើញមានមហាជនមួយចំនួនបានផ្ទុះការរិះគន់ចំពោះរូបនាង និងតារាសម្តែងនាង ស៊ីន យូប៊ីន ដែលមានឈាមជ័រពាក់កណ្តាលខ្មែរ-ថៃ ដូចគ្នាហាក់មិនបានចេញមុខនិយាយអ្វីច្រើនពីការឈ្លានពានរបស់យោធាថៃមកលើប្រទេសកម្ពុជានាពេលនេះឡើយ ។
យ៉ាងណា ចំពោះបញ្ហានេះ ណា សាឌី បានបញ្ជាក់យ៉ាងមុតមាំថា ខ្លួនហ៊ានប្រឈមមុខនិយាយពីប្រទេសកម្ពុជា ដោយមិនខ្លាចពីចោរថៃនោះឡើយ បើទោះបីជានាងមានឈាមជ័រពាក់ណ្តាលជាខ្មែរ និងពាក់កណ្តាលជាថៃក៏ដោយ ។

ណា សាឌី បាននិយាយថា ខ្ញុំហ៊ានប្រឈមមុខ ខ្ញុំហ៊ាននិយាយពីមាតុភូមិខ្ញុំCambodia ខ្ញុំមិនខ្លាចប្រទេសចោរថៃដាច់ខាត ។ កម្ពុជាជាមាតុភូមិរបស់ខ្ញុំតែមួយគត់ ។
នាងបន្តថា លោកប៉ាខ្ញុំជាជនជាតិថៃ លោកនៅខ្មែរជាង៣០ឆ្នាំហើយ គាត់ថា ពេលនេះខ្ញុំបានធ្វើរឿងដែលល្អបំផុត រឿងដែលគាត់ចង់ឃើញ។
នាងបញ្ជាក់ថា ប៉ាខ្ញុំស្រលាញ់ខ្មែរណាស់ គាត់ដឹងគុណកម្ពុជា សព្វថ្ងៃនេះ ប៉ាខ្ញុំនៅជាមួយខ្ញុំផ្ទាល់ មិនបាននៅប្រទេសថៃទេ គាត់នៅខ្មែរយូរហើយ ខ្ញុំជឿជាក់ថា បេះដូងកម្ពុជាល្អណាស់ មិនបានរើសអើងគាត់ទេ ។
យ៉ាងណា ចំពោះបញ្ហាខាងលើនេះ គេឃើញមានមហាជនមួយចំនួនក៏បានបញ្ចេញជាមតិយោបល់ផ្ទាល់ខ្លួនថា ស្នេហារបស់មនុស្ស២អ្នកជនជាតិថៃ និងខ្មែរជារឿងផ្សេងពីនយោបាយមិនគួរមានការរើសអើង ឬប្រកាន់ជាតិសាសន៍ ព្រោះថៃខ្លួនឯងក៏សុទ្ធតែជាជនជាតិខ្មែរខ្លះមិនទាំងដឹងថា ខ្លួនមានដូនតាសុទ្ធតែខ្មែរទេ ។ ស្រុកថៃសុទ្ធតែខ្មែរ ព្រោះខេត្តទាំងអស់កាលពីមុនជាដែនដីខ្មែរហេតុនេះ ជនជាតិខ្មែឬមានគ្រប់កន្លែងហើយច្រើនទៀត ។

គ្រាន់តែថា ពួកគេមិនបានទទួលថា គេជាខ្មែរឡើយ ហើយគេក៏មានខ្លះនិយាយខ្មែរបានខ្លះច្រើនទៀត មិនអាចនិយាយខ្មែរបានទេ២ឬ៣ជំនាន់អីនិយាយតែថៃទេ ហេតុផលនេះសូមកុំយករឿងមនោសញ្ចេតនាស្នេហាមនុស្ស២នាក់ មកលាយឡំនឹងរឿងនយោបាយប្រទេសវាខុសគ្នាយើងមិនត្រូវរើសអើង ឬហាមឃាតស្នេហារបស់អ្នកណា ឬស្អប់ខ្ពើមអ្នកដែលមានឈាមកាត់ថៃអ្វីឡើយ ។
ជាការកត់សម្គាល់ នៅក្នុងអំឡុងពេលសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃមកលើប្រទេសកម្ពុជានាពេលនេះ ណា សាឌី ក៏ដូចជាអ្នកសិល្បៈជាច្រើនទៀត បានចូលរួមយ៉ាងសកម្មភាពនៅក្នុងសកម្មភាពមនុស្សធម៌នានា ដើម្បីជួយជនភៀសសឹក និងវីរកងទ័ពជួរមុខដែលកំពុងប្រយុទ្ធការពារទឹកដី ។

ជាក់ស្តែង តារាស្រីរូបនេះក៏បានបង្ហោះសំណេររបស់ខ្លួននៅលើបណ្តាញសង្គមថា ជូនចំពោះបងៗជាវីរកងទ័ពជួរមុខ សូមពួកបងការពារប្រទេសជាតិពីការឈ្លានពានរបស់ចោរថៃដោយជោគជ័យចុះបង ។
សូមបងកុំបារម្ភពីក្រុមគ្រួសាររបស់បង និងប្រជាជនខ្មែរអី ពួកខ្ញុំដែលជាសមរភូមិជួរក្រោយនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីមើលថែបងប្អូនយើងឲ្យបានល្អបំផុត វីរកងទ័ពដ៏អសា្ចរ្យ ពួកខ្ញុំនឹងចងចាំហើយដឹងគុណពួកបងអស់មួយជីវិត ៕


ចែករំលែកព័តមាននេះ