រាជធានីភ្នំពេញ ៖ អនុសាខាកាកបាទក្រហមខណ្ឌឫស្សីកែវ កាលពីព្រឹកថ្ងៃទី២២ កញ្ញា បាននាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋ១គ្រួសារ រស់នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ដែលបានរងគ្រោះដោយខ្យល់ព្យុះកាលពីពេលកន្លងមក។
ដឹកនាំក្នុងការនាំយកអំណោយទៅចែកជូននេះដោយលោកនុត ពុធដារ៉ា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌឫស្សីកែវ ព្រមទាំងមានការចូលរួមពីលោកឧកញ៉ាសំរិទ្ធ សាម៉ន ទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម ព្រមទាំងលោកព្រាប មុនី ចៅសង្កាត់ព្រែកលៀប និងសមាជិក សមាជិកា កាកបាទក្រហម យ៉ាងច្រើនកុះករ។
អំណោយដែលនាំទៅចែកជូនដល់គ្រួសាររងគ្រោះ ក្នុងឱកាសនោះរួមមាន អង្ករ៥០គីឡូក្រាម រួមទាំងសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគចំនួន១៩មុខ និងថវិកាចំនួន៤០ម៉ឺនរៀល ។ ដោយឡែក លោកឧកញ៉ាសំរិទ្ធ សាម៉ន ឧបត្ថម្ភបន្ថែមចំនួន១០ម៉ឺនរៀលបន្ថែមទៀត។
លោកនុត ពុធដារ៉ា ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមខណ្ឌឫស្សីកែវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលលោកជំទាវតែងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់ផ្សេងៗ និងរងគ្រោះដោយគ្រោះធម្មជាតិ។
ជាចុងក្រោយ លោកព្រាប មុនី ចៅសង្កាត់ព្រែកលៀប រួមទាំងលោកឧកញ៉ាសំរិទ្ធ សាម៉ន បានជួយជាស័ង្កសី និងឈើ ជួយប្រក់ដំបូល ដល់ក្រុមគ្រួសារនោះផងដែរ៕
ចែករំលែកព័តមាននេះ