រាជធានីភ្នំពេញ ៖ គ្មានអ្នកណាមិនភ្ញាក់ផ្អើលនោះទេ បន្ទាប់ពីមានការប្រកាសថា លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាម្ចាស់ខ្សែក្រវាត់ខ្មៅរហូតដល់៧ដាន់ខាងផ្នែកការ៉ាតេដូ ក្នុងពេលដែលលោកត្រូវបានគេដឹងថាគឺជាមន្ត្រីជាន់ខ្ពស់ និងមានការងារយ៉ាងណែនពេញដៃ ។ ជាមួយនឹងកិត្តិយសនៅក្នុងវិស័យកីឡាគួរឱ្យសរសើរ ងាកមកមើលប្រវត្តិរបស់លោកក៏មិនធម្មតាផងដែរ ជាពិសេសប្រវត្តិសិក្សា និងការងារមកទល់នឹងកាន់តំណែងជារដ្ឋមន្ត្រី និងជាប្រធានខេមរសហព័ន្ធការ៉ាតេដូកម្ពុជា។
មកទល់ពេលនេះ គេនៅតែកោតសរសើរចំពោះមន្ត្រីជាន់ខ្ពស់កម្ពុជាចំនួន៦រួបដែលសុទ្ធតែបានគ្រងតំណែងជាម្ចាស់ខ្សែក្រវាត់ខ្មៅនៅក្នុងប្រភេទកីឡាផ្សេងគ្នា។
ស្ថិតក្នុងតំណែងជារដ្ឋមន្ត្រី ជាមន្ត្រីជាន់ខ្ពស់់ក្នុងជួររដ្ឋាភិបាលបាលដែលមានការមមាញឹកខ្លាំង តែបែរជានៅតែតស៊ូជាមួយការងារក្បាច់គុនរហូតទទួលបានខ្សែក្រវាត់ខ្មៅ ។ ខ្សែក្រវាត់ដែលមន្ត្រីទាំង៦រូបទទួលបាន សុទ្ធតែជាខ្សែក្រវាត់ផ្នែកប្រយុទ្ធមិនមែនជាខ្សែក្រវាត់កិត្តិយសទេ ។ មន្ត្រីដែលមានខ្សែក្រវាត់ខ្មៅទាំង៦រូបនោះ មាន៤រូបជារដ្ឋមន្ត្រី និង២រូបជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលដែលឱកាសទទួលបានខ្សែក្រវាត់របស់មន្ត្រីកម្ពុជាទាំង៦ រូបគឺជារឿងកម្រមួយក្នុងចំណោមមន្ត្រីជាន់ខ្ពស់ច្រើនរូប ដោយសារតែខ្សែក្រវាត់ខ្មៅដែលមន្ត្រីទាំង៦ទទួលបាន គឺសុទ្ធតែមានការទទួលស្គាល់ពីស្ថាប័នអន្តរជាតិ និងគណៈកម្មការកីឡាដែលផ្ដល់ឱ្យក្នុងស្រុក ។
លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាអ្នកទទួលបានខ្សែក្រវាត់ខ្មៅកម្រិត៧ដាន់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏ជាមន្ត្រីជាន់ខ្ពស់មួយរូបដែលមានឥទ្ធិពលក្នុងជួររដ្ឋាភិបាលកម្ពុជា ដែលមានខ្សែក្រវាត់ខ្មៅកម្រិត៦ដាន់ លោក ប៉ាន់ សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលបានខ្សែក្រវាត់ខ្មៅ២ដាន់ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏ជាម្ចាស់ខ្សែក្រវាត់ខ្មៅផ្នែកតេក្វាន់ដូ លោក កែវ រ៉េមីរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីក៏ជាម្ចាស់ខ្សែក្រវាត់ខ្មៅកម្រិត៥ដាន់ និងមន្ត្រីមួយរូបទៀតនៅក្នុងក្រសួងអប់រំផងដែរ គឺជាម្ចាស់ខ្សែក្រវាត់ខ្មៅការ៉ាតេដូកម្រិត៨ដាន់ ។
យ៉ាងណាក៏ដោយ គេនៅតែកោតសរសើរលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុច្រើនជាង ដោយសារតែលោកគឺជាមន្ត្រីដែលមានឥទ្ធិពលក្នុងជួររដ្ឋាភិបាល និងមានការងារដកឃ្លាមិនរួច តែលោកនៅតែអាចហ្វឹកហាត់ និងប្រកួតយកបានខ្សែក្រវាត់ខ្មៅកម្រិត៧ដាន់ ដែលជាកម្រិតមួយខ្ពស់នៅក្នុងប្រភេទកីឡាមួយនេះ ។
លោកធ្លាប់ថ្លែងថាការហ្វឹកហាត់ក្បាច់គុនមួយនេះ លោកបានតស៊ូតាំងពីលោកមិនទាន់មានឱកាសកាន់ការងារជាមន្ត្រីជាន់ខ្ពស់ម្ល៉េះ ដោយគ្រាន់តែក្នុងពេលនោះលោកមិនបានយកចិត្តទុកដាក់ឱ្យខ្លាំង ទាល់តែដល់ពេលពេញវ័យមើលឃើញពីផលប្រយោជន៍លេងកីឡា ទើបលោកប្រឹងប្រែងបន្តរហូតទទួលបានជោគជ័យ ។ លោកត្រូវបានតែងតាំងជាប្រធានសហព័ន្ធការ៉ាតេដូកម្ពុជា បន្ទាប់ពីបានឆ្លងកាត់ការហ្វឹកហាត់ និងការប្រកួតយ៉ាងស្វិតស្វាញរហូតទទួលបានខ្សែក្រវាត់យ៉ាងមានកិត្តិយសដែលមានការទទួលស្គាល់ដោយសហព័ន្ធការ៉ាតេដូជប៉ុនផងដែរ ។
លោកបានថ្លែងថា កីឡាគឺជាអ្វីដែលលោកប្រកាន់ខ្ជាប់ហើយបើទោះជាក្នុងពេលនេះ លោករវល់ដកឃ្លាមិនរួចយ៉ាងណា ក៏ឆ្លៀតហ្វឹកហាត់រំលឹកក្បាច់ និងធ្វើសកម្មភាពបង្កើនសមត្ថភាពរបស់ខ្លួនក្នុងរយៈពេលមួយម៉ោង ឬមួយម៉ោងកន្លះក្នុងមួយថ្ងៃរាល់ពេលទំនេរផងដែរ ដើម្បីកុំឱ្យដៃជើងទៅជាស្ទក់ និងភ្លេចក្បាច់គុន។
លោកកាន់តែសប្បាយចិត្តទ្វេដង បន្ទាប់ពីបានកាន់តំណែងជាប្រធានខេមរសហព័ន្ធការ៉ាតេដូ ដែលធ្វើឱ្យលោកបានផ្សារភ្ជាប់ខ្លួនជាមួយនឹងសកម្មភាពកីឡាមួយនេះដែលអាចឱ្យលោកឆ្លៀតពេលហ្វឹកហាត់ទ្វេដង ។ លោកបានប្រកាសថា កីឡាគឺជាអ្វីដែលមនុស្សគ្រប់រូបមិនគួរឃ្លាតឆ្ងាយ ។ ជាក់ស្ដែងអ្វីដែលលោកប្រឹងប្រែងដណ្ដើមឱ្យបានខ្សែក្រវាត់ខ្មៅក្នុងកម្រិត៧ដាន់នេះ គឺជាអ្វីដែលលោកចង់បំផុសឱ្យមានការចាប់អារម្មណ៍លើវិស័យកីឡា។
អ៊ីចឹងហើយទើបតាំងពីលោកមកកាន់ជាប្រធានសហព័ន្ធគឺវិស័យកីឡាមួយនេះទទួលបានផ្លែផ្កាជាវិជ្ជមាន ដោយសារតែលោកមានជំនាញច្បាស់លាស់នៅក្នុងវិស័យនេះតែម្ដង ។ លោកនៅតែអះអាងថា សកម្មក្នុងកិច្ចការកីឡាដែលធ្វើឱ្យវិស័យការ៉ាតេដូកម្ពុជាមានការរីកចម្រើនជាពិសេសសម្រាប់ការបណ្ដុះធនធានកីឡាករក្មេងៗ។
ងាកមកកាន់ប្រវត្តិត្រួសៗរបស់លោកវិញ លោក អូន ព័ន្ធមុន្នីរ័ត្ន ក៏ជាមន្ត្រីដែលមានប្រវត្តិសិក្សា និងការងារគួរឱ្យសរសើរផងដែរ ។ លោកកើតនៅថ្ងៃទី១ តុលា ឆ្នាំ១៩៦៥ នៅរាជធានីភ្នំពេញ ដោយលោកអាចនិយាយ និងប្រើប្រាស់ភាសាអង់គ្លេស និងរុស្ស៊ី បានយ៉ាងស្ទាត់ជំនាញ ។ លោកមានកូន៤នាក់ និងជាបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយមកពីមហាវិទ្យាល័យនៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ។
អំឡុងឆ្នាំ១៩៩១ ដល់១៩៩២ លោកបានបញ្ចប់កម្រិត Diploma on International Business នៅសាលាពាណិជ្ជកម្មរបស់ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។ អំឡុងឆ្នាំ១៩៨៤ ដល់១៩៩០ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែក Arts Social and Political Sciences, នៅប្រទេសរុស្ស៊ី ទើបលោកបានមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយធ្វើឱ្យប្រសើរឡើងនៅក្នុងវិស័យនេះ បន្ថែមពីលើស្នាដៃដែលលោកដណ្ដើមបានខ្សែក្រវាត់ខ្មៅកម្រិត៧ដាន់ផ្នែកការ៉ាតេដូ ។
បច្ចុប្បន្ន លោកគឺជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានខេមរសហព័ន្ធការ៉ាតេដូ បន្ទាប់ពីអំឡុងឆ្នាំ២០០៣ ដល់២០១៣ លោកគ្រាន់តែជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច តែមានស្នាដៃរាប់មិនអស់នៅក្នុងពេលនោះ ។ តាំងពីឆ្នាំ១៩៩៤ មក លោកគឺជាមន្ត្រីមួយរូបដែលបានហែលឆ្លងប្រវត្តិការងារក្នុងជួរមន្ត្រីជាន់ខ្ពស់គួរឱ្យសរសើរផងដែរ ដោយផ្ដើមចេញពីការងារជាជំនួយការនាយករដ្ឋមន្ត្រីនាពេលនោះ ៕
ចែករំលែកព័តមាននេះ