ខេត្តប៉ៃលិន ៖ ការក្លាយជាកងកម្លាំងប្រដាប់អាវុធ គឺជាអ្នកដែលហ៊ានលះបង់ខ្លួនឯងគ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ ដោយសុខចិត្តឃ្លាតឆ្ងាយពីក្រុមគ្រួសារ ប្រពន្ធកូន ផ្ទះសម្បែង ក្នុងការបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃ ចូលរួមរក្សាសុខសុវត្ថិភាព សន្តិភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ។
នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នៅក្នុងខេត្តប៉ៃលិន ដោយបាននាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដល់កងកម្លាំងទាំងអស់ក្នុងខេត្តប៉ៃលិន ។ លោកបន្តទៀតថា សូមកោតសរសើរដល់កងកម្លាំរប្រដាប់អាវុធទាំងអស់ដែលបានខិតខំប្រឹងប្រែងតស៊ូបំពេញភារកិច្ច តាមតួនាទីរបស់ខ្លួន ដើម្បីជាតិ និងប្រជាជនទូទាំងប្រទេស ព្រោះបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង និងគ្រប់កាលៈទេសៈក្នុងការលើកកំពស់ជីវភាពរបស់កងកំលាំងប្រដាប់អាវុធទាំងអស់ផងដែរ ។
លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រចាំខេត្តប៉ៃលិនថា ជានិច្ចកាល សមត្ថកិច្ច បានបំពេញភារកិច្ចក្នុងការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សារធាណ: ជួនប្រជាពលរដ្ឋ និងប្រទេសជាតិ ព្រមទាំងបានចូលរួមចំណែកក្នុងកិច្ចការមនុស្សធម៌ ដល់សង្គមជាតិយ៉ាងច្រើនផងដែរ ។ លោកបន្តទៀតថា ដោយមានការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោទើបធ្វើឱ្យប្រទេសជាតិមាន សុខសន្តិភាព មានស្ថេរភាពនយោបាយល្អ ដែលជាហេតុនាំឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យចាប់តាំងពីបាតដៃទទេរហូតមកដូចសព្វថ្ងៃនេះ ។
លោកឧត្តមសេនីយ៍ត្រី ជា ចានឌិន ស្នងការនគរបាលខេត្តប៉ៃលិនតំណាងឱ្យកងកម្លាំងទាំង៣ប្រភេទបានឱ្យដឹងថា កន្លងមកកងកម្លាំងទាំងអស់បានខិតខំបំពេញតួនាទីភារកិច្ចដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូន និងយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសរក្សាសុខសុវត្ថិភាពជូនសង្គមជាតិទាំងមូល ព្រមទាំងចូលរួមរក្សាស្ថេរភាពនយោបាយក្នុងប្រទេស ព្រមទាំងប្តេជ្ញាចិត្ត ទប់ស្កាត់រាល់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងបន្តទប់ស្កាត់រាល់ការប្រមូលផ្តុំមនុស្សបង្កចលាចលគ្រប់រូបភាពដើម្បីធ្វើបដិវត្តន៍ពណ៌ ៕
ចែករំលែកព័តមាននេះ