រាជធានីភ្នំពេញ ៖ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានចាប់ផ្តើមជំរុញឱ្យមានការទូទាត់ទំនិញជាប្រាក់យន់ចិននៅតំបន់សក្ដានុពលសេដ្ឋកិច្ច និងទេសចរណ៍មួយចំនួន ហើយធនាគារជាតិនៃកម្ពុជាបាននិងកំពុងរៀបចំយុទ្ធសាស្ដ្របង្កើនការប្រើប្រាស់ឲ្យកាន់តែទូលំទូលាយថែមទៀតផងដែរ ។
រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យរូបិយប័ណ្ណយន់ចិនចរាចរនៅក្នុងប្រទេសបែបនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ, សេដ្ឋកិច្ច ក៏ដូចជាទេសចរណ៍ បានលើកឡើងថា ការអនុញ្ញាតឲ្យមានការទូទាត់ប្រាក់យន់ចិននេះ គឺផ្ដល់អត្ថប្រយោជន៍ច្រើនដល់កម្ពុជា ព្រោះចិនជាទីផ្សារសក្ដានុពលធំជាងគេ រួមទាំងទំហំការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ។ ដូច្នេះ គោលនយោបាយនេះបានផ្ដល់ភាពងាយស្រួលថែមទៀតដល់វិនិយោគិនចិន ទេសចរចិនក្នុងការទូទាត់ទំនិញនៅកម្ពុជា និងជាគោលនយោបាយបើកចំហជើងមេឃរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ។ ទោះបីយ៉ាងណា រហូតដល់បច្ចុប្បន្ន នេះ ទីផ្សាររូបិយប័ណ្ណចិននៅកម្ពុជាមានភាពតូចចង្អៀតនៅឡើយ បើធៀបនឹងដុល្លារអាមេរិក ។
បើតាមលោកជំទាវ ជា សេរី អគ្គនាយិកាធនាគារជាតិនៃកម្ពុជា ដែលបានលើកឡើងកន្លងមក បានបញ្ជាក់ថា កាលពីឆ្នាំ២០១៦ ប្រាក់យន់ចិនត្រូវបានប្រើទូទាត់លើការដោះដូរទំនិញនៅកម្ពុជាត្រឹមតែ៧% ស្មើនឹងចំនួន២,៥ពាន់លានយន់ ឬប្រមាណ៣៧៧លានដុល្លារអាមេរិកប៉ុណ្ណោះ ខណៈការប្រើប្រាស់ប្រាក់ដុល្លារមានប្រមាណ៩៣% លើពាណិជ្ជកម្មអន្តរជាតិកម្ពុជា-ចិន ។
គេសង្កេតឃើញថា ការប្រើប្រាស់ប្រាក់យន់នៅកម្ពុជា គឺច្រើនតែមាននៅតាមតំបន់ទេសចរណ៍ ឬតាមអាកាសយានដ្ឋាន ។ ចំណែកប្រតិបត្តិការប្តូរប្រាក់ក្នុងវិស័យធនាគារវិញ ពលរដ្ឋខ្មែរច្រើនតែប្តូរប្រាក់យន់មកចាយវាយ ពេលមានតម្រូវការទៅប្រទេសចិនប៉ុណ្ណោះ ។
លោកបណ្ឌិត ម៉ី កល្យាណ អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា មានប្រសាសន៍ថា មូលហេតុដែលលុយយន់មិនសូវពេញនិយមប្រើប្រាស់ទូលំទូលាយដូចប្រាក់ដុល្លារអាមេរិក ដោយសារប្រាក់ដុល្លារជារូបិយប័ណ្ណអន្តរជាតិយូរមកហើយ មានគេស្គាល់ច្រើន និងទទួលបានទំនុកចិត្តពីអ្នកចាយផងដែរ ។ ដោយឡែក ប្រាក់យន់វិញ វាហាក់នៅថ្មីសម្រាប់ប្រជាពលរដ្ឋខ្មែរ ។
លោកបណ្ឌិតបន្ថែមថា ៖« ធម្មតា លុយណាដែលគេជឿទុកចិត្ត គេស្គាល់ គេធ្លាប់ប្រើប្រាស់វាតាំងពីដើម ដល់អីចឹងទៅនិយមប្រើប្រាស់ដុល្លារ ដោយសារតែអាមេរិកនៅតែជាមហាអំណាច គេជឿលើ គេទុកចិត្តដុល្លារជាង ហើយមួយទៀត របៀបទូទាត់ របៀបទំនាក់ទំនងក្នុងទីផ្សារលុយកាក់ ដុល្លារមានទីផ្សារធំជាង » ។
លោកបន្តថា យ៉ាងណាមិញ ប្រាក់យន់ចិននឹងជ្រាបចូលបន្តិចម្តងៗ ។ លោកថា បើចង់ឱ្យក្រដាសប្រាក់យន់របស់ចិនមានប្រជាប្រិយភាព វាទាមទារពេលវេលាយូរបន្តិច ។
ប្រាក់យន់ «CN¥» ឬហៅថា ក្រដាសប្រាក់នៃប្រជាជនប្រជាមានិតចិន បានក្លាយជារូបិយប័ណ្ណអន្តរជាតិ ក្នុងចំណោមរូបិយប័ណ្ណគោលធំៗនៃមូលនិធិរូបិយវត្ថុអន្តរជាតិ មានដូចជា ប្រាក់ដុល្លារអាមេរិក ប្រាក់អឺរ៉ូរបស់អឺរ៉ុប ប្រាក់ផោនរបស់អង់គ្លេស និងប្រាក់យ៉េនរបស់ជប៉ុន ។
ការចាត់បញ្ចូលជាក្រដាសប្រាក់គោលអន្តរជាតិនេះ មានន័យថា ចាប់ពីពេលនេះទៅ គេអាចធ្វើការបោះពុម្ពពិសេសនូវក្រដាសប្រាក់យន់នេះ ដើម្បីផ្តល់ជំនួយ ឬកម្ចីទៅឲ្យប្រទេសណាមួយ ដែលផ្តល់ឲ្យដោយមូលនិធិរូបិយវត្ថុអន្តរជាតិ។ បន្ថែមពីនេះទៀត ធនាគារធំៗទាំងអស់ត្រូវមានតម្កល់សាច់ប្រាក់យន់នៅក្នុងរតនាគាររបស់ខ្លួន ។
ជុំវិញការប្រតិបត្តិការប្រាក់យន់នៅកម្ពុជា លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានប្រាប់កោះសន្តិភាព នៅថ្ងៃទី១០ មករា ថា ការប្រតិបត្តិការលុយយន់នៅធនាគារអេស៊ីលីដា មិនសូវមានទេ ហើយធនាគារអេស៊ីលីដា ក៏មិនមានសេវាផ្តល់ឥណទានជាប្រាក់យន់ដែរ ។
លោកបញ្ជាក់ដូចនេះ ដោយសារតែអតិថិជនរបស់ធនាគារអេស៊ីលីដា គឺភាគច្រើនជាសហគ្រាសធុនតូច និងមធ្យម និងកសិករ ដែលពួកមិនមានតម្រូវការទូទាត់ជាប្រាក់យន់ឡើយ ។
ចំពោះការមិនពេញនិយមក្នុងការប្រើប្រាស់ លុយយន់ដូចលុយដុលា្លរ លោកបណ្ឌិតយល់ថា មកពីលុយដុល្លារបានចរាចរនៅប្រទេសកម្ពុជាតាំងពីទសវត្សរ៍៩០ ដែលបច្ចុប្បន្ន ការទូទាត់ប្រាក់ដុល្លារមានប្រមាណ៩០% ពោលគឺប្រាក់ដុល្លារមានស្រាប់នៅក្នុងទីផ្សារកម្ពុជា ហើយពលរដ្ឋខ្មែរភាគច្រើនចូលចិត្តប្រើប្រាស់អ្វីដែលមានស្រាប់ ។
លោកបណ្ឌិតបន្តថា ៖« តាមធម្មតា អ្នកប្រើប្រាស់ បើអាណាប្រើស្រួល គាត់ប្រើអាហ្នឹង អាណាដែលមានស្រាប់ អីចឹង ប្រាក់ដុលា្លរវាមានស្រាប់ហើយ ហើយលុយយន់ជារឿងមួយ ដែលអ្នកនាំចេញ និងនាំចូលត្រូវបង្កើតសកម្មភាពសេដ្ឋកិច្ចដើម្បីគាំទ្រផ្នែកនេះ »។
ប្រទេសកម្ពុជា និងចិនមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធ ទាំងថ្នាក់រដ្ឋាភិបាល ស្ថាប័ន និងប្រជាពលរដ្ឋ លើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមកិច្ច ។ ការប្រើប្រាស់ប្រាក់យន់ចិនអាចផ្តល់ប្រយោជន៍ច្រើនដល់កម្ពុជា ដូចជា ការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិនបន្ថែមទៀត។ ចាប់តាំងពីឆ្នាំ២០១០មក ប្រទេសចិនជាម្ចាស់ជំនួយរបស់កម្ពុជា នៅលំដាប់លេខ១ និងការផ្ដល់កម្ចីសម្បទាន ហើយជំនួយទាំងនេះ ត្រូវបានប្រើប្រាស់ភាគច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យការពារជាតិ ក្នុងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងពង្រឹងសន្ដិសុខជាតិ ។
ថ្លែងក្នុងសន្និសីទស្ដីពី «ការលើកកម្ពស់ការប្រើប្រាស់ប្រាក់យន់ចិន និងប្រាក់រៀលនៅក្នុងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី» កាលពីខែតុលា ឆ្នាំ២០១៧ លោកជំទាវ ជា សេរី បានមានប្រសាសន៍ថា ធនាគារជាតិបានរៀបចំយុទ្ធសាស្ត្របង្កើនការប្រើប្រាស់ប្រាក់យន់ របស់ចិនឲ្យកាន់តែច្រើន និងទូលំទូលាយជាងមុន។ លោកជំទាវអះអាងថា ការទូទាត់ប្រាក់យន់ ក៏អាចជួយឱ្យមានកំណើននៃប្រើប្រាស់ប្រាក់រៀលផងដែរ ។
លោកបណ្ឌិត អ៊ិន ចាន់នី គាំទ្រចំពោះការជំរុញឱ្យប្រើប្រាស់ប្រាក់យន់នៅកម្ពុជា ។
លោកបានអះអាងថា ប្រាក់យន់នឹងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យលូតលាស់ប្រសើរជាងមុន តាមរយៈកំណើននៃការនាំចេញ ក៏ដូចជាការធ្វើឱ្យពាណិជ្ជកម្មរវាងកម្ពុជា-ចិនកាន់តែល្អផងដែរ ។
ទាក់ទិននឹងករណីនេះ លោកបណ្ឌិត ម៉ី កល្យាណ ពន្យល់ថា រវាងការប្រើប្រាស់ប្រាក់យន់ចិន និងប្រាក់ដុល្លារអាមេរិក ពិបាកក្នុងការចាត់ទុកថា មួយណាមានប្រយោជន៍ជាងមួយណា វាអាស្រ័យទៅលើការធ្វើពាណិជ្ជកម្ម ។
អ្នកវិភាគសេដ្ឋកិច្ចរូបនេះបានពន្យល់យ៉ាងដូច្នេះថា ៖« ប្រសិនបើយើងមានការរកស៊ីជាមួយអាមេរិកកាំងច្រើន ជាមួយបរទេសច្រើនអាហ្នឹងក៏ជំរុញការប្រើប្រាស់ដុលា្លរទៅ ក៏ប៉ុន្តែបើរកស៊ីជាមួយចិនច្រើន ប្រើប្រាស់យន់ទៅ វាអាស្រ័យទៅលើការធ្វើជំនួញជាមួយប្រទេសផ្សេងៗ » ។
លោក ហូ វណ្ឌី អគ្គលេខាធិការនៃសម្ព័ន្ធទេសចរណ៍កម្ពុជា មានប្រសាសន៍ថា ៖« កម្ពុជាបើកចំហការទូទាត់រូបិយប័ណ្ណផ្សេងៗនៅលើទីផ្សារកម្ពុជា ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ អីចឹង យើងឃើញការចរាចររូបិយប័ណ្ណនៅកម្ពុជាមានលក្ខណៈទូលំទូលាយ » ។
លោកបន្តថា កម្ពុជាសម្រួលការទូទាត់ប្រាក់យន់ ក្នុងនោះវាមិនត្រឹមតែជួយសម្រួលរូបិយប័ណ្ណរបស់ចិនប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងទំនាក់ទំនងការទូត និងសម្រួលឯកសារផ្សេងៗរបស់រាជរដ្ឋាភិបាលបានច្រើនទៅដល់ភ្ញៀវទេសចរចិនចូលមកកម្ពុជា ឈរនៅលំដាប់ថ្នាក់ទី១ ក្នុងចំណោមភ្ញៀវទេសចរបរទេស ។ ជាងនេះ ធ្វើឲ្យការហោះហើរត្រង់ពីគោលដៅក្នុងស្រុកចិនចូលមកកម្ពុជាច្រើនបន្ថែមទៀត ។
តាមមន្ត្រីជាន់ខ្ពស់របស់ធនាគារជាតិដែលបានលើកឡើងកន្លងមក ការរីកចម្រើននៃវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ក៏មានការចូលរួមពីប្រទេសចិន តាមរយៈការទំនាក់ទំនងរវាងសេដ្ឋកិច្ចចិន និងកម្ពុជា ទាំងវិស័យផ្លូវការ និងវិស័យឯកជន ។ ចំពោះវិស័យពាណិជ្ជកម្ម ប្រទេសចិនជាដៃគូនាំទំនិញចូលមកកម្ពុជា លំដាប់ទី១ ចាប់ពីឆ្នាំ១៩៩៨មកម្ល៉េះ ហើយក្នុងកំឡុងឆ្នាំ២០០៤-២០១៦ ការនាំចូលទំនិញពីចិនមកកម្ពុជា មានទំហំ២៣,៤ប៊ីលានដុល្លារអាមេរិក គិតជាមធ្យមប្រមាណ២៩,៥% នៃការនាំចូលសរុប ។
ចំណែកការវិនិយោគវិញ ចិននាំមុខគេ ដែលបានមកវិនិយោគនៅកម្ពុជា ដែលមានទឹកប្រាក់វិនិយោគសរុបកើនឡើងដល់៥,២ប៊ីលានដុល្លារអាមេរិក (២៩,៥% នៃការវិនិយោគផ្ទាល់ពីបរទេសសរុប) គិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៧។ ការវិនិយោគផ្ទាល់បរទេសពីចិន ផ្ដោតលើវិស័យចម្បងៗដូចជា វារីអគ្គិសនី (៣៧,៦% នៃការវិនិយោគសរុប), កាត់ដេរ២៣%, កសិកម្ម១០,៤% និងវិស័យធនាគារ៥,៦% ។ សម្រាប់វិស័យទេសចរណ៍ កំណើនភ្ញៀវទេសចរមកពីប្រទេសចិនបានកើនឡើងជាលំដាប់ឈរនៅលំដាប់លេខ១ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
គួរបញ្ជាក់ថា គិតចុងឆ្នាំ២០១៧ ធនាគារចិនចំនួន២ មានវត្តមានក្នុងប្រទេសកម្ពុជា គឺធនាគារ ICBC និងធនាគារចិនសាខាភ្នំពេញ។ ក្រៅពីនេះ ក៏មានធនាគារចំនួន១៧ផ្សេងទៀត កំពុងប្រតិបត្តិការជាប្រាក់យន់ ដោយភាគច្រើនប្រើប្រាស់ក្នុងវិស័យពាណិជ្ជកម្មខ្មែរ-ចិន ៕
ចែករំលែកព័តមាននេះ