ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​សន្យា​បោសសម្អាត​អំពើ​ពុក​រលួយ​ឱ្យ​អស់​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧកញ៉ា​រ័​ត្ន សុ​ខន អនុប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​អាស៊ី ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​អាស៊ាន និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូនឃ្លីលើតុ​កម្ពុជា​បាន​សន្យា​ថា លោក​នឹង​បោសសម្អាត​អំពើ​ពុក​រលួយ​ដែល​កើត​មាន ឡើង​នៅ​ក្នុង​សហព័ន្ធ​នា​ពេល​កន្លង​មក​ឱ្យ​អស់​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​។ លោក​ឧកញ៉ា​ថា…

រាជធានី​ភ្នំពេញ ៖ លោក​ឧកញ៉ា​រ័​ត្ន សុ​ខន អនុប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​អាស៊ី ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​អាស៊ាន និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូនឃ្លីលើតុ​កម្ពុជា​បាន​សន្យា​ថា លោក​នឹង​បោសសម្អាត​អំពើ​ពុក​រលួយ​ដែល​កើត​មាន
ឡើង​នៅ​ក្នុង​សហព័ន្ធ​នា​ពេល​កន្លង​មក​ឱ្យ​អស់​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​។

លោក​ឧកញ៉ា​ថា ការ​ដែល​លោក​សម្រេច ចិត្ត​បែប​នេះ​ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង
តវ៉ា​ជា​ច្រើន​ពី​គ្រូបង្វឹក កីឡាករ កីឡាការិនី មក​ពី​បណ្ដា​ក្លិប​និង​សមាគម​នានា​ទូ​ទាំង​ប្រទេស​ដែល​បាន​ចោទប្រកាន់​ទៅ​លើ​កញ្ញា​តៃ លី​ដា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយកូនឃ្លីលើតុ​កម្ពុជា ថា​បាន​ជ្រៀតជ្រែក​ការងារ​ផ្ទៃក្នុង​របស់​សហព័ន្ធ​ខុស​ពី​តួនាទី​របស់​ខ្លួន ។ មិនតែប៉ុណ្ណោះ​កញ្ញា​ថែម​ទាំង​បាន​កឹ​ប​កេង​ថវិកា​ជា​ប្រាក់​រង្វាន់​លើកទឹកចិត្ត​បន្ថែម​ដែល​ប្រធាន​សហព័ន្ធ​ផ្ដល់​ឱ្យ​ពីលើ​ថវិការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ទៀត​ផង​។

លោក​ឧកញ៉ា​បន្ត​ថា លោក​មាន​តួនាទី​ជា​ប្រធាន​សហព័ន្ធ​ក៏​ពិតមែន ប៉ុន្តែ​បើ​ចង់ឱ្យ​សហ​ព័ន្ធ​កីឡា​ជាតិ​នីមួយ​ៗ​អាច​រីក​ចម្រើន​ទៅ​បាន​គឺ​អាស្រ័យ​ទៅ​លើ​សមាជិក​គណៈ​កម្មការ​ប្រតិបត្តិ​នៅ​ក្នុង​សហព័ន្ធ​ទាំងអស់​ចេះ​រួម​គ្នា​ធ្វើការ​ដោយ​ការ​ទទួលខុសត្រូវ​តាម​តួនាទី​រៀង​ៗ​ខ្លួន ។ ចំណែក​អគ្គលេខាធិការ​វិញ​គឺជា​ភ្នែក​ជា​ច្រមុះ​របស់​ប្រធាន​សហព័ន្ធ​ដែល​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ធ្វើ​ការងារ​រដ្ឋបាល ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​អគ្គលេខាធិការ​ស្រី​រូប​នេះ បែរជា​មក​ធ្វើការ​ជ្រៀតជ្រែក​ការងារ​បច្ចេកទេស និង​ការងារ​ហិរញ្ញវត្ថុ​ ដើម្បី​ប្រយោជន៍​​ផ្ទាល់ខ្លួន​ទៅ​វិញ​។

ជាក់ស្ដែង នៅ​ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៦​ដល់​១៨ វិច្ឆិកា កន្លង​មកនេះ លោក​បាន​សន្យា​ថា នឹង​ផ្ដល់​ថវិកា​លើកទឹកចិត្ត​បន្ថែម​ទៅ​ដល់​កីឡាករ​-​កីឡាការិនី​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​មក​ពី​តាម​បណ្ដា​ខេត្ត​ក្នុង​ម្នាក់​២០០.០០០​រៀល​ស្មើនឹង​៥០​ដុល្លារ​អា​មេ​រិ​ក​ចំណែក​ក្លិប​និង​សមាគម​នីមួយ​ៗ​ទទួល​បាន​៤០​ម៉ឺន​រៀល​ស្មើនឹង​១០០​ដុល្លារ តែ​ទីបំផុត​មក​ទល់​នឹង​ពេល​នេះ​ពួក​គាត់​ទទួល​បាន​ត្រឹមតែ​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ​ហើយ​មិន​ទាន់​បាន​គ្រប់​គ្នា​ទៀត មាន​តែ​ក្លិប​ខេត្តសៀមរាប​មួយ​គត់​ដែល​ទទួល​បាន​១០០​ដុល្លារ ។

លោក​ឧកញ៉ា​សង្កត់ធ្ងន់​ថា អគ្គលេខាធិការ​ស្រី​រូប​នេះ​មិន​ត្រឹមតែ​មាន​ចេតនា​មិនល្អ​ក្នុង​ការ​កិបកេង​ថវិកា​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​នោះ​ទេ ថែម​ទាំង​បាន​ជ្រៀតជ្រែក​ការងារ​ហិរញ្ញវត្ថុ​របស់​លោកស្រី​ប៊ូ កា​និ​យ៉ា ដែល​ជា​អគ្គ​ហិ​រញ្ញឹក​របស់​សហព័ន្ធ​ទៀត​ផង ដោយ​បាន​ចេញ​លិខិត​ចំណូល​ចំណាយ​ថវិកា​ពុំ​មាន​ចុះ​ថ្ងៃខែ​ច្បាស់លាស់ និង​ពុំ​មាន​ហត្ថលេខា​ឯកភាព​ពី​អគ្គ​ហិ​រញ្ញឹក​ទៀត​ផង ។

ម្យ៉ាងវិញទៀត​ចំពោះ​បញ្ហា​បច្ចេកទេស អគ្គលេខាធិការ​ស្រី​រូប​នេះ​បាន​គំរាម​ដក​លោក​គ្រូ​ចាស់​ៗ​ដែល​ធ្លាប់​ដឹកនាំ​កីឡាករ​រាប់​សិប​ឆ្នាំ​ចេញ​បើ​មិន​ស្ដាប់​នាង​នឹង​ដាក់​អ្នក​ថ្មី​ចូល ។ ចំណែក​កីឡាករ​ដូច​គ្នា​ទោះបីជា​កីឡា​ករ​នោះ​មានបទពិសោធន៍​ប្រកួត​ច្រើន​ឆ្នាំ និង​មាន​ស្នាដៃ​ធ្លាប់​ដណ្ដើម​បាន​មេដាយ​ក៏​ដោយ បើ​គាត់​មិន​ពេញចិត្ត​គឺ​ព្រមាន​ដក​ចេញ​ភ្លាម​ដាក់​អ្នក​ថ្មី​ចូល ។

លោក​ឧកញ៉ា​រ័​ត្ន សុ​ខន បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា ព្រោះតែ​ទ​ង្វើ​មិន​គប្បី​បែប​នេះ​ហើយ​​ទើប​ក្នុង​នាម​លោក​ជា​ប្រធាន​សហព័ន្ធ​ត្រូវ​តែ​រក​ដំណោះស្រាយ​ជូន​ពួក​គាត់
ជា​បន្ទាន់ និង​លុប​បំបាត់​ឱ្យ​អស់​នូវ​ភាព​អសកម្ម និង​អំពើ​ពុក​រលួយ​ទាំងឡាយ​ដែល​កើត​មាន​ឡើង​នា​ពេល​កន្លង​មក ។ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​៣ មក​រា ឆ្នាំ​២០១៨ កន្លង​មកនេះ លោក​បាន​បើក​អង្គប្រជុំ​មួយ​ដោយ​ប្រកាស​លែង​ទទួលស្គាល់​កញ្ញា តៃ លី​ដា ជា​អគ្គ​លេខាធិការ​របស់​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា ចាប់ពី​ពេល​នេះ​ទៅ ហើយ​ប្រកាស​ឱ្យ​អគ្គលេខាធិការ​ស្រី​ម្នាក់​នេះ​ចូល​មក​ដោះស្រាយ​ជាមួយ​សហព័ន្ធ​ជា​បន្ទាន់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ