ខេត្តប៉ៃលិន ៖ ជនសង្ស័យម្នាក់ បន្ទាប់ពីបានយកពូថៅកាប់ទៅលើក្បាលបុរសម្នាក់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមនៅខេត្តកំពត រួចរត់គេចខ្លួនទៅស្នាក់នៅក្នុងខេត្តប៉ៃលិនអស់រយៈពេលជាយូរខែ ។ រហូតដល់ក្រោយមកជនសង្ស័យ បានខ្ចីម៉ូតូអ្នកជិតខាងជិះមួយភ្លែត ស្រាប់តែយកទៅលក់នៅឯខេត្តបន្ទាយមានជ័យ ក៏ត្រូវម្ចាស់ប្តឹងខាងកងរាជអាវុធហត្ថខេត្តប៉ៃលិន ឱ្យសហការណ៍ជាមួយខាងបន្ទាយមានជ័យ តាមចាប់ឃាត់ខ្លួន លុះស្រាវជ្រាវរកឃើញករណីឃាតកម្មនៅខេត្តកំពត កាលពីប៉ុន្មានឆ្នាំមុន ។
ហេតុការណ៍ចាប់ឃាត់ខ្លួននេះ បានកើតឡើងកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រហូតដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ ក៏បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន រហូតដល់វេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ក៏បញ្ជូនជនសង្ស័យឱ្យទៅសមត្ថកិច្ចខាងខេត្តកំពតវិញ ។
ប្រភពព័ត៌មានពី លោកវរសេនីយ៍ត្រី ស៊ិន តាំ នាយការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ សៅរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានឈ្លោះទាស់ទែងជាមួយបុរសម្នាក់ឈ្មោះ សាយ សាក់ អាយុ៥៤ឆ្នាំ រស់នៅភូមិជាមួយគ្នា រួចក៏យកដំបងឈើជ្រុងវាយទៅលើជនរងគ្រោះត្រូវចំក្បាល បណ្តាលឱ្យដួលសន្លប់ រួចក៏យកពូថៅកាប់ប្រហារទៅលើជនរងគ្រោះត្រង់កន្លែងក្បាល បណ្តាលឱ្យប្រកាច់ស្លាប់នៅនឹងកន្លែងកើតហេតុ ។
លោកបន្តទៀតថា ក្រោយមកជនសង្ស័យបានរត់គេចខ្លួនមកស្នាក់នៅក្នុងខេត្តប៉ៃលិន អស់រយៈពេលជាច្រើនខែ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យខាងលើ បានធ្វើសកម្មភាពខ្ចីម៉ូតូម៉ាកឌ្រីមពណ៌ខ្មៅ ពីជនរងគ្រោះម្នាក់ឈ្មោះ អ៊ុំ សុភាព ភេទប្រុស រស់នៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ហើយក៏យកម៉ូតូនោះទៅលក់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ពេលនោះម្ចាស់ម៉ូតូបានប្តឹងខាងលោក ឱ្យសហការណ៍ជាមួយខាងបន្ទាយមានជ័យចាប់ឃាត់ខ្លួន ។
លោកបញ្ជាក់ថា ក្រោយពីសួរចម្លើយរួច រកឃើញថា ជនសង្ស័យខាងលើបានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មទៅលើបុរសចំណាស់ម្នាក់នៅខេត្តកំពត ហើយក៏មានដីកាតាមចាប់ជនសង្ស័យនេះពីតុលាការខេត្តកំពតផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងបញ្ហានេះ ខាងលោកបានរៀបចំបញ្ជូនជនសង្ស័យទៅឱ្យសមត្ថកិច្ចខាងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ