ខេត្តតាកែវ ៖ រយៈពេល២ថ្ងៃបន្តបន្ទាប់គ្នា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបានចែកអំណោយដល់ប្រជាពលរដ្ឋខ្វះខាតក្នុងជីវភាព និងជួបគ្រោះធម្មជាតិ២.០៣៥គ្រួសារ នៅស្រុកចំនួន៣គឺស្រុកទ្រាំង កោះអណ្តែត និងស្រុកបុរីជលសានៅថ្ងៃទី១៤ និង១៥ កញ្ញា ។
លោកសោម អ៊ុំមុនីរ៉ា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប្រាប់កោះសន្តិភាពឱ្យដឹងថា តាមរយៈលោកអភិបាល ខេត្ត លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានឧបត្ថម្ភថវិកាសម្រាប់ទិញស្បៀង និងសម្ភារចែកជូនប្រជាពលរដ្ឋក្នុងក្រុមគ្រួសារជួបប្រទះជីវភាពខ្វះខាត និងក្រុមគ្រួសារដែលជួបគ្រោះធម្មជាតិ ។ ជំហានដំបូងរយៈពេល២ថ្ងៃនេះចែកជូនប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិមានខ្យល់ ព្យុះ ទឹកជំនន់ និងគ្រោះរាំងស្ងួតចំនួន២.០៣៥ គ្រួសារដោយកាលពីថ្ងៃទី១១ កញ្ញា ចែកជូនប្រជាពលរដ្ឋស្រុកទ្រាំងចំនួន១.០០០គ្រួសារ នៅក្នុងវត្តភ្នំខ្លែង ឃុំព្រៃស្លឹក ក្រោមអធិបតីភាពលោកអុិត សុខ អភិបាលរងខេត្ត និងនៅថ្ងៃទី១៥ កញ្ញា ចែកជូនប្រជាពលរដ្ឋចំនួន២ស្រុក ស្មើ ១.០៣៥គ្រួសារ មានស្រុកកោះអណ្តែត៥០០គ្រួសារ និង ប្រជាពលរដ្ឋស្រុកបុរី ជលសា៥៣៥គ្រួសារ ។ ការរៀបចំចែកជូនប្រជាពលរដ្ឋនៅក្នុងវត្តព្រៃធំ ឃុំពេជសារ ស្រុកកោះអណ្តែត ក្រោមអធិបតីភាពលោកអ៊ិត សុខ អភិបាលរងខេត្ត តំណាងឱ្យលោកស្រី បេន អភិបាលខេត្ត ។
លោកសោម អ៊ុំមុនីរ៉ា ប្រធានមន្ទីរសង្គមកិច្ច ខេត្តបន្តទៀតថា ប្រជាពលរដ្ឋរងគ្រោះ ទាំង២០៣៥ គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ៥០គីឡូក្រាម មុង១ ភួយ១ កន្ទេល១ និងសារុង១ ។
លោកអ៊ិត សុខ អភិបាលរងខេត្តបានមានប្រសាសន៍ពីការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរដ្ឋាភិបាលកម្ពុជាខិតខំប្រឹងប្រែងកសាងប្រទេសមានការអភិឌ្ឍគ្រប់ទីកន្លែង អគារពាណិជ្ជកម្មធំៗ អ្នកជំនួញ បណ្តាប្រទេសនានាមករកស៊ីប្រទេសយើង ។ ការធ្វើឱ្យអ្នកជំនួញមកដាក់ទុនរកស៊ីស្រុកយើងបាននោះអាស្រ័យដោយមានការដឹកនាំប្រទេសយ៉ាងត្រឹមត្រូវពីសម្តេចតេជោ ហ៊ុន សែន ដោយការពារបានសុខសន្តិភាព គ្មានអំពើប្លន់ គ្មានឃាតកម្ម មានស្ថិរភាពល្អក្នុងការរស់នៅ រកស៊ីវិនិយោគនៅស្រុកយើង ។
លោកអភិបាលរងខេត្តបញ្ជាក់ថា សម្តេចតេជោនិងលោកជំទាវកតិ្តព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមបានយកចិត្តទុកដាក់ជាចម្បងទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ ។ ទីណាមានប្រជាពលរដ្ឋរងទុក្ខ រងគ្រោះដោយធម្មជាតិ អត់ឃ្លាន ទីនោះមានមុខកាកបាទក្រហមនិងមន្ត្រីគណបក្សប្រជាជនកម្ពុជាចុះជួយជានិច្ច៕
ចែករំលែកព័តមាននេះ