រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលចុងក្រោយនេះ គេកត់សម្គាល់ថា វិស័យកីឡានៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ បន្ទាប់ពីកីឡាទាំងនោះចាប់ផ្ដើមពង្រីកសកម្មភាពរបស់ខ្លួនតាមរយៈការបណ្ដុះបណ្ដាល និងការប្រកួតស្វែងរកជើងខ្លាំងជាប្រចាំធ្វើឱ្យមានធនធានកីឡាករ-កីឡាការិនីល្អៗកើតឡើងច្រើន ។
ទោះបីយ៉ាងណា ក្នុងចំណោមប្រភេទកីឡាទាំងអស់ គេកត់សម្គាល់ឃើញមានតែប្រភេទកីឡាមួយចំនួនប៉ុណ្ណោះដែលមានសក្ដានុពល និងពេញនិយមខ្លាំងក្នុងស្រទាប់មហាជនតាមរយៈការដណ្ដើមបានមេដាយក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ និងមានមហាជនស្រឡាញ់ចូលចិត្តច្រើន បើទោះជាអ្នកលេងកីឡាទាំងនោះមិនចង់ប្រឡូកជាអាជីពក្ដី ។ ប្រភេទកីឡាដែលមានសក្ដានុពលនិងពេញនិយមខ្លាំងនៅកម្ពុជានាពេលបច្ចុប្បន្នមាន៖
+ កីឡាតេក្វាន់ដូ ៖ ក្នុងចំណោមប្រភេទកីឡាដែលកំពុងពេញនិយមខ្លាំងនៅកម្ពុជា គេចាត់ទុកកីឡាតេក្វាន់ដូមានសក្ដានុពលខ្លាំងប្រចាំឆ្នាំ២០១៧នេះ ដោយកីឡានេះកាន់តែមានការទទួលស្គាល់ចាប់តាំងពីកីឡាការិនី ស៊ន សៀវម៉ី បានក្លាយជា Super Star ធ្វើឱ្យប្រភេទកីឡាមួយនេះមានការចាប់អារម្មណ៍ចង់ហាត់ពីក្មេងៗ និងយុវវ័យច្រើនឡើង ។
តាំងពីឆ្នាំ២០១៤ ដែលស៊ន សៀវម៉ី ឈ្នះមេដាយមាសពិភពលោកហើយបានក្លាយជាតារាស្ពតផ្សព្វផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនធំៗផងនោះបានកតសម្គាល់ឃើញថា ប្រភេទកីឡាមួយនេះទទួលបានការយកចិត្តទុកដាក់ខ្លាំងពីគ្រប់មជ្ឈដ្ឋាន ទាំងថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គណៈកមា្មធិការជាតិអូឡាំពិកកម្ពុជា ជាពិសេសមហាជន ដែលស្រឡាញ់ការហ្វឹកហាត់ដើម្បីសុខភាព និងការពារខ្លួន។
ក្នុងមួយរយៈចុងក្រោយ គេឃើញក្លិបតេក្វាន់ដូតូចធំមានសិស្សចូលហ្វឹកហាត់ច្រើនឡើងខុសពីប៉ុន្មានឆ្នាំមុន ដោយគ្រាន់តែក្លិបរបស់ស៊ន សៀវម៉ី មួយក៏មានសិស្សច្រើនដល់ថ្នាក់រកពេលបង្ហាត់អត់ទាន់ផង ។
+ កីឡាបាល់ទាត់ ៖ ទោះបីកីឡាបាល់ទាត់មិនមានសក្ដានុពលក្នុងការដណ្ដើមពានលើឆាកអន្តរជាតិក៏គេមើលឃើញសន្ទុះគាំទ្រកីឡាមួយនេះមិនមានការថមថយនោះឡើយ ដោយសារតែក្រៅពីមានការកកើតឡើងក្រុមបាល់ទាត់អាជីពច្រើនក្រុម ក៏មានក្រុមមិនអាជីពលេចឡើងច្រើនផងដែរ ខណៈដែលក្មេងៗ និងយុវវ័យស្ទើរតែ៨០ភាគរយនៅក្នុងប្រទេសកម្ពុជាចាប់អារម្មណ៍កីឡាមួយនេះ ។
តាមរយៈកីឡាករ ចាន់ វឌ្ឍនា និងកីឡាករលេចធ្លោមួយចំនួនបានក្លាយជា Super Star គឺរឹតតែធ្វើឱ្យកីឡាមួយនេះមានការលេចធ្លោមិនធម្មតា ដោយអាចនិយាយបាននេះជាកីឡាដែលមានអ្នកគាំទ្រច្រើនជាងគេក្នុងចំណោមអ្នកចូលចិត្តកីឡានៅទូទាំងប្រទេសនោះផង ។ មកទល់នឹងពេលនេះ កីឡាបាល់ទាត់នៅតែបន្តនាំមុខលើប្រភេទកីឡាផ្សេងៗ ដោយអ្នកចូលហ្វឹកហាត់ដើម្បីក្លាយខ្លួនជាកីឡាករបាល់ទាត់អាជីពមានប្រាក់ខែខ្ពស់ព្រោះតែមានការចាប់អារម្មណ៍ផ្ដល់ការគាំទ្រពីក្រុមហ៊ុនឯកជនធំៗនោះផង ។
កាលពីមុនកីឡាបាល់ទាត់គឺគ្រាន់តែត្រូវគេបង្កើតលេងៗប៉ុណ្ណោះ ប៉ុន្តែរាល់ថ្ងៃបានក្លាយជាការស្រូបយកចំណូលតែម្ដង ជាពិសេសអ្នកមានថ្វីជើងល្អ ហើយត្រូវបានក្រុមធំៗក្នុងស្រុកប្រជែងគ្នាទិញយក និងមានកីឡាករកម្ពុជាមួយចំនួនត្រូវបានក្រុមនៅក្រៅប្រទេសដូចជាម៉ាឡេស៊ី និងថៃជាដើមចុះកុងត្រាយកទៅលេងឱ្យក្លិបគេថែមទៀតផង ។
+ កីឡាប្រដាល់ ៖ ក្នុងចំណោមកីឡាដែលមានការចាប់អារម្មណ៍លើសលប់ កីឡាប្រដាល់រីកផុសមិនចាញ់កីឡាបាល់ទាត់នោះទេ ដោយសារតែបណ្ដាសង្វៀនរបស់ទូរទស្សន៍ច្រើនឡើងមានលុយរៀបចំការប្រដាល់បានច្រើនសង្វៀន ហើយមានតម្រូវការអ្នកប្រដាល់ច្រើនខុសពីមុន ធ្វើឱ្យអ្នកប្រដាល់ដែលមានថ្វីដៃស្ទើរតែរកពេលសម្រាកអត់បាន ព្រោះតែមានការផ្គូផ្គង ។
នៅក្នុងវិស័យនេះ គេឃើញលេចចេញនូវក្លិបប្រដាល់ច្រើនឡើងក្នុងឆ្នាំ២០១៧ ដោយកីឡាករក្មេងៗក៏លេចមុខមិនតិចដែរ ទើបគេឃើញសង្វៀនរបស់ទូរទស្សន៍នានា អាចដំណើរការទៅបានដោយមិនភ័យរឿងដាក់កីឡាករដដែលៗឱ្យប្រកួត ។
បើទោះជាមានបណ្ដាក្លិបខ្លះថ្ងូរថា ពិបាករកអ្នកមានបំណងចង់ក្លាយជាអ្នកប្រដាល់តាមការចង់បាន ក៏ធនធានកីឡាករថ្មីៗនៅតែមានកំណើន ហើយកីឡាករទាំងនោះបានត្រាំត្រែងនៅក្នុងសង្វៀនក្នុងរយៈពេលយូររហូតបានក្លាយជាកីឡាករល្អនោះផង ដោយសារតែប្រដាល់សព្វថ្ងៃមិនមែនប្រដាល់លេងៗដូចប៉ុន្មានឆ្នាំមុននោះទេ ព្រោះឡើងរេញម្ដងៗបានលុយច្រើន ។
ជាក់ស្ដែងកីឡាករ រឿង សោភ័ណ្ឌ និងកីឡាករមួយចំនួនមិនត្រឹមតែមានរថយន្តជិះខុសពីពេលមុននោះទេ គឺពួកគេថែមទាំងអាចសន្សំលុយពីការប្រដាល់យកទៅបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ ទៅបើកក្លិបផ្ទាល់ខ្លួនក្នុងពេលនឿយណាយ និងអាចបើកអាជីពផ្ទាល់ខ្លួនដូចជាកីឡាករសែន រ៉ាឌី ជាដើម ដោយមិនភ័យរឿងឈប់ប្រកួតរត់ទៅស៊ីឈ្នួលគេដូចកីឡាករល្បីៗជំនាន់មុនផងដែរ។
+ កីឡាប្រណាំងម៉ូតូ ៖ ក្នុងឆ្នាំ២០១៧នេះ គេកត់សម្គាល់ថា កំណើននៃការស្ទុះឡើងរបស់កីឡាករប្រណាំងម៉ូតូមានការប្រែប្រួល ជាពិសេសចាប់តាំងពីមានទីលានប្រណាំងម៉ូតូធំមួយត្រូវបានបង្កើតឡើងនៅម្ដុំវត្តឃ្មួញក្នុងខណ្ឌសែនសុខ ។
កាលពីមុន កីឡាមួយនេះត្រូវគេឃើញមានសភាពរាយប៉ាយ និងមិនសូវមើលដឹងពីកម្លាំងប៉ុន្មានទេ ប៉ុន្តែចាប់ពីពាក់កណ្ដាលឆ្នាំ២០១៧មក មានការរាយការណ៍ថា កីឡាករប្រណាំងម៉ូតូកើនដល់ជាង៣០០នាក់ ដោយមិនទាន់រាប់បញ្ចូលអ្នកមិនអាជីពនោះផង។
ដ្បិតថាចំនួននេះមិនច្រើនធៀបនឹងកីឡាប្រណាំងម៉ូតូនៅប្រទេសជិតខាង ប៉ុន្តែក៏មានការភ្ញាក់ផ្អើលណាស់ដែរក្នុងពេលដែលកម្ពុជាត្រូវគេដឹងថាមិនសូវមានការនិយមលើកីឡាប្រភេទនេះផង ស្រាប់តែមានការប្រកាសថាមានជាង៣០០នាក់នៅទូទាំងប្រទេសសម្រាប់កីឡាអាជីព បន្ទាប់ពីមានការបើកប្រកួតជើងឯកប្រណាំងម៉ូតូលើកដំបូងកាលពីពាក់កណ្ដាលឆ្នាំ ។
មកទល់ពេលនេះ ទីលានដែលបានលេចឡើងបានទាំងបើកការបង្ហាត់បង្ហាញធ្វើឱ្យធនធានអ្នកប្រណាំងម៉ូតូកើនឡើងតែក្នុងរយៈពេលខ្លី ។
+ កីឡាប្រណាំងកង់ ៖ រឹតតែមានការរីកចម្រើនបើទោះជាកម្ពុជានៅមិនទាន់មានកីឡាករ ឬកីឡាការិនីណាម្នាក់ដណ្ដើមបានមេដាយលើឆាកអន្តរជាតិ ។ ជារៀងរាល់ថ្ងៃ គេឃើញមហាជនដែលស្រឡាញ់សុខភាពច្រើនឡើងបានចាប់អាជីពជាអ្នកជិះកង់តាមដងផ្លូវ ដោយក្នុងពេលមានការបើកប្រកួតម្ដងៗ មានអ្នកចូលរួមជិះកង់រហូតដល់រាប់រយនាក់បង្ហាញខ្លួន ធ្វើឱ្យគេមើលឃើញពីសន្ទុះរីកចម្រើន ។
ក្នុងឆ្នាំ២០១៧នេះ កីឡាជិះកង់នៅតែមានសន្ទុះរីកធំ ដោយសារតែមានមហាជនច្រើនឡើងគាំទ្រ ។
+ កីឡារាំហាត់ប្រាណ ៖ កីឡានេះក៏នៅតែមានការពេញនិយមផងដែរ បើទោះជាធៀបនឹងអំឡុងប៉ុន្មានឆ្នាំមុនមានការថយចុះជាងមុន ដោយសារតែមនុស្សដែលស្រឡាញ់សុខភាពងាកទៅហាត់ប្រាណក្នុងក្លិបដែលមានផាសុកភាពជាជំនួស ។
មហាជនច្រើននាក់នៅតែគាំទ្រកីឡានេះ ហើយបានចូលរួមរាំហាត់ប្រាណដោយមិនដឹងសកម្មភាពទាំងនោះគឺជាប្រភេទកីឡាមួយនោះផង ។
+ កីឡាប៉េតង់ ៖ ប្រភេទកីឡានេះក៏មានសក្តានុពលណាស់ដែរនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីអ្នកស្រីកែ ឡេង និង អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយច្រើនឡើងធ្វើឱ្យកម្ពុជាមានកិត្តិយសលើឆាកអន្តរជាតិ ។
កីឡានេះដ្បិតថាមានក្លិបទទួលបង្វឹកក្មេងៗទូលំទូលាយ តែក៏មានការលើកទឹកចិត្តនៅតាមសាលារៀននានា ដើម្បីឱ្យបុគ្គលិករបស់ខ្លួនបានហ្វឹកហាត់ដើម្បីពង្រីកសក្ដានុពលផងដែរ ។ កីឡានេះត្រូវបានគេចាត់ទុកថាមានសក្ដានុពលខ្លាំង ដោយសារតែបញ្ជូនឱ្យចេញប្រកួតនៅក្រៅប្រទេសលើកណាក៏ឈ្នះមេដាយបើមិនតិចក៏ច្រើនមកវិញដែរ ។
ក្រៅពីប្រភេទកីឡាដែលសក្ដានុពល និងពេញនិយមខាងលើ កីឡាផ្សេងទៀត ដូចជាល្បុក្កតោ យុទ្ធក្រមខម ហែលទឹក ការ៉ាតេដូ បាល់ទះ និងប្រដាល់ដាក់ទ្រុងជាដើម ក៏មានសន្ទុះឈានឡើងនៅក្នុងប្រទេសកម្ពុជាផងដែរ គ្រាន់តែមិនទាន់មានសក្ដានុពលខ្លាំងនៅក្នុងប្រទេសកម្ពុជាដោយសារតែខ្វះការគាំទ្រពីមហាជន ។
កីឡាខ្លះគឺមានសកម្មភាពតែពេលបើកប្រកួតម្ដងៗតែក្រៅពីនោះគឺស្ងាត់ដូចចោរលួចសេះតែម្ដង ៕
ចែករំលែកព័តមាននេះ