រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានអះអាងថា នៅក្នុងឆ្នាំ២០១៧ នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរចិនមកទស្សនាមានចំនួន១លាននាក់ ឈរនៅលំដាប់លេខ១ ។
លោក ឆាយ ឃុនឡុង អគ្គនាយករងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ចំនួនទេសចរចិនមកកាន់កម្ពុជា អាចកើនឡើងដល់១លាននាក់នៅដំណាច់ឆ្នាំ២០១៧នេះ ដោយឈរនៅចំណាត់ថ្នាក់លេខ១ក្នុងចំណោមទេសចរបរទេស ដែលបានមកដល់កម្ពុជាប្រមាណជិត៥លាននាក់ ។
លោកបន្តថា ដើម្បីសម្រេចបានគោលដៅ នៃកំណើនភ្ញៀវទេសចរពីប្រទេសចិននេះ គឺបន្ទាប់ពីមានការផ្តល់ទំនុកចិត្ត និងសម្រួលទៅលើសេវាទេសចរណ៍របស់កម្ពុជា ដើម្បីឆ្លើយតបតម្រូវការរបស់ទេសចរចិននៅតាមច្រកចេញចូល និងតំបន់ទេសចរណ៍នានាដូចជា តំបន់សៀមរាបអង្គរ តំបន់ឆ្នេរសមុទ្រ តំបន់អេកូទេសចរណ៍ និងតំបន់ទេសចរណ៍វប្បធម៌បៃតងផ្សេងៗទៀត។
ថ្លែងក្នុងសិក្ខាសាលាស្តីពីការជំរុញវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងខេត្តហ៊ូប៉ី ប្រទេសចិន នៅថ្ងៃទី២០ ធ្នូ នៅសណ្ឋាគារសុខាភ្នំពេញ លោក ឆាយ ឃុនឡុង បានបញ្ជាក់ថា ៖« រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំទាក់ទាញនូវទេសចរចិន តាមរយៈបង្កើនមគ្គុទ្ទេសក៍ទេសចរណ៍ ចុងភៅចម្អិនអាហារ អ្នកបកប្រែ អ្នកបម្រើផ្នែកសេវាភោជនីយដ្ឋាន សណ្ឋាគារ និងផ្នែកទីផ្សារ ជាដើម » ។
លោកបន្តថា ផែនការទាក់ទាញភ្ញៀវទេសចរ ពីប្រទេសចិន នឹងលើសគោលដៅដែលបានរំពឹងទុកចំនួន២លាននាក់នៅត្រឹមឆ្នាំ២០២០ បន្ទាប់ពីបើកការហោះហើរត្រង់នៅតំបន់ទេសចរណ៍មួយចំនួននៃប្រទេសចិន និងកម្ពុជា និងកិច្ចខិតខំទាក់ទាញវិនិយោគបន្ថែមទៀតទៅលើវិស័យទេសចរណ៍ ។ លោកថា វិស័យទេសចរណ៍កម្ពុជាបានរីកចម្រើនប្រកបដោយនិរន្តរភាព ។
លោកបានបន្តថា ប្រទេសកម្ពុជានឹងប្ដេជ្ញាធ្វើឲ្យវិស័យទេសចរណ៍កាន់តែមានភាពស្រស់ស្អាតបែបបៃតង ដែលជាគោលដៅទេសចរណ៍បែបវប្បធម៌ និងធម្មជាតិប្រកបទៅដោយភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកលេងនៅតាមតំបន់នានាកាន់តែច្រើនកុះករបន្ថែមទៀត ។ តំបន់ដែលអាចទាក់ទាញភ្ញៀវទេសចរនោះរួមមាន ៖ ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក និងឆ្នេរសមុទ្រ ដែលសុទ្ធសឹងតែជាតំបន់ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ។
លោកបានបញ្ជាក់ថា ៖« ជាការពិត នៅថ្ងៃអនាគត ទេសចរណ៍កម្ពុជាមិនអាចកាត់ផ្ដាច់ពីទេសចរណ៍ចិនបានឡើយ ដោយសារតែប្រទេសកម្ពុជានិងចិន គឺមានចំណងមិត្តភាពគ្នាជាយូរអង្វែងណាស់មកហើយ ទើបធ្វើឲ្យប្រ ទេសកម្ពុជាមានអ្នកវិនិយោគចិនមកធ្វើការវិនិយាគកាន់តែច្រើនទៅៗ » ។
លោកបន្តថា កម្ពុជាគាំទ្រចំពោះការដាក់ចេញយុទ្ធសាស្ត្រខ្សែក្រវាត់ និងវិថី ដែលជាក្របខ័ណ្ឌនយោបាយឈ្នះ-ឈ្នះរបស់រដ្ឋាភិបាល ហើយកម្ពុជាសង្ឃឹមថា នយោបាយនេះនឹងអាចជួយជំរុញដល់វិស័យទេសចរណ៍នៅតាមផ្លូវសូត្រ រួមទាំងប្រទេសកម្ពុជាផងដែរ ។
លោកស្រី ពូលៀវ យ៉ាន់ (Puliu Yan) ប្រធានគណៈកម្មការទេសចរណ៍ចិនប្រចាំខេត្តហ៊ូប៉ី ប្រទេសចិន បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ នឹងជំរុញកំណើនទេសចរណ៍ទ្វេភាគីបន្ថែមមួយកម្រិតទៀត ខណៈចំនួនប្រជាពលរដ្ឋនៅក្នុងខេត្តហ៊ូប៉ី មានរហូតដល់៦០លាននាក់ ព្រមទាំងមានតំបន់ទេសចរណ៍វប្បធម៌បៃតងច្រើនផងដែរ ។
លោកស្រីបន្ដថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងយុទ្ធសាស្ត្រទាក់ទាញទេសចរចិនឆ្នាំ២០១៦-២០២០។
លោកស្រីក៏បានលើកឡើងដែរថា វិស័យទេសចរណ៍ ក៏ជាសសរស្ដម្ភមួយដ៏សំខាន់នៃការទ្រទ្រង់សេដ្ឋកិច្ចជាតិសម្រាប់ខេត្តហ៊ូប៉ីផងដែរ។ វិស័យទេសចរណ៍នៅទូទាំងខេត្តបានពង្រីកនូវវិសាលភាពសម្រាប់ការចំណាយការអភិវឌ្ឍមានភាពនឹងនរ ដែលជំរុញឲ្យប្រជាពលរដ្ឋមានការងារធ្វើ និងបានកាត់បន្ថយភាពក្រីក្រ ហើយទាំងនេះសុទ្ធសឹងតែជាកត្តាដ៏សំខាន់សម្រាប់វិស័យ ទេសចរណ៍ ។
សូមបញ្ជាក់ថា ក្នុងសិក្ខាសាលាស្តីពីការជំរុញវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងខេត្តហ៊ូប៉ី ភាគីកម្ពុជាក៏បានចុះកិច្ចព្រមព្រៀងជាមួយខេត្តហ៊ូប៉ី ប្រទេសចិន ដើម្បីជំរុញកំណើន ទេសចរចិនមកកាន់កម្ពុជា និងពីកម្ពុជាទៅខេត្តហ៊ូប៉ី ឲ្យមានកំណើនថែមទៀត បន្ទាប់ពីមានការហោះហើរត្រង់តាំងពីឆ្នាំ២០១២កន្លងមក ៕
ចែករំលែកព័តមាននេះ