ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​កា​ណា​ដា បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក​ជំទាវ ពីង គិត​នី​កន (Ping M. Kitnikone) អគ្គរដ្ឋទូត នៃ​ប្រទេស​កា​ណា​ដា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។

ក្នុង​ឱកាស​នៃ​ជំនួប លោក​ជំទាវ​អគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ សម្តេច​ធិ​បតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​រូប​លោក​ជំទាវ និង​គណៈប្រតិភូ ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​បញ្ជាក់​អំពី​ការ​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​ការទូត​ជា​ប្រវត្តិសាស្ត្រ និង​កិច្ច​សហប្រតិបត្តិការ​ល្អ រវាង​កា​ណា​ដា​-​កម្ពុជា ដែល​ជា​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា ហើយ​ក្នុង​អាណត្តិ​ការទូត​នៅ​កម្ពុជា លោក​ជំទាវ​ឯកអគ្គរដ្ឋទូត ប្តេជ្ញា​ខិតខំ​បន្ត ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រីក​ចម្រើន​។ បន្ថែម​លើ​នេះ លោក​ជំទាវ​ឯកអគ្គរដ្ឋទូត ក៏​បាន​គោរព​ជម្រាប​ជូន​សម្តេច​ធិ​បតី​អំពី​ការ​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​កា​ណា​ដា​-​កម្ពុជា ក៏​ដូច​ជា​ការ​ពង្រឹង​ការ​វិនិយោគ​ប្រកបដោយ​គុណភាព​របស់​ក្រុមហ៊ុន​កា​ណា​ដា​នៅ​កម្ពុជា​ផង​ដែរ ។

ជា​ការ​ឆ្លើយ​តប សម្តេច​ធិ​បតី បាន​ស្វាគមន៍​ចំពោះ លោក​ជំទាវ ពីង គិត​នី​កន និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញបេសកកម្ម​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ការទូត និង​កិច្ច​សហប្រតិបត្តិការ​ល្អ រវាង​ប្រទេស​ទាំង​ពីរ ដែល​ជា​ចំណង​ការទូត​ជាង​៧០​ឆ្នាំ​មក​ហើយ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​កា​ណា​ដា ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​សង្គម​-​សេដ្ឋកិច្ច​កម្ពុ​ជានា​ពេល​កន្លង​មក ការ​កសាង​ធនធានមនុស្ស ជា​ពិសេស​ការ​បណ្តុះបណ្តាល​ដល់​កងកម្លាំង​រក្សា​សន្តិភាព​មួក​ខៀវ​របស់​កម្ពុជា និង​ការ​គាំទ្រ​ដល់​វិស័យ​បោសសម្អាត​មីន ។

ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា បច្ចុប្បន្ន​នេះ​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​បង្កើត​នូវ​តំណាង​សភាពាណិជ្ជកម្ម​នៅ​ប្រទេស​កា​ណា​ដា ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ភ្ជាប់​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​។ បន្ថែម​លើ​នេះ សម្តេច​ធិ​បតី បាន​បញ្ជាក់​ជូន​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​អំពី​គោលនយោបាយ​ទាក់ទាញ និង​លើកទឹកចិត្ត​វិនិយោគិន​នៅ​កម្ពុជា តាម​រយៈ​ការ​អនុវត្ត​ច្បាប់​ស្តី​អំពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​ជាក់ស្ដែង ដើម្បី​គាំទ្រ​ដល់​បរិយាកាស​វិនិយោគ និង​រក្សា​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​សកលលោក​។ ទន្ទឹម​នោះ សម្ដេច​ធិ​បតី​ក៏​បាន​គូស​រំលេច​អំពី​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ និង​យន្តការ​បន្ថែម​ទៀត​ក្នុង​ការ​គាំទ្រ និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​របស់​វិនិយោគិន​នៅ​កម្ពុជា តាម​រយៈ​ការ​រៀបចំ​នូវ​វេទិកា​រវាង​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន និង​ការ​បង្កើត​ក្រុមការងារ​តាមដាន​លើ​ការ​អនុវត្ត​គោលនយោបាយ វិធានការ និង​ការ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នានា របស់​វិនិយោគិន ។

សម្តេច​ធិ​បតី និង​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត ក៏​បាន​ពិភាក្សា និង​ផ្លាស់​ប្តូរ​យោបល់​ក្នុង​ការ​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ដោយ​ផ្តោត​លើ​គំនិត​ផ្តួចផ្តើម​ស្តី​ពី​យុទ្ធសាស្ត្រ​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក របស់​ប្រទេស​កា​ណា​ដា និង​ការ​ឈាន​ទៅ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កា​ណា​ដា ដែល​នឹង​ក្លាយជា​ផលប្រយោជន៍​រួម​សម្រាប់​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា ដើម្បី​សន្ដិភាព ស្ថិរភាព វិបុលភាព និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់ និង​ពិភពលោក ៕

អត្ថបទសរសេរ ដោយ