ខេត្តបាត់ដំបង ៖ លំនៅឋានដ៏ធំមួយខ្នងត្រូវអគ្គិភ័យលេបត្របាក់អស់គ្មានសល់ កាលពីវេលាម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី០៦ កញ្ញា ស្ថិតនៅចំណុចភូមិទូលស្នូល ឃុំឬស្សីក្រាំង ស្រុកមោងប្ញស្សី ដែលគេសន្និដ្ឋានថា បណ្ដាលមកពីការទុស្សេខ្សែភ្លើង ។
សេចក្ដីរាយការណ៍ពីមន្ត្រីពន្លត់អគ្គិភ័យបានដឹងថា លំនៅឋានដែលត្រូវអគ្គិភ័យឆេះអស់គ្មានសល់នោះ មានទំហំ១០ម៉x១២ម៉ ធ្វើពីឈើប្រក់ក្បឿងរបស់ឈ្មោះ ម៉ៅ គឿន ភេទស្រី អាយុ៦៨ឆ្នាំ ត្រូវអគ្គិភ័យឆេះអស់ទាំងស្រុងតែម្ដង សូម្បីរថយន្តពន្លត់អគ្គិភ័យសមត្ថកិច្ច ក៏ទៅមិនទាន់ដង្ហើមដែរ ។
សេចក្ដីរាយការណ៍ដដែលបានឱ្យដឹងទៀតថា ម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថា អគ្គិភ័យនេះបានកើតឡើង ដោយសារទុស្សេខ្សែចរន្តអគ្គិសនីនៅខាងលើផ្ទះ ។ អ្នកភូមិបាននាំគ្នាជួយពន្លត់ តែដោយសារអណ្ដាតភ្លើងមានសន្ទុះខ្លាំងពេក ទើបមិនអាចជួយសង្គ្រោះបាន ។
សមត្ថកិច្ចបាននិយាយដែរថា អគ្គិភ័យបានឆាបឆេះខ្លាំងពេញបន្ទុកនៅផ្នែកខាងលើ ដែលអ្នកភូមិពិបាកក្នុងការចូលជួយពន្លត់ ។ ដោយឡែក ការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចវិញ ក៏មិនអាចជួយទាន់ពេលដែរ ។ ព្រោះផ្លូវចូលតូចចង្អៀតរថយន្តពន្លត់អគ្គិភ័យមិនអាចចូលរួច ហើយម្យ៉ាងទៀតការផ្ដល់ព័ត៌មានពីមូលដ្ឋានមានភាពយឺតយ៉ាវផង ។
បើតាមរបាយការណ៍សមត្ថកិច្ចលំនៅឋានដ៏ធំមួយខ្នងនេះ ត្រូវអគ្គិភ័យលេបយកអស់ទាំងស្រុងតែម្ដង ។ មានអីវ៉ាន់ និងសម្ផារមួយចំនួនត្រូវបានជួយសង្គ្រោះ តែភាគច្រើននៃសម្ភារនៅក្នុងផ្ទះត្រូវក្លាយជាចំណីភ្លើង ក្នុងនោះ ក៏មានមាស០២ជី និងលុយខ្មែរចំនួន០១លានរៀលផងដែរ ។ បើបូកសរុបទាំងផ្ទះ ទាំងទ្រព្យសម្បត្តិដែលបាត់បង់គិតជាទឹកប្រាក់អស់ជាង២៣លានរៀល តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។
គួរកត់សម្គាល់ដែរថា មួយរយៈចុងក្រោយនេះ នៅក្នុងខេត្តបាត់ដំបង អគ្គិភ័យបានកើតឡើងជាបន្តបន្ទាប់ ដែលភាគច្រើននៃអគ្គិភ័យត្រូវគេសង្កេតឃើញថា កើតឡើងដោយសារការទុស្សេចរន្តអគ្គិសនី ។ ធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិអស់គ្មានសល់ក្នុងមួយករណីៗ តែមិនធ្លាប់មានគ្រោះថ្នាក់ដល់មនុស្សទេ។ នេះបើតាមការកត់សម្គាល់ពេលមានអគ្គិភ័យកើតឡើងម្ដងៗ ។
ដូច្នេះ ប្រជាពលរដ្ឋគូរតែមានការប្រុងប្រយ័ត្ន និងត្រួតពិនិត្យឲ្យបានជាក់លាក់ចំពោះខ្សែភ្លើង ដែលប្រើប្រាស់ក្នុងផ្ទះ ។ យ៉ាងណា ករណីអគ្គិភ័យកើតឡើងនៅស្រុកមោងប្ញស្សីខាងលើនេះ ពេលនេះអាជ្ញាធរកំពុងចុះពិនិត្យធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីជួយសង្គ្រោះបឋមដល់គ្រួសារជនរងគ្រោះហើយ ៕
ចែករំលែកព័តមាននេះ