បណ្តាកម្លោះក្រមុំ ដែលចង់សម្រកទំងន់ មានវិធីសាស្ត្រម្យ៉ាងងាយស្រួលធ្វើឱ្យខ្លួនប្រាណមានលក្ខណៈល្អប្រសើរស្រស់ស្អាតនិងមានសុវត្ថិភាពដោយការទទួលទានចេកអំបូង។ ចេកអំបូងផ្តល់ថាមពល៩២គីឡូកាឡូរីក្នុងចំនួន១០០ក្រាម។ ប្រសិនបើលោកអ្នកទទួលទានចេកអំបូងក្នុងមួយថ្ងៃ២ទៅ៣ផ្លែ រាងកាយលោកអ្នកនឹងទទួលបានថាមពលដ៏សមស្របប៉ុន្តែសូមកុំឱ្យមានគំនិតចង់ទទួលទានចេកអំបូងតែមួយមុខក្នុងអំឡុងពេលសម្រកទំងន់ ព្រោះធ្វើឱ្យរាងកាយខ្វះសារធាតុអាហារ។
វិធីសាស្ត្រទទួលទានចេកអំបូងដើម្បីសម្រកទំងន់ត្រូវបានណែនាំឱ្យទទួលទាន១ផ្លែជាមួយទឹកក្តៅអ៊ុនៗ ឬទឹកដោះគោមានជាតិខ្លាញ់ទាប ធ្វើជាអាហារពេលព្រឹក ខណៈពេលទទួលទានអាហារថ្ងៃត្រង់ធ្វើឡើងតាមធម្មតា ប៉ុន្តែត្រូវចៀសវាងអាហារប្រភេទចៀន បំពង ឬឆា ស្បែកសត្វ និងអាហារមានខ្លាញ់ច្រើន។ គួរតែទទួលទានបន្លែឱ្យច្រើនជាងសាច់។ សំរាប់អាហារពេលល្ងាច គួរទទួលទានឱ្យបានរួចរាល់នៅមុនម៉ោង៦ ឬម៉ោង៧យប់ ប្រសិនបើទទួលទានយឺតជាងនេះ ចំណីអាហារដែលទទួលទានចូលនឹងធ្វើឱ្យរាងកាយប្រមូលផ្តុំជាតិខ្លាញ់។ ប្រសិនបើមានអារម្មណ៍ឃ្លាននិងហេវក្រោមម៉ោងនៃការទទួលទានអាហារតាមពេល គួរបរិភោគចេកអំបូង និងពិសាទឹកក្តៅអ៊ុនៗឬទឹកដោះគោមានជាតិខ្លាញ់តិច ព្រោះក្រៅពីមិនធ្វើឱ្យធាត់ ថែមទាំងជួយការពារអាការរាកមួលនិងធ្វើឱ្យស្បែកមានពណ៌សម្បុរល្អ៕
ចែករំលែកព័តមាននេះ