រាជធានីភ្នំពេញ ៖ យោងតាមការបញ្ជាក់ចុងក្រោយ តារាសម្ដែងនាងពេជ្រ ចរណៃ ដែលត្រូវគេស្គាល់ថា ជាសិស្សគុនល្បុក្កតោផង កំពុងតែស្ថិតក្នុងស្ថានភាពកាន់តែយ៉ាប់យ៉ឺនដោយសារជំងឺបេះដូងប្រហោង និងដាច់សរសៃប្រឹសបេះដូងរបស់នាងអត់មានជំនួយវះកាត់ ។ នាងត្រូវគេដឹងថា កំពុងសម្រាកនៅក្នុងបន្ទប់ជួលមួយនៅប្រទេសថៃ ដោយប្រើថ្នាំពន្យារជីវិតដើម្បីរង់ចាំជំនួយពីខាងផលិតកម្មទេពនិករ ដែលបានប្រកាសចេញមុខស្វែងរកជំនួយពីសប្បុរសជនដើម្បីឱ្យនាងមានលទ្ធភាពទទួលការវះកាត់បេះដូង ប៉ុន្តែមកទល់ពេលនេះផលិតកររបស់ផលិតកម្មទេពនិករអះអាងថា រកមិនបានអ្នកមានចិត្តធម៌សប្បុរសតាមការប្រកាសនោះឡើយ ។
លោក វិរៈ ដែលត្រូវគេស្គាល់ថាជាគ្រូបង្វឹកប្រចាំក្លិបល្បុក្កតោក្មេងវត្ត និងជាគ្រូបង្វឹករបស់នាងផងបានអះអាងថា លោកនឹងចេញមុខអំពាវនាវឱ្យបានពេញទំហឹង តាមរយៈការផលិតវីដេអូ និងបង្ហោះសារជាច្រើនដើម្បីសុំជំនួយសង្គ្រោះជីវិត កញ្ញា ពេជ្រ ចរណៃ ដែលនាងក៏ជាតារាសម្ដែងមួយរូបផង ។ លោកថានាងគឺជាកូនសិស្សមួយរូបក្នុងចំណោមសិស្សគុនល្បុក្កតោ ដែលស្ថិតក្នុងស្ថានភាពមិនខុសពីដេកចាំស្លាប់នោះទេ ដោយសារតែថវិកាដែលរំពឹងថានឹងទទួលបានពីផលិតកររបស់ផលិតកម្មទេពនិករ គឺមិនមានតម្រុយទេមកទល់ពេលនេះ ។ លោកអះអាងថា មុនពេលចាកចេញ ភាគីអ្នកជំងឺរំពឹងទាំងស្រុងទៅលើផលិតកម្មទេពនិករ ថានឹងអាចរកបានថវិកាពីសប្បុរសជនជួយលើការវះកាត់ទើបចាកចេញទៅ ប៉ុន្តែដំណឹងចុងក្រោយគឺមិនអាចរកបានអ្នកចេញមុខជួយដល់កញ្ញា ពេជ្រ ចរណៃ នោះទេ ទើបលោកយល់ថា សិស្សគុនរបស់លោកមិនខុសពីដេកចាំស្លាប់ដោយសារតែនាងអត់មានលទ្ធភាពក្នុងការវះកាត់ថែមទាំងដល់ដំណាក់កាលពន្យារស្ថានភាពជំងឺលែងចង់បានទៀត ។
លោកថាអត់មានសង្ឃឹមនោះទេ ដោយសារតែជំនួយដែលនាងទទួលបានពីខាងគ្រួសារតារាកម្ពុជា និងពីសប្បុរសជនផ្សេងៗ គឺបានត្រឹមតែទប់លើចំណាយក្នុងការចាយវាយ និងលើថ្លៃថ្នាំក្នុងពេលបេះដូងធ្វើទុក្ខម្ដងៗនៅក្នុងប្រទេសថៃប៉ុណ្ណោះ។ លោកថា ជម្រើសចុងក្រោយ គឺមានតែលោក និងសិស្សគុនល្បុក្កតោទាំងអស់នឹងបន្តធ្វើការអំពាវនាវដើម្បីឱ្យមានការភ្ញាក់ផ្អើលដល់អ្នកមានធម៌សប្បុរស ទើបអាចជួយសង្គ្រោះជីវិតតារាស្រីរូបនេះបាន ។ ទោះបីយ៉ាងណា លោកនៅតែសង្ឃឹមថា ផលិតករផលិតកម្មទេពនិករ ដែលនាងបានថតរឿង«អាគមស្បែកដាច»ឱ្យពិតជាអាចរកជំនួយសង្គ្រោះជីវិតនាងបាន ដោយសារតែផលិតកម្មនេះបានអះអាងថា ខ្លួនស្គាល់អ្នកមានមុខមាត់ជាន់ខ្ពស់ច្រើននៅក្នុងសង្គម ។
នៅលើផេករបស់ផលិតកម្មទេពនិករ គេឃើញមានការប្រកាសថា ផលិតកម្មបានស្វះ
ស្វែងដាក់លិខិតទៅកាន់មន្ត្រីជាន់ខ្ពស់ច្រើននាក់ ដើម្បីឱ្យជួយដល់ពេជ្រ ចរណៃ ប៉ុន្តែរាល់សំណើដែលបានដាក់ទៅគឺមិនមានមន្ត្រី និងអ្នកមានលុយណាម្នាក់ចាប់អារម្មណ៍ចង់ជួយនោះទេ ទើបមកទល់ពេលនេះដំណឹងវះកាត់របស់តារាសម្ដែងរូបនេះ នៅមិនមានតម្រុយនៅឡើយ។ លោកគ្រូវិរៈ បញ្ជាក់ថា ពេជ្រ ចរណៃ បើគ្មានលទ្ធភាពវះកាត់ គឺមិនខុសពីការប្រឈមនឹងអាយុជីវិតនោះទេ ដោយសារតែជំងឺរបស់នាងដែលបានបន្តពន្យារមកទល់ពេលនេះ កាន់តែធ្វើទុក្ខខ្លាំង បើទោះជាបានទទួលការលេបថ្នាំពន្យារពីគ្រូពេទ្យថៃ ក៏ជំងឺរបស់នាងវាដល់ដំណាក់កាលត្រូវវះកាត់ហើយ បើមិនដូច្នោះទេគឺមិនខុសពីដេកចាំស្លាប់ឡើយ ។ លោកប្រកាសថា កំពុងទាក់ទងឱ្យនាងត្រឡប់មកវិញ ប៉ុន្តែមិនហ៊ាននិយាយថា ផលិតកម្មទេពនិករដែលជាក្ដីសង្ឃឹមតាំងពីមុនពេលចេញទៅថៃនោះ មិនអាចរកអ្នកមានលទ្ធភាពជួយនាងឱ្យបានវះកាត់នោះទេ ដើម្បីកុំឱ្យនាងបាក់ទឹកចិត្តកាន់តែខ្លាំង។
លោកបន្តថា គឺជារឿងគួរឱ្យសង្វេគណាស់ដែលនាងកើតជំងឺធ្ងន់ធ្ងរមួយនេះ ក្នុងពេលនាងមិនមានលទ្ធភាពក្នុងការព្យាបាល ។ លោកថា នាងគឺជាកូនកំព្រាឪពុកតាំងពីអាយុ៧ឆ្នាំ ដោយសារតែពុលដំឡូងស្លាប់ ហើយម្ដាយរបស់នាងក៏មានជំងឹដុះសាច់ក្នុងខួរក្បាល ដោយទម្រាំអាចធូរស្រាលដូចបច្ចុប្បន្ន គឺនាងត្រូវលក់ផ្ទះអស់មួយកន្លែងព្រោះតែត្រូវឡើងចុះព្យាបាលនៅក្នុងស្រុកផង និងក្រៅស្រុកផង ។ លោកថា នាងជាសិស្សស្លូតបូតគួរឱ្យអាណិត អ៊ីចឹងហើយទើបលោកមិនអាចបណ្ដោយឱ្យនាងប្រឈមនឹងការស្លាប់បានទេ គឺត្រូវតែប្រើយុទ្ធសាស្ត្រអំពាវនាវចុងក្រោយ ដោយគ្រោងផលិតវីដេអូបង្ហាញពីស្នាដៃរបស់នាង និងបំផុសឱ្យកីឡាករក្នុងក្លិបទាំងមូលធ្វើការអំពាវនាវឱ្យបានពេញទំហឹងដើម្បីឱ្យមានការចាប់អារម្មណ៍ជួយសង្គ្រោះដល់ជីវិតនាង ។ លោកថា នាងជាកីឡាការិនីស្វាហាប់ ហើយបើទោះជានាងទើបតែបានហ្វឹកហាត់ក្នុងរយៈពេលខ្លី ប៉ុន្តែនាងមានទេពកោសល្យប្រើក្បាច់គុនបានល្អ ដោយលោកបានហៅសមត្ថភាពរបស់កីឡាការិនីរូបនេះថា ជាធនធានកីឡាការិនីជំនាន់ក្រោយមិនងាយនឹងស្វែងរកនោះផង។
លោកថា ជារឿងសង្វេគណាស់ដែលជំងឺរបស់នាងត្រូវការថ្លៃព្យាបាលរហូតដល់ប្រមាណជា៤ម៉ឺនដុល្លារ ហើយលោកក៏មិនដឹងថានឹងអាចស្វែងរកម្ចាស់ជំនួយមកពីណាអាចជួយនាងបានដែរ ដោយគ្រាន់តែលោកដឹងថា នឹងប្រើឱ្យអស់លទ្ធភាពដើម្បីជួយឱ្យនាងមានការចាប់អារម្មណ៍ជ្រោមជ្រែងពីអ្នកមានលុយប៉ុណ្ណោះនៅក្នុងកាលៈទេសៈដែលស្ថានភាពជំងឺរបស់នាងស្ថិតក្នុងដំណាក់កាលចុងក្រោយទៅហើយ មិនអាចពន្យារពេលទៀតបាន ។ លោកថា ផ្អែកតាមស្ថានភាពនាងត្រូវពេទ្យថៃជំរុញឱ្យវះកាត់ដើម្បីកុំឱ្យស្ថានភាពមានឈាមក្នុងច្រមុះបន្តទៀត ប៉ុន្តែនាងអត់មានលទ្ធភាពទេ ក្នុងពេលដែលផ្ទះដែលនាងជួលរស់នៅ និងបើកជាហាងកាត់សក់ផង ក៏មិនមានដំណើរការតាំងពីនាងឈឺធ្ងន់ ។ លោកគ្រោងទាក់ទងតារាចម្រៀងល្បីណាម្នាក់ ជាពិសេសគឺអ្នកនាងពេជ្រ សោភា ឱ្យចេញមុខជួយស្វែងរកថវិកាដើម្បីជួយនាង ប៉ុន្តែមិនទាន់ដឹងថា តើតារាចម្រៀងរូបនេះនឹងឆ្លើយតបយ៉ាងណានោះទេ ក្នុងពេលដែលស្ថានភាពជំងឺរបស់ពេជ្រ ចរណៃ ក៏ស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ មិនដឹងថាទម្រាំតែបានទទួលចម្លើយជ្រោមជ្រែងពីពេជ្រ សោភា តើអាចទាន់សភាពជំងឺរបស់នាងបាន ឬមិនបាន ។
នៅលើផេករបស់ក្លិបលោកបានបង្ហោះវីដេអូពីសកម្មភាពហ្វឹកហាត់របស់ពេជ្រ ចរណៃ ដោយក្នុងវីដេអូនោះ គឺបានបង្ហាញពីភាពស្វាហាប់ជាច្រើនរបស់នាងនៅក្នុងវិស័យល្បុក្កតោ ដែលធ្វើឱ្យម្នាក់ៗមានការសង្វេគចិត្តយ៉ាងខ្លាំង ជាពិសេសក្នុងពេលដែលស្ថានភាពរបស់នាងត្រូវបានប្រកាសថាស្ថិតក្នុងកម្រិតត្រូវសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យថៃ ហើយអត់មានលទ្ធភាពព្យាបាល ព្រោះតែការផ្សព្វផ្សាយមកទល់ពេលនេះ នៅមិនទាន់មានសប្បុរសជនណាម្នាក់ចេញមុខផ្ដល់កម្រៃដ៏ច្រើនសន្ធឹកសន្ធាប់នោះឱ្យបានវះកាត់ ។ លោកគ្រូវិរៈ ក៏បានប្រកាសថា នឹងធ្វើការអំពាវនាវដល់សម្ដេច និងសប្បុរសជនមួយចំនួនដែលមានលទ្ធភាពជួយដល់នាងផងដែរ ដោយរំពឹងថា សេចក្ដីព្យាយាមរបស់លោក និងកីឡាករល្បុក្កតោទាំងអស់ នឹងទទួលបានជោគជ័យ ៕
ចែករំលែកព័តមាននេះ