រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា តុលាការកំពូល បានបើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ» ដោយនៅវេលាម៉ោង០៧ និង៥០នាទីព្រឹកថ្ងៃទី១៦ វិច្ឆិកា នេះ ឃើញមានមេធាវីចំនួន៥នាក់ តំណាងឱ្យក្រសួងមហាផ្ទៃ បានចូលទៅស្តាប់សវនការ ខណៈខាងមេធាវីរបស់គណបក្សសង្គ្រោះជាតិ ពុំមានវត្តមាននោះទេ ។
នាព្រឹកថ្ងៃទី១៦ វិច្ឆិកា ដដែលនេះ ក៏ឃើញមានអាជ្ញាធររាជធានីភ្នំពេញ បានយករនាំងបិទផ្លូវជាច្រើន មកដាក់ត្រៀមរៀបចំរារាំងសកម្មភាពណាមួយ ដែលអាចកើតឡើងក្នុងគោលបំណងតវ៉ា នៅពេលតុលាការកំពូលបើកសវនាការសម្រេចលើជោគវាសនាចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ ។ ដែលការរនាំងបិទផ្លូវទាំងនេះ បានដាក់ត្រៀមនៅលើដងវិថី ក្បែរតុលាការកំពូល ។
រនាំងដាក់នៅចំណុចមុខសណ្ឋាគារហ៊ីម៉ាវ៉ារី កែងវិថីព្រះស៊ីសុវត្ថិ និងផ្លូវលេខ១៨៤ ក្បែរសួនច្បារនាគបាញ់ទឹកកែងវិថីសម្តេចសុធារស និងវិថីព្រះសុរាម្រិត កែងផ្លូវលេខ១៩ និង២៤០ និងមុខច្រកចូលតុលាការកំពូល ។ ដោយឡែក នៅមុខតុលាការកំពូលមានកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញរួមទាំងរថយន្តសម្រាប់ជនសង្ស័យ កម្លាំងនគរបាលការពារគោលដៅដាក់ពង្រាយជុំវិញតុលាការកំពូលផងដែរ ។
គួររំលឹកថា កាលពីថ្ងៃទី ១៣ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេច ស ខេង ក៏បានបង្គាប់ឲ្យគណៈអភិបាលខេត្តទូទាំងប្រទេស ត្រៀមកម្លាំងប្រចាំបញ្ជា សម្រាប់ទប់ស្កាត់ចលនាបះបោរណាមួយ ដែលរដ្ឋាភិបាលសង្ស័យថា ឧបាយកលក្នុងការចង់ផ្ដួលរំលំរដ្ឋាភិបាល។ បញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យអាជ្ញាធរខេត្ត និងកងកម្លាំងត្រៀមខ្លួន នៅថ្ងៃទី១៥ វិច្ឆិកានេះ ក្នុងការបង្ក្រាបចលនាតវ៉ា និងសកម្មភាពប្រឆាំងផ្សេងៗនៅកន្លែងបះបោរឲ្យទាន់ពេលវេលា ដើម្បីការពារសន្តិសុខ និងសណ្ដាប់ធ្នាប់។ នេះបើតាមលិខិតរបស់រដ្ឋមន្ត្រ៏ក្រសួងមហាផ្ទៃ។
ចែករំលែកព័តមាននេះ